អន្តរជាតិ
សហជីព​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​មី​យ៉ាន់​ម៉ា អំពាវនាវ​ឱ្យ​សមាជិក​ផ្អាក​រកស៊ី ដើម្បី​ចូលរួម​បាតុកម្ម​
08, Mar 2021 , 11:57 am        
រូបភាព
​សហជីព​ពាណិជ្ជកម្ម​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​ឱ្យ​សមាជិក​របស់ខ្លួន បិទ​ក្រុមហ៊ុន អាជីវកម្ម​ចាប់ពី​ថ្ងៃទី​៨ ខែមីនា​តទៅ ដើម្បី​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ​។ ការជំរុញ​របស់​សហ​ជីព​ពាណិជ្ជកម្ម​មី​យ៉ាន់​ម៉ា​នេះ ធ្វើឡើង​ស្របពេល​រដ្ឋាភិបាលយោធា ចាត់វិធានការ​កាន់តែ​ខ្លាំង​ក្នុងការ​បង្ក្រាប​បាតុកម្ម និង​ចាប់ខ្លួន​បាតុករ​។
 
​រយៈពេល​ជាង ១​ខែ​ហើយ ប្រជាជន​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ចេញមក​បាតុកម្ម​ប្រឆាំងនឹង​របប​សឹក ទោះ​មានការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ពី​សំណាក់​ក្រុមប៉ូលិស​ជាច្រើនលើក​ដែល​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ក៏ដោយ​។ ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​យោធា​បន្ថែមទៀត សហជីព​ពាណិជ្ជកម្ម​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​សមាជិក​របស់ខ្លួន ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​យោធា​។​
 
«​ការបន្ត​សកម្មភាព​ជំនួញ និង​សេដ្ឋកិច្ច​ដូច​ធម្មតា​...​វា​នឹង​ផ្តល់​ផលប្រយោជន៍​ឱ្យតែ​ក្រុម​យោធា​ប៉ុណ្ណោះ​»​។ នេះ​ជាការ​ប្រកាស​របស់​សម្ព័ន្ធ​សហជីព​ចំនួន​៩ ក្នុង​សេចក្តីថ្លែងការណ៍​រួម​ចេញ​នៅ​យប់​ថ្ងៃទី​៧ ខែមីនា ដោយ​អះអាងថា ផលប្រយោជន៍​នៃ​អាជីវកម្ម​ទាំងនោះ នឹង​ជួយ​ក្រុម​យោធា បង្ក្រាប​លើ​ប្រជាជន​បន្ថែមទៀត​។ បើតាម​សហជីព​ពាណិជ្ជកម្ម វា គឺ​ដល់ពេល​ហើយ ដែល​ត្រូវ​ចាត់វិធានការ​ការពារ​លទ្ធិប្រជាធិបតេយ្យ​រប​ស់មី​យ៉ាន់​ម៉ា ក្នុងពេល​បច្ចុប្បន្ន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សេចក្តីថ្លែងការណ៍​រួម​ខាងលើ ក៏បាន​បញ្ជាក់​ផងដែរ​ថា កូដកម្ម​នេះ នឹងចូលរួម​រហូតដល់​ប្រជាជន​មី​យ៉ាន់​ម៉ា អាច​ទាមទារ​លទ្ធិប្រជាធិបតេយ្យ បាន​ត្រលប់​មកវិញ​ពី​របប​សឹក​។ កន្លងទៅ​គ្មាន​ការអំពាវនាវ​ក៏ដោយ ម្ចាស់​ក្រុមហ៊ុន កន្លែង​រកស៊ី និង​អាជីវកម្ម​មួយចំនួន បាន​បិទ​កន្លែង​របស់ខ្លួន​ទៅ​ចូលរួម​បាតុកម្ម ដែល​នៅ​ស្ទើ​តែ​ទូទាំងប្រទេស​។ ក្រៅពី​ម្ចាស់​អាជីវកម្ម កម្មករ បុគ្គលិក​របស់​ក្រុមហ៊ុន ធនាគារ​ជាច្រើន​រយ​នាក់ រួមទាំង​ក្រុមគ្រូពេទ្យ និង​កម្មករ​ជាដើម​ក៏បាន​ចេញទៅ​តវ៉ា​ផងដែរ​។​
 
​ការអំពាវនាវ​ខាងលើ ធ្វើឡើង​រដ្ឋាភិបាលយោធា បាន​បង្កើន​ចំណាត់ការ​របស់ខ្លួន​យ៉ាងខ្លាំង​បង្ក្រាប​លើ​បាតុកម្ម​ស្ទើរតែ​ទូទាំងប្រទេស​។ ក្នុង​ថ្ងៃទី​៧ ខែមីនា ប៉ូលិស នៅតែ​បន្ត​បង្ក្រាប​លើ​បាតុករ​មី​យ៉ាន់​ម៉ា តាមរយៈ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់បែក​ធ្វើឱ្យ​ស្រងល់ និង​គ្រាប់កាំភ្លើង​ជ័រ​ជាដើម​។ បាតុករ​យ៉ាងហោចណាស់ ១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំងប្រទេស​។ បើ​គិត​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​មក មនុស្ស​ចំនួន ១៧០០​នាក់ ត្រូវបាន​ចាប់ខ្លួន​។ របប​យោធា អះអាងថា កម្លាំង​ប៉ូលិស បំបែក​ក្រុមបាតុករ ដោយ​ផ្អែក​ទៅតាម​ច្បាប់​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំងនោះ បាន​បាតុកម្ម​បិទផ្លូវ​។ 
 
​ទន្ទឹមនេះ សហគមន៍​អន្តរជាតិ នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​របប​សឹក​។ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Marise Payne បានប្រកាសថា អូស្ត្រាលី នឹង​បង្វែរ ជំនួយ​មនុស្សធម៌ និង​ជំនួយ​ផ្សេងៗ ពី​រដ្ឋាភិបាល ទៅ​អង្គការក្រៅរដ្ឋាភិបាល​ជំនួស​វិញ​។ លើសពីនេះ អូស្ត្រាលី នឹង​កម្រិត​កម្មវិធី​សហប្រតិបត្តិ​ការការពា​រ​ជាតិ​ទ្វេភាគី និង​រឹតត្បិត​លើ​វិស័យ​មិន​ប្រយុទ្ធ​មួយចំនួន ដូចជា​ការហ្វឹកហាត់​ភាសា​អង់គ្លេស​ជាដើម​។ 
 
​ដោយឡែក​ចិន​វិញ នៅតែ​បន្ត​ជំហរ​របស់ខ្លួន​ដដែល​មកលើ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកតំណាង​អចិន្ត្រៃយ៍​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក​Zhang Jun បាន​លើកឡើងថា សហគមន៍​អន្តរជាតិ គួរតែ​ផ្តល់​លក្ខណៈ​អំណោយផល​ដល់​ភាគី​ទាំងអស់ ក្នុងការ​ដោះស្រាយ​បញ្ហា និង​បង្ការ​មិនឱ្យ​ស្ថានភាព​មី​យ៉ាន់​ម៉ា​កាន់តែ​ស្មុគស្មាញ​។ បើតាម​ប្រេសិត​ចិន​រូបនេះ ភាគី​ពាក់ព័ន្ធ​នៅ​មី​យ៉ាន់​ម៉ា​គួរតែ​ប្រកាន់យក​ការទទួលខុសត្រូវ និង​រក្សា​ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អូស្ត្រាលី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com