COVID-19
ជាតិ
វ៉ាក់សាំង​ជាង​៣០​ម៉ឺន​ដូ​ស​របស់​​ឥណ្ឌា បាន​មកដល់​កម្ពុជា​ហើយ​
02, Mar 2021 , 8:16 pm        
រូបភាព
ភ្នំពេញ​៖ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣២៤,០០០​ដូ​ស របស់​ក្រុមហ៊ុន​អា​ស្ត្រា​ហ្ស៊ី​ណិ​កា (AstraZeneca) ដែល​ទទួលបាន​អាជ្ញា​បណ្ណ ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ុ​ម (Serum Institute) នៃ​ប្រទេស​ឥណ្ឌា បាន​ដឹក​មកដល់​កម្ពុជា នា​យប់​ថ្ងៃទី​២​មីនា ឆ្នាំ​២០២១​។ នេះ​ជា​វ៉ាក់សាំង​ជំនួយ​លើកដំបូង ដែល​កម្ពុជា​បាន​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)​។
 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​អា​ស្ត្រា​ហ្ស៊ី​ណិ​កា​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយផ្ទាល់ ដោយមាន​វត្តមាន លោកស្រី​វេជ្ជបណ្ឌិត Li Aian តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ​​លោកស្រី ​Foroogh Foyouzat ប្រធាន​​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​​ និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផងដែរ​។ 
 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម របស់​ក្រសួងសុខាភិបាល​កម្ពុជា អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ កម្ពុជា គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដំបូង​គេ នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​ទទួលបាន​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​។ កូ​វ៉ា​ក់ ត្រូវបាន​ដឹកនាំ​ដោយ អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ GAVI និង អង្គការ CEPI ដោយមាន​អង្គការ​យូ​នី​សេ​ហ្វ​ជា​ដៃគូ​។​
 
​វ៉ាក់សាំង​អា​ស្ត្រា​ហ្ស៊ី​ណិ​កា​នេះ  មាន​ប្រសិទ្ធភាព ៦៣,០៩​ភាគរយ ក្នុងការ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ខណៈ​បច្ចុប្បន្ន កម្ពុជា កំពុងដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន ជូន​ក្រុមមនុស្ស​អាទិភាព បាន​មួយចំនួន​ហើយ​។ 
 
​កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន​ជា​លើកដំបូង ចំនួន​៦០​ម៉ឺន​ដូ​ស កាលពី​ថ្ងៃទី​៧​កុម្ភៈ ហើយ​វ៉ាក់សាំង​នេះ មាន​ប្រសិទ្ធភាព ៧៩,៨៣​ភាគរយ ដែល​អាច​ចាក់​បាន​លើ​មនុស្ស មាន​ចាប់ពី​១៨​ឆ្នាំ ដល់​៥៩​ឆ្នាំ​។ ក្នុង​ចន្លោះ​វ័យ​នេះ អ្នក​ដែលមាន​សុខភាព​ខ្សោយ ឬ​មាន​ជំងឺ​ផ្សេងៗ ក៏​មិនអាច​ចាក់​បានដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com