COVID-19
ជាតិ
អ្នករត់ផាសអាប់ម្នាក់ ទៅពិធីឡើងផ្ទះនៅឃុំជប់ ក្រោយមកក្រសួងរកឃើញថា ផ្ទុកកូវីដ
01, Mar 2021 , 12:55 pm        
រូបភាព
លោក ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលត្បូងឃ្មុំ
លោក ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលត្បូងឃ្មុំ
ដោយ៖ ស៊ុល រ៉វី

មានបុរសជាអ្នករត់ផាសអាប់ (Pass App) ម្នាក់ បានចូលរួមពិធីឡើងគេហដ្ឋាន ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ លុះក្រោយមក គឺថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋបាលខេត្តត្បូងឃ្មុំ បានទទួលដំណឹងពីក្រសួងសុខាភិបាលថា បុរសជាអ្នករត់ផាសអាប់នោះ មានវិជ្ជមានជំងឺកូវីដ-១៩។


លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនទាន់ដឹងព័ត៌មានលម្អិតជាងនេះឡើយថា មុនទៅចូលរួមកម្មវិធីឡើងគេហដ្ឋាន (មុនថ្ងៃ១៨កុម្ភៈ) អ្នករត់ផាស់អាប់នោះ បានធ្វើតេស្តរកជំងឺកូវីដ- ១៩ ហើយឬនៅ ឬមួយក៏ទើបតែធ្វើតេស្ត នៅក្រោយបានទៅចូលរួមកម្មវិធីគេហដ្ឋានរួច (ក្រោយថ្ងៃ១៨កុម្ភៈ)។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ព័ត៌មានដែលអាជ្ញាធរ ទទួលបានពីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ គឺអ្នករត់ផាស់អាប់នោះ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយគាត់ធ្លាប់បានទៅចូលរួមកម្មវិធីឡើងគេហដ្ឋាន ក្នុងឃុំជប់ នៅថ្ងៃទី១៨ ខែកុម្ភៈ។

លោកអភិបាលខេត្ត អះអាងថា ជាព័ត៌មានបឋម មកដល់ពេលនេះ អាជ្ញាធរ បានយកសំណាករបស់មនុស្ស១៨នាក់ ដែលអង្គុយតុជាមួយអ្នករត់ផាស់អាប់ ក្នុងកម្មវិធីឡើងគេហដ្ឋាន ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ខណៈកូន២នាក់របស់អ្នករត់ផាសអាប់នោះ ដាក់ឲ្យធ្វើចត្តាឡីស័ក។ លោក បន្តថា ក្រៅពីនេះ អាជ្ញាធរ នៅបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានទៅចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋាននោះ។

បើតាមលោកអភិបាលខេត្ត អ្នកដែលទៅចូលរួមកម្មវិធីឡើងគេហដ្ឋាននោះ មានជិត២០០នាក់។ លោក បញ្ជាក់ថា៖«យើងមាន List [បញ្ជីឈ្មោះអ្នកចូលរួមពិធីឡើងគេហដ្ឋាន] ក្នុងដៃហើយ ស្រួលរកទេ»។

រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មានអំពីរឿងនេះ។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា អ្នករត់ផាសអាប់នោះ រស់នៅក្នុងភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានដដែល មន្រ្តីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានចុះទៅស្រាវជ្រាវនិងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋាននោះ ដើម្បីយកពួកគេទៅតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ តាមរយៈសេចក្តីជូនដំណឹង រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យគ្រប់អ្នកដែលចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋាននោះ ផ្តល់សំណាកដល់អាជ្ញាធរយកទៅធ្វើតេស្តរកវីរុសកូវីដ-១៩។

ថ្មីៗនេះ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ គឺមានបុរសម្នាក់ បានទៅចូលរួមពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកុម្ភៈ ហើយក្រោយមក នៅថ្ងៃទី២៦ ខែកុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មានពីក្រសួងសុខាភិបាលថា បុរសនោះ មានវិជ្ជមានកូវីដ-១៩។ អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះប្រតិបត្តិការជាបន្ទាន់ រកអ្នកដែលបានចូលរួមក្នុងពិធីមង្គលការនោះ យកទៅធ្វើតេស្ត៕

© រក្សាសិទ្ធិដោយ thmeythmey.com