COVID-19
ជាតិ
ការជួបអ្នកជាប់ឃុំ ត្រូវផ្អាក២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ 24, Feb 2021 , 7:29 pm
រូបពី AFP
× លោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា អគ្គនាយកដ្ឋានពន្ធនាគារ សម្រេចផ្អាកមិនឲ្យសាច់ញាតិ រួមទាំងមេធាវីផង ចូលជួបអ្នកជាប់ឃុំក្នុងពន្ធគាររយៈពេល២សប្តាហ៍ ដោយចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក នុត សវនា ថ្លែងថា ការផ្អាកនេះ គឺមិនមែនផ្អាកទាំងស្រុងឡើយ ដោយនៅអនុញាតឲ្យសាច់ញាតិនិងមេធាវី អាចចូលជួបបាន បើមានករណីចាំបាច់ឬបន្ទាន់ខ្លាំង។ លោក បញ្ជាក់ថា៖«បើមានករណីចាំបាច់ [ត្រូវចូលជួបអ្នកជាប់ឃុំ] ដាក់សំណើមកអគ្គនាយកដ្ឋានពន្ធនាគារ ថ្នាក់លើនឹងពិចារណា»។
មន្ត្រីជាន់ខ្ពស់ផ្នែកពន្ធនាគាររូបនេះ បន្តថា ដោយសារការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍លើកនេះ មានការរាលដាលខ្លាំងជាងលើកមុនៗ ដូច្នេះ ការពង្រឹងវិធានការការពារនិងការប្រុងប្រយ័ត្នក្នុងពន្ធនាគារ ក៏ត្រូវតែខ្លាំងដែរ។ លោក បន្ថែមថា ថ្នាក់ដឹកនាំពន្ធនាគារ បានចែកម៉ាស់ឲ្យអ្នកជាប់ឃុំពាក់ និងណែនាំឲ្យពួកគេ លាងដៃនឹងសាប៊ូ។ លោក និយាយ វិធានការសុខាភិបាលភាគច្រើន គឺពួកគេ អាចអនុវត្តបាន ដោយលើកលែងតែការរក្សាគម្លាតប៉ុណ្ណោះ ដែលមិនអាចអនុវត្តបាន ដ្បិតក្នុងពន្ធនាគារ មានភាពចង្អៀតណែន។
ជាមួយគ្នានេះ តុលាការភ្នំពេញ បានប្រកាសផ្អាកបើកសវនាការមួយរយៈ ដោយគិតពីថ្ងៃទី២៤ ខែកុម្ភៈនេះ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ តុលាការភ្នំពេញ នឹងពិចារណាបើកសវនាការឡើងវិញ បើនៅក្រោយថ្ងៃទី១២មីនា ស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។
រដ្ឋាភិបាលនិងក្រសួងសុខាភិបាល ប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នកាន់ខ្លាំង ចំពោការឆ្លងជំងឺកូវីដ-១៩។ រដ្ឋាភិបាល ហៅការឆ្លងជំងឺកូវីដ-១៩ចូលសហគមន៍លើកនេះ ថាជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ មានទីតាំងជិត៥០ហើយ ត្រូវរកឃើញថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយទីតាំងនោះ ត្រូវអាជ្ញាធរ បិទបណ្ណោះអាសន្ន។
រយៈពេល៥-៦ថ្ងៃមកនេះ ដែលកម្ពុជា ចាប់ផ្តើមផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាជ្ញាធររកឃើញមនុស្សដល់ទៅ១៣៧នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕
Tag:
COVID-19
ពន្ធនាគារ
ផ្អាកជួបអ្នកជាប់ឃុំ
នុត សវនា
© រក្សាសិទ្ធិដោយ thmeythmey.com