ជាតិ
សម្ដេច ហ៊ុន សែន ចង់ឃើញស្ត្រីខ្មែរប្រើប្រាស់កាបូបធ្វើពីកំប្លោក កាន់តែច្រើន
01, Mar 2021 , 11:37 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តឱ្យស្ត្រីខ្មែរទាំងអស់ ប្រើប្រាស់កាបូបធ្វើពីកំប្លោក ដើម្បីលើកកម្ពស់ស្នាដៃកែច្នៃរបស់កូនខ្មែរ។


សំណេរបែបលើកទឹកចិត្តស្ត្រីខ្មែរ ឱ្យប្រើប្រាស់កាបូបធ្វើពីកំប្លោកនេះ បានរំលេចនៅហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដោយភ្ជាប់រូបភាពភរិយាសម្ដេច ជាមួយភរិយាឥស្សជនជាន់ខ្ពស់ផ្សេងទៀត នៅលើទឹកដីខេត្តសៀមរាប យ៉ាងដូច្នេះថា៖«ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែច្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង»។
 
លោកស្រី សូ សម្បត្តិ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោម នៅខេត្តសៀមរាប មានការត្រេកអរនៅពេលឮថា មេដឹកនាំរដ្ឋាភិបាលលើកកម្ពស់ឱ្យស្ត្រីខ្មែរ ប្រើប្រាស់កាបូប និងសម្ភារកែច្នៃពីកំប្លោកបែបនេះ។ លោកស្រី រំពឹងថា របរកែច្នៃពីកំប្លោកនេះ នឹងទីផ្សារខ្ពស់ថែមទៀត ក្រោយពីមានការជំរុញពីការថ្នាក់ដឹកនាំនេះ។
 
បើតាមលោកស្រី សូ សម្បត្តិ បច្ចុប្បន្ននេះ មានលោកជំទាវខ្លះ បានទិញកាបូបកំប្លោកនេះ យកទៅចែកចាយ ឬលក់បន្តផងដែរ។ «ប្រហែល(ជាមានទីផ្សារ)ទៀត ព្រោះមានលោកជំទាវខ្លះ គាត់លក់របស់ប្រ៊ែនៗ(សម្ភារទាន់សម័យ)ណាស់ គាត់លក់របស់កម្ពុជាទៅក្រៅ និងនាំចូលពីក្រៅមកនេះ ដូច្នេះពេលបិទ(ជើងហោះហើរ)អ៊ីចឹងទៅ វាពិបាក គាត់ក៏យកសម្ភារខ្ញុំទៅលក់ឱ្យលោកជំទាវដទៃទៀត»។ នេះជាការបញ្ជាក់របស់លោកស្រី សូ សម្បត្តិ ដែលបានបន្ថែមថា កាបូបកំប្លោករបស់លោកស្រី មានតម្លៃចាប់ពី១៨ដុល្លារឡើងទៅ។
 
បច្ចុប្បន្ននេះ សម្ភារកែច្នៃពីកំប្លោករបស់សិប្បកម្មលោកស្រី សូ សម្បត្តិ មានការធ្លាក់ចុះបន្តិចដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យលោកស្រី មិនអាចផ្គត់ផ្គង់ទៅទីផ្សារក្រៅប្រទេសដូចមុន។ ដ្បិតមិនអាចនាំចេញទីផ្សារខាងក្រៅបាន តែលោកស្រី សម្បត្តិ នៅតែអាចផលិត និងបំពេញតម្រូវការក្នុងស្រុក ពី២ទៅ៣ពាន់សម្ភារច្នៃពីកំប្លោកនេះ សម្រាប់ដោះស្រាយបញ្ហាជីវភាព ថ្លៃបុគ្គលិក និងកម្មករ។ បើតាមលោកស្រី សម្បត្តិ អតិថិជនភាគច្រើនគឺជាជំទាវ និងអ្នកមានទ្រពសម្បត្តិ ដែលកុម្ម៉ង់កាបូបកំប្លោក ពី២០០កាបូបឡើងទៅ ចែកជូនភ្ញៀវតាមពិធីមង្គលការ និងលក់បន្តជាដើម៕
 
 

Tag:
 ហ៊ុន សែន
  កំប្លោក
© រក្សាសិទ្ធិដោយ thmeythmey.com