COVID-19
ជាតិ
អ្នកបើកតាក់ស៊ីដឹកស្រ្តីចិនចេញពីព្រះសីហនុ ត្រូវឃាត់ខ្លួន និងប្រឈមការពិន័យពី១០លានរៀល ដល់៥០លានរៀល
10, Mar 2021 , 6:20 pm        
រូបភាព
អ្នកបើកតាក់ស៊ី (ស្លៀកខោជើងខ្លី) ដែលដឹកស្រ្តីជនជាតិចិនចេញពីខេត្តព្រះសីហនុ ត្រូវឃាត់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។ (រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)
អ្នកបើកតាក់ស៊ី (ស្លៀកខោជើងខ្លី) ដែលដឹកស្រ្តីជនជាតិចិនចេញពីខេត្តព្រះសីហនុ ត្រូវឃាត់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។ (រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)
ដោយ:
ភ្នំពេញ៖ អ្នកបើករថយន្តតាក់ស៊ី ដែលបានដឹកស្រ្តីជនជាតិចិន ចេញពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ មីនា ត្រូវឃាត់ខ្លួនហើយ និងត្រូវកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកស្រ្តីជនជាតិចិននោះ ក្រោយធ្វើចត្តាឡីស័ករួច នឹងត្រូវបណ្ដេញចេញ និងលែងឲ្យចូលកម្ពុជាជារៀងរហូត។


101333

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១០មីនានេះថា អ្នកបើករថយន្តតាក់ស៊ីម៉ាក Highlander ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ ចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

អ្នកបើករថយន្តតាក់ស៊ី សារភាពប្រាប់អាជ្ញាធរថា កាលពីម៉ោង១០យប់ ថ្ងៃទី៨ ខែមីនា ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ក្នុងគោលដៅទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣រយដុល្លា។ បន្ទាប់មក អ្នកបើកបរនោះ បានបញ្ឈប់រថយន្តនៅចំណុចគីឡូម៉ែត្រ១៥១-១៥២  ហើយឲ្យស្ត្រីជនជាតិចិននោះឡើងជិះឡានដឹកទំនិញមួយទៀត ដើម្បីគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចនៅព្រំប្រទល់ស្រុកកំពង់សីលា (ខេត្តព្រះសីហនុ) និងស្រុកភ្នំស្រួច (ខេត្តកំពង់ស្ពឺ) ដោយបានសន្យាឲ្យប្រាក់ខ្លះ ទៅអ្នកបើករថយន្តដឹកទំនិញ។ អ្នកបើកតាក់ស៊ីនោះ បានបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិន នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។

អ្នកបើកតាក់ស៊ីនោះ រៀបរាប់ទៀតថា ដោយរង់ចាំយូរពេក ខ្លួនបានទាក់ទងទៅខាងរថយន្តដឹកទំនិញ ហើយទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ។ អ្នកបើកតាក់ស៊ីនោះ បន្តថា ដោយមានការភិតភ័យ ខ្លួន ក៏បានបើករថយន្តចោលស្ត្រីជនជាតិចិន ឆ្ពោះទៅរាជធានីភ្នំពេញតែម្តង។ រហូតមកដល់ថ្ងៃទី៩ មីនា អ្នកបើកតាក់ស៊ីនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

រដ្ឋបាលខេត្តព្រះសីហនុ សង្កត់ធ្ងន់លើទំព័រហ្វេសប៊ុកថា៖«ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ»។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអះអាងដែរថា អ្នកបើករថយន្តដឹកទំនិញ និងអ្នកបើករថយន្តឈ្នួល នឹងត្រូវពិន័យប្រាក់ពី១០លានរៀល ទៅ ៥០លានរៀល តាមអនុក្រឹត្យលេខ២៧ អនក្រ.កប។

ដោយឡែកចំពោះស្រ្តីចិននេះបច្ចុប្បន្នកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក [រយៈពេល១៤ថ្ងៃ] រួចរាល់ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឲ្យត្រឡប់មកវិញជារៀងរហូត។ បើតាមរដ្ឋបាលខេត្តព្រះសីហនុដដែល។

នៅថ្ងៃទី៤ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសឲ្យប្រជាជន ផ្អាកចេញទៅរាជធានីឬខេត្តដទៃមួយរយៈសិន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕ 

Tag:
 COVID-19
  អ្នកបើកតាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com