COVID-19
ជាតិ
សុខភាព
ស្ថាប័ន​ជិត ៤,៧​ម៉ឺន បាន​ចុះឈ្មោះ​អនុវត្ត​QR Code ដើម្បី​គ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩
24, Feb 2021 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថាប័ន​សាធារណៈ និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ​ចំនួន​៤៦,៩៣៨ កន្លែង បាន​ចុះឈ្មោះ​អនុវត្ត​ប្រព័ន្ធ​QR Code ទប់ស្កាត់​កូ​វីដ (Stop Covid) តាមរយៈ​ទូរ​សព្ទ​ដៃ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ល្បឿន​នៃ​ការការពារ និង​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការ​ចូ​ន​ដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​ថ្ងៃទី​២៤​កុម្ភៈ​។​
 
​កម្ពុជា បានដាក់​ឱ្យប្រើ​ប្រាស់​ស្កេ​ន​QR Code ទប់ស្កាត់​កូ​វីដ (Stop Covid) ពីថ្ងៃ​ទី​២០​ខែកុម្ភៈ​មក បន្ទាប់ពី​ការប្រកាស​នូវ​ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ មកដល់ពេលនេះ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ឡើងដល់​១៣៧​នាក់ ខណៈ​គ្រប់ភាគី​ជំនាញ​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ 
 
​ចំនួន​នៃ​ការចុះឈ្មោះ​យ៉ាងច្រើន​ក្នុង​រយៈពេល​ត្រឹម​៤​ថ្ងៃ​មកនេះ​(​ថ្ងៃទី​២០-២៣​កុម្ភៈ​) គឺ​បានបង្ហាញ​ពី​ការគាំទ្រ​និង​ការចូលរួម​របស់​សាធារណជន​ក្នុងការ​ការពារ​សុខភាព​ប្រជាជន​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួង​ប្រៃសណីយ៍ ដោយ​បន្តថា ប្រព័ន្ធ​ស្កេ​ន​QR Code ទប់ស្កាត់​កូ​វីដ​នេះ នឹង​កត់ត្រា​ទីតាំង​របស់​អ្នក​ដែល​បាន​ចូល​ស្កេ​ន​កូដ​QR និង​ងាយស្រួល​ក្នុងការ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ ឬ​រង​ផលប៉ះពាល់​ប្រសិនបើ​ទីតាំង​នោះ​ត្រូវបាន​រកឃើញថា​មាន​ភ្ញៀវ ឬ​អ្នក​ឆ្លង​ជំងឺ​បាន​ឆ្លងកាត់​។​
 
​ក្រសួង​ប្រៃសណីយ៍ ប្រព័ន្ធ​ស្កេ​ន​QR Code ទប់ស្កាត់​កូ​វីដ (Stop Covid) គឺ​មិន​តាមដាន ឬ​ប៉ះពាល់​ដល់​ភាព​ឯកជន​របស់​បុគ្គល​ណាមួយ​ឡើយ​។ គិត​ត្រឹម​ថ្ងៃទី​២៤​កុម្ភៈ កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ សរុប​៦៣៣​ករណី ដោយ​ក្នុងនោះ មាន​៤៧៦​ករណី ជាសះស្បើយ​។ ចំណោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ឡើងដល់​១៣៧​នាក់ ដោយ​ភាគច្រើន​ជា​ជន​ជាតិចិន បន្ទាប់​ខ្មែរ និង​វៀតណាម​៕
 

Tag:
 Stop Covid
© រក្សាសិទ្ធិដោយ thmeythmey.com