អន្តរជាតិ
សង្ខេប​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​សប្តាហ៍​
07, Mar 2021 , 9:59 pm        
រូបភាព
​មួយ​សប្តាហ៍​កន្លងផុត ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​បានកើត​ឡើង​។ បាតុកម្ម​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​មួយ​ប្រចាំ​សប្តាហ៍ ស្របពេល​ចិន​បើក​សម័យប្រជុំ​លើក​ទី​៤ នៃ​សភា​ប្រជាជន​ចិន​នីតិកាល​ទី​១៣​។ ទន្ទឹមនេះ វា​ក៏មាន​ព្រឹត្តិការណ៍​ផ្សេងទៀត​ផងដែរ ដែល​បាន​កើតឡើង​នៅ​បារាំង កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​ផ្សេងទៀត​។ ខាងក្រោម​នេះ គឺជា​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​បានកើត​នៅក្នុង​សប្តាហ៍​នេះ​។​
 
​ថ្ងៃទី​១ ខែមីនា​
 
  • លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅក្នុង​សវនាការ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ ក្នុង​សវនាការ​នេះ តុលាការ បាន​ចោទ​លោកស្រី​ស៊ូ​ជី ពីរ​ករណី​បន្ថែមទៀត ដែល​មានចែង​នៅក្នុង​ច្បាប់ព្រហ្មទណ្ឌ និង​ច្បាប់​ទូរគមនាគមន៍​។ 
  • ​ផ្សារ​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​សមុទ្រ​សាគរ ដែលជា​ចំណុចកណ្ដាល​នៃ​ការផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ថៃ បាន​បើក​ឱ្យ​ដំណើការ​វិញ  ប៉ុន្តែ​វិធានការ​ការពារ ត្រូវអនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជា​ជាថ្មី​។ 
  • ​អតីត​ប្រធានាធិបតី​បារាំង នី​កូ​ឡាស់ សា​កូ​ហ្ស៊ី ត្រូវបាន​តុលាការ​រកឃើញថា​មាន​កំហុស​ពាក់ព័ន្ធ​អំពើពុករលួយ និង​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​។​
 
​ថ្ងៃទី​២ ខែមីនា 
 
  • ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ ជជែក​ពី​បញ្ហា​មី​យ៉ាន់​ម៉ា ប៉ុន្តែ​កិច្ចប្រជុំ​នេះ មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បានទេ ដោយ​ប្រទេស​សមាជិក​ចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ។ 
  • ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) បាន​ប្តឹង​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman ទៅ​ការិយាល័យ​រដ្ឋអាជ្ញា​អាល្លឺម៉ង់​លើ​ករណី​ឃាតកម្ម​អ្នកកាសែត Jamal Kashoggi កាលពី​ឆ្នាំ​២០១៨ ។ 
 
​ថ្ងៃទី​៣ ខែមីនា 
 
  • ​រដ្ឋមន្ត្រីការបរទេស​អាមេរិក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន បានចាត់ទុក​ចិន ជា​វិញ្ញាសា​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត​របស់​អាមេរិក​ក្នុង​សតវត្សរ៍​ទី​២១​។ បើតាម​លោក ប្ល៊ី​ង​ខិ​ន ចិន​ជា​ប្រជាជាតិ​អាស៊ី​តែមួយគត់​ដែលមាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​បំផ្លាញ​សណ្តាប់ធ្នាប់​ពិភពលោក​។ 
  • បាតុករមី​យ៉ាន់​ម៉ា យ៉ាងហោចណាស់​ចំនួន ៣៨​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ការតវ៉ា​ស្ទើរតែ​ទូទាំងប្រទេស​។ នេះ​ជា​ចំនួន​អ្នកស្លាប់​ច្រើន​បំផុត​ក្នុង​មួយថ្ងៃ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​មក​។ 
 
​ថ្ងៃទី​៤ ខែមីនា 
 
  • ហុងកុង ដែលជា​ដែនដី​ឈរ​នៅ​កំពូល​តារាង​នៃ​សេរីភាព​សេដ្ឋកិច្ច​រយៈពេល​ជាច្រើន​ឆ្នាំ ត្រូវបាន​ក្រុម​អ្នកជំនាញ​The Heritage Foundation ដក​ចេញពី​បញ្ជី​ក្នុង​ឆ្នាំ​២០២១​។ ការសម្រេច​ដក​ហុងកុង​ចេញពី​បញ្ជី​សេរីភាព​សេដ្ឋកិច្ច ដោយសារ​ហុងកុង​បាត់បង់​សេរីភាព​នយោបាយ និង​ស្វ័យភាព​។ 
  • ​ក្រសួងពាណិជ្ជកម្ម​អាមេរិក ប្រកាស​រឹតត្បិត​ការរកស៊ី​ជាមួយ​ក្រសួងការពារជាតិ និង​មហាផ្ទៃ​មី​យ៉ាន់​ម៉ា ពិសេស​ជំនួញ​អាវុធ ហើយ ក្រុមហ៊ុន​អាមេរិក ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យរ​ក​ស៊ី​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ាន់​ម៉ា​។​
 
​ថ្ងៃទី​៥ ខែមីនា​
 
  • សភា​ប្រជាជន​ចិន បើក​សម័យប្រជុំ​លើក​ទី​៤ នៃ​សភា​ប្រជាជន​ចិន​នីតិកាល​ទី​១៣ ប្រចាំឆ្នាំ​២០២១ នៅ​មហា​វិមាន​ប្រជាជន​ចិន ក្នុង​ក្រុង​ប៉េកាំង​។ សំណើ​ច្បាប់​ជាច្រើន​ត្រូវ​លើក​យកមក​ពិភាក្សា និង​អនុម័ត ក្នុងនោះ​មាន​គោលនយោបាយ​សេដ្ឋកិច្ច  សេចក្ដីស្នើ​លើ​ការកែទម្រង់​ការបោះឆ្នោត​នៅ​ហុងកុង និង​សេចក្តីព្រាង​របាយការណ៍​ហិរញ្ញវត្ថុ​លើ​វិស័យ​ការពារជាតិ​ជាដើម​។ 
 
​ថ្ងៃទី​៦ ខែមីនា​
 
  • ​កាសែត​រដ្ឋ​មី​យ៉ាន់​ម៉ា​The Global New Light of Myanmar ចេញផ្សាយ​ថា រដ្ឋាភិបាលយោធា​ចេញ​សេចក្តីថ្លែងការណ៍ ចាត់ទុក​គណៈកម្មាធិកា​រ​តំណាង​សភា​សហភាព​មី​យ៉ាន់​ម៉ា (CRPH) ថា​ខុសច្បាប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com