រថយន្ត
អន្តរជាតិ
ផលិតកម្មរថយន្តអគ្គិសនីនៅថៃ ឥណ្ឌូណេស៊ី និងវៀតណាម ទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនធំៗ
15, Mar 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
អាស៊ីអាគ្នេយ៍កំពុងព្យាយាមស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយសារកូវីដ-១៩ ដោយបណ្តាប្រទេសមួយចំនួនក៏ចាត់ទុកឧស្សាហកម្មរថយន្តអគ្គិសនី ក៏ដូចជាអាគុយ ជាកន្សោមអាទិភាពផងដែរ។ ក្រុមហ៊ុនវិនិយោគបរទេសធំៗ ក៏កំពុងសំឡឹងឃើញសក្តានុពលផលិតកម្មនៅថៃ ឥណ្ឌូណេស៊ី និងវៀតណាម។ នេះបើតាមការផ្សាយរបស់ Asean Today។
 
ក្រុមហ៊ុនផលិតយានយន្តពីចិន និងអាមេរិក បានឈានជើងចូលរួចហើយនៅក្នុងទីផ្សារ ក៏ដូចជាការវិនិយោគនៅឥណ្ឌូណេស៊ី ថៃ និងប្រទេសផ្សេងទៀត។ បច្ចុប្បន្ន រដ្ឋាភិបាល រួមទាំងក្រុមហ៊ុនក្នុងស្រុករបស់ថៃ និងវៀតណាម បានបង្ហាញពីផែនការរបស់ខ្លួនលើការផលិតរថយន្តអគ្គិសនី។
 
បើទោះបីជាវិបត្តិកូវីដ-១៩ នៅតែអូសបន្លាយក៏ដោយ ប៉ុន្តែដំណើរការវិនិយោគនៅតែបន្តមាន។ នៅឥណ្ឌូណេស៊ី ឧស្សាហកម្មរថយន្តអគ្គិសនី និងអាគុយ មានប្រភពដ៏សំខាន់ពីការវិនិយោគបរទេសដែលត្រូវបានរាយការណ៍ថា មាន៧០ភាគរយនៅឆ្នាំ២០២០។
 
កាលពីខែធ្នូ ឥណ្ឌូណេស៊ី ក៏បានចុះកិច្ចសន្យាវិនិយោគ ៩.៨ពាន់លានដុល្លារអាមេរិកជាមួយក្រុមហ៊ុន LG Group របស់កូរ៉េខាងត្បូងលើការផលិតអាគុយ Lithium សម្រាប់យានយន្ត។ ឥណ្ឌូណេស៊ីក៏មានកិច្ចសន្យាដូចគ្នាជាមួយក្រុមហ៊ុនចិន CATL ដើម្បីជំរុញគោលដៅឲ្យក្រុងហ្សាការតា ដំណើរការរថយន្តក្រុងអគ្គិសនីចាប់ពីឆ្នាំ២០២៧។
 
នៅថៃ ក្រុមហ៊ុននីសាន់ ចង់ឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលសម្រាប់ការផលិតយានយន្តអគ្គិសនី។ ក្រុមហ៊ុនជប៉ុនក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាដែលអាចឲ្យរថយន្តអគ្គិសនីដំណើរការបាន ដោយមិនចាំបាច់មានស្ថានីយសាកចរន្តនោះឡើយ។
 
ថៃរំពឹងផងដែរថា អាចផ្លាស់ប្តូរផលិតកម្មរថយន្តប្រមាណ៣០ភាគរយ ឬក្នុងរង្វង់៧៥០ ០០០គ្រឿងទៅជាប្រភេទរថយន្តអគ្គិសនី ខណៈបច្ចុប្បន្ន រថយន្តអគ្គិសនីនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានត្រឹមតែជាង២០០០គ្រឿងប៉ុណ្ណោះនៅឆ្នាំ២០២០។
 
នៅវៀតណាម ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋី Pham Nhat Vuong បានបញ្ជាក់ថា VinFast ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួនមានគម្រោងនាំចេញរថយន្តអគ្គិសនីនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺរថយន្តប្រភេទម៉ូដែលកីឡា (SUV) ទៅកាន់អាមេរិកខាងជើង និងអឺរ៉ុប។
 
VinFast ចាប់ផ្តើមផលិតរថយន្តអគ្គិសនីតាំងពីឆ្នាំ២០១៩ ប៉ុន្តែពិបាករកទីផ្សារនៅក្នុងប្រទេស ដោយសារតែស្ថានីយសាកចរន្តមានចំនួនតិចតួចនៅឡើយ។ ក្រុមហ៊ុនបានសម្រេចងាកទៅរកទីផ្សារអន្តរជាតិដែលមានលក្ខណៈទូលំទូលាយជាងនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com