ពីនេះ ពីនោះ
តើក្តីស្រមៃ និងចំណង់ ចង់ក្លាយជាសហគ្រិនជាកំហុសដែរឬទេ?
11, Mar 2021 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ នៅតែបារម្ភរឿងកូវីដដដែល។ ប៉ុន្តែ ក្លើទាំងពីរហាក់បីដូចជាងាកចេញពីប្រធានបទកូវីដបន្តិច ហើយចាប់ផ្តើមជជែកគ្នារឿងជំនួញម្តង បើទោះបីពេលវេលានេះ ជំនួញកំពុងតែដួលបះជើងក៏ដោយក្តី។ តើក្តីស្រមៃ និងចំណង់ចង់ក្លាយជាសហគ្រិនជាកំហុសដែរឬទេ?
  
សុធីរ៖ អា សំណាង! អញឃើញក្មេងៗឥឡូវចង់ធ្វើថៅកែគ្រប់ៗគ្នា។ អត់ដឹងថា ធ្វើជំនួញហ្នឹងពិបាកទេឬ? ហើយអ្នកឡុងចុងក៏មានចំនួនច្រើនដែរ។  
 
សំណាង៖ អ្ហែងនិយាយហ្នឹងដូចជាចង់បន្ទច់បង្អាក់ក្តីស្រមៃ និងចំណង់របស់គេពេកហើយ។ 
 
សុធីរ៖ អញមិនចង់បន្ទច់បង្អាក់អីទេ។ អញគ្រាន់តែចង់ប្រាប់ថា ធ្វើថៅកែមិនងាយទេ។ ធ្វើការច្រើនម៉ោងជាងបុគ្គលិកឆ្ងាយណាស់ គិតច្រើនជាងបុគ្គលិកឆ្ងាយណាស់។ រឿងរ៉ាវ១០០ជំពូកកើតឡើងណ៎ា!។ អញស្គាល់មនុស្សម្នាក់ គាត់បាននិយាយប្រាប់អញថា បើដឹងតែរកស៊ីខ្លួនឯងពិបាកយ៉ាងនេះ គាត់មិនឈប់ធ្វើការពីកន្លែងចាស់ទេ។ ធ្វើការឲ្យគេ ធ្វើតែមួយមុខ ដល់តែធ្វើការខ្លួនឯង ធ្វើ១០០មុខ។ គាត់ប្រាប់អញថា គាត់ខកចិត្តដោយសម្រេចចិត្តខុស។ កន្លែងចាស់គាត់បានប្រាក់ខែច្រើនគួរសមដែរ ដល់តែបើករបរខ្លួនឯង ប្រាក់ខែខ្លួនឯងក៏អត់ ហើយថែមទាំងយកលុយផ្ទះទៅបើកឲ្យបុគ្គលិកបន្ថែមទៀត។ 

សំណាង៖ អារឿងហ្នឹងវាអ៊ីចឹងហើយ។ តែមនុស្សយើងកើតមកតែងតែមានក្តីស្រមៃក្នុងចិត្តចង់ធ្វើនេះ ឬនោះអ៊ីចឹងហើយ។ 

សុធីរ៖ ហេតុអ្វីបានជាគេមានក្តីស្រមៃ ឬចំណង់ចង់ធ្វើជាថៅកែ ឬសហគ្រិន? 

សំណាង៖ ព្រោះ គេគិតថា ពួកគេអាចបញ្ចេញគំនិតដោយខ្លួនគេបាន ហើយបើជំនួញជោគជ័យ គេអាចចំណេញបានច្រើនជាងប្រាក់ខែ។ បើជំនួញជោគជ័យ គេអាចមានសេរីភាព និងឯករាជ្យខាងហិរញ្ញវត្ថុ។ គេមិនធ្វើការក្រោមសម្ពាធនរណាម្នាក់។ បើជំនួញជោគជ័យ គេអាចបន្សល់កេរជំនួញនោះ ទុកឲ្យកូនចៅជំនាន់ក្រោយ ឬគេមានកិត្តិយស។ល។  

សុធីរ៖ អាហ្នឹងបើជោគជ័យ។ ចុះបើជំនួញមិនជោគជ័យវិញ? 

សំណាង៖ បើមិនជោគជ័យវាជារឿងផ្សេង ហើយទោះជាយ៉ាងណា គេក៏បានបទពិសោធន៍ក្នុងជីវិតដែរ។ 

សុធីរ៖ តើអ្នកបើកជំនួញប៉ុន្មានភាគរយដែលជោគជ័យ? 

សំណាង៖ អញលឺគេថា អ្នកជោគជ័យមានចំនួនក្រោម២០ភាគរយទេ។ ៨០ភាគរយទៀតឡុងចុងហើយ។ តែទោះជាយ៉ាងនេះក្តី យើងមិនត្រូវហាមឃាត់ ឬនិយាយបង្អាក់ចំណង់ ឬក្តីស្រមៃរបស់មនុស្សឡើយ ជាពិសេសយុវជន។ ចំណង់ និងក្តីស្រមៃ នាំឲ្យបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។ 

សុធីរ៖ តែបើយើងមិននិយាយខ្លះ ហើយបណ្តោយពួកគេ(យុវជន+យុវចាស់ខ្លះ)ខ្លាំងពេក យើងដូចជារុញពួកគេឲ្យចូលឡានអ៊ីចឹង។ អាហ្នឹងយ៉ាងម៉េចទៅវិញ? 

សំណាង៖ អាហ្នឹងក៏ជាបទពិសោធន៍ជីវិតដែរ អា សុធីរ!។ អញលឺគេនិយាយតៗគ្នាថា បើមិនប្រថុយ ក៏មិនជោគជ័យដែរ។ បើតាមយោបល់អញ គួរទុកឲ្យបុគ្គលម្នាក់ៗបង្កើតក្តីស្រមៃ និងបំពេញចំណង់ពួកគេទៅចុះ ចូរកុំបន្ទច់បង្អាក់គេឲ្យសោះ!៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com