ជាតិ
សង្គមជាតិ
ទោះរងការសើចចំអក រដ្ឋបាលខេត្តតាកែវ នៅតែពិនិត្យលទ្ធភាពសង់រូបពងទាកូននិងបង្កង
16, Mar 2021 , 6:20 pm        
រូបភាព
រូបសំណាកពងទាកូននិងរូបសំណាកពងទាកូននិងរូបសំណាកបង្កង ដែលរដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវ
រូបសំណាកពងទាកូននិងរូបសំណាកពងទាកូននិងរូបសំណាកបង្កង ដែលរដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវ
ដោយ៖ ស៊ុល រ៉វី

អ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាសើចចំអក ក្រោយឃើញ រដ្ឋបាលខេត្តតាកែវ បញ្ចេញគម្រោងចង់សាងសង់រូបសំណាកពងទាកូននិងរូបសំណាកបង្កង ដើម្បីបង្ហាញពីសក្តានុពលនៃខេត្តនេះ ថា មានពងទាកូនិងបង្កងឆ្ងាញ់ដាច់គេ នៅតាមបណ្តាខេត្តផ្សេងៗ។ យ៉ាងណា ការសើចចំអករបស់អ្នកប្រើប្រាស់បណ្តាញសង្គម ទំនងជាមិនអាចធ្វើឲ្យរដ្ឋបាលខេត្តតាកែវ លុបគម្រោងនេះចេញឡើយ។


លោក អ៊ូច ភា អភិបាលខេត្តតាកែវ ថ្លែងមកកាន់សារព័ត៌ាមនថ្មីៗ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ការបង្ហាញគម្រោងសាងសង់រូបសំណាកពងទាកូននិងរូបសំណាកបង្កងនាពេលនេះ ដើម្បីស្ទង់មតិថា មហាជន នឹងផ្តល់យោបល់យ៉ាងដូចម្តេច ចំពោះគម្រោងសាងសង់រូបសំណាកទាំងពីរនេះ។ លោក បន្តថា ការបង្ហាញគម្រោងសាងសង់រូបសំណាកពងទាកូននិងរូបសំណាករដ្ឋបាលខេត្តតាកែវ ក៏ដើម្បីចង់ដឹងពីការគាំទ្ររបស់មហាជនដែរ។

លោកអភិបាលខេត្តតាកែវ បញ្ជាក់ថា៖«អានេះ ជាការដាក់ ដើម្បីស្ទង់មតិ [ពីមហាជនទេ] តែជាទិសដៅការងាររបស់យើង យើង នឹងពិនិត្យមើល។ អ្វីដែលសំខាន់នោះ គឺលទ្ធភាព ថាតើយើងមានលទ្ធភាពកសាងរូបសំណាកហ្នឹងឬយ៉ាងម៉េច។ […] យើង នឹងពិនិត្យតទៀត»។

ជាមួយគ្នានេះ លោក ក៏បានបកស្រាយដែរថា គម្រោងសាងសង់រូបសំណាកពងទាកូននិងរូបសំណាកបង្កង គឺដើម្បីបង្ហាញថា ខេត្តតាកែវ មានពងទាកូននិងបង្កងឆ្ងាញ់ជាងពងទាកូននិងបង្កងនៅខេត្តដទៃ។ លោក បន្តថា នៅពេលណា គេ និយាយពីពងទាកូននិងបង្កង គេ នឹងនឹកឃើញដល់ពងទាកូននិងបង្កងនៅខេត្តតាកែវ។

លោក មានប្រសាសន៍ថា៖« [បង្កង និង] ពងទាកូន នៅខេត្តណាក៏មានដែរ ប៉ុន្តែចង់និយាយថា បង្កង [និង] ពងទាកូន ដែលឆ្ងាញ់ [គឺនៅ] ខេត្តតាកែវ»។

លោក អ៊ូច ភា បំភ្លឺទៅមហាជនកុំឲ្យយល់ច្រឡំថា រូបសំណាកពងទាកូននិងរូបសំណាកបង្កង មិនមែនជាមិនិត្តរូបតំណាងឲ្យខេត្តតាកែវឡើយ។ បច្ចុប្បន្ន និមិត្តរូបតំណាងឲ្យខេត្តតាកែវ គឺរូបសំណាកព្រះនារាណ៍។

លោកអភិបាលខេត្តតាកែវ យល់ថា ការសាងសង់រូបសំណាកពងទាកូននិងរូបសំណាកបង្កង គឺជាផ្នែកមួយ ដែលអាចទាក់ទាញភ្លៀងទេសចរ និងធ្វើឲ្យភ្ញៀវទេសចរ ចង់ភ្លក្សរសជាតិពងទាកូននិងបង្កងនៅខេត្តតាកែវ។ លោក រំលេចថា នៅខេត្តដទៃ ក៏មានការសាងសង់រូបសំណាកផ្លែឈើនិងរូបសំណាកសត្វដែរ ដើម្បីបង្ហាញថា ផ្លែឈើនិងសត្វនោះ មានរសជាតិឆ្ងាញ់ប្រចាំខេត្តរបស់ខ្លួន។

លោក លើកឧទាហរណ៍ថា ខេត្តកែប សង់រូបសំណាកក្តាម ដើម្បីបង្ហាញថា ក្តាមនៅខេត្តកែប មានរសជាតិឆ្ងាញ់ជាងគេ ហើយខេត្តកំពត សង់រូបផ្លែទុរេន ដើម្បីបង្ហាញថា ផ្លែទុរេននៅខេត្តកំពត មានរស់ជាតិឆ្ងាញ់ជាងគេ។

ចំពោះ រូបសំណាកពងទាកូននិងរូបសំណាកបង្កង នឹងត្រូវសង់នៅពេលណា ត្រូវចំណាយថវិកាអស់ប៉ុន្មាន មានទំហំប៉ុនណា និង ស្ថិតក្នុងទីតាំងជាក់លាក់ណាមួយនោះ លោកអភិបាលខេត្តតាកែវ មិនទាន់អាចផ្តល់ព័ត៌មាននោះទេ ដោយលោក គ្រាន់តែប្រាប់ថា គម្រោងនេះ កំពុងស្ថិតក្នុងការសិក្សានៅឡើយ។

អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ ចោទសួរថា តើរដ្ឋបាលខេត្តតាកែវ គិតឃើញដូចម្តេច ទើបនឹកចង់សង់រូបសំណាកពងទាកូននិងរូបសំណាកបង្កង? សំណួររបស់ពួកគេ ហាក់ចង់បង្ហាញថា ពួកគេ មិនគាំទ្រគម្រោងសាងសង់រូបសំណាកពងទាកូននិងរូបសំណាកបង្កងនោះទេ ហើយក៏ហាក់ចង់បង្ហាញថា វា មិនសូវទំនងដែរ ដែលរដ្ឋបាលខេត្តតាកែវ ចង់សង់រូបសំណាកទាំងពីរនេះ៕

Tag:
 អ៊ូច ភា
  រូបសំណាក់ពងទាកូន
  រូបសំណាក់បង្កង
© រក្សាសិទ្ធិដោយ thmeythmey.com