អន្តរជាតិ
ថៃ នឹងមិនបញ្ជូនជនភៀសខ្លួនត្រលប់វិញឡើយ បើហិង្សានៅមីយ៉ាន់ម៉ាបន្តរាលដាល
31, Mar 2021 , 4:07 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
ជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលរត់គេចចូលមកក្នុងប្រទេសថៃ នឹងមិនត្រូវបញ្ជូនត្រលប់ទៅវិញឡើយ ប្រសិនបើហិង្សានៅមីយ៉ាន់ម៉ាកាន់តែរីកធំឡើង។ ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមីនា។

 
បន្ទាប់ពីរដ្ឋប្រហារយោធា ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានចាកចេញពីផ្ទះសម្បែង មកកាន់ព្រំដែន ដើម្បីស្វែងរកសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន។ ទន្ទឹមនេះ ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ាលើក្រុមប្រដាប់ជនភាគតិច Karen បានធ្វើឱ្យជនជាតិភាគតិច Karen ជាច្រើនពាន់នាក់ទៀត បានភៀសខ្លួនទៅតំបន់ព្រំដែនថៃ។ ខ្លះ បានភៀសខ្លួនចូលក្នុងទឹកដីថៃ ខ្លះនៅទឹកដីមីយ៉ាន់ម៉ា តាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងថា ថៃនឹងមិនបញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ា ត្រលប់ទៅវិញឡើយ ក្នុងអំឡុងពេលពួកគេមានបញ្ហា។ «នៅពេលពួកគេស្ថិតក្នុងស្ថានភាពទីទ័ល យើងនឹងមិនបដិសេធឱ្យអ្នកទាំងនោះចូលមកក្នុងប្រទេសឡើយ»។ លោក ប្រាយុទ្ធ បានលើកឡើងបែបនេះដោយបន្ថែមថា ទោះថៃអនុញ្ញាតទទួលពួកគេមែន ប៉ុន្តែវាមិនមែនមានន័យថា ថៃនឹងប្រកាសបើកដៃចាំទទួលជនភៀសខ្លួនឡើយ។ 
 
បើតាមលោកប្រយុទ្ធ ប្រសិនបើមីយ៉ាន់ម៉ាស្ថិតក្នុងករណីមានសង្រ្គាម ថៃនឹងមានវិធីសាស្រ្តផ្សេងទៀត។ ក្នុងករណីស្ថានភាពហិង្សា ដែលនាំឱ្យមានករណីស្លាប់ និងរបួស រដ្ឋាភិបាលថៃ នឹងចាត់វិធានការ ដើម្បីដោះស្រាយជាមួយលំហូរជនភៀសខ្លួនមីយ៉ាន់ម៉ាចូលមកក្នុងប្រទេស។ យ៉ាងណាមិញ អាជ្ញាធរ ក៏បានហាមឃាត់ប្រជាជនមួយចំនួន មិនឱ្យចូលមកក្នុងប្រទេសថៃផងដែរ ដោយសំអាងលើហេតុផលច្បាប់។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃនឹងបញ្ជូនជនភៀសខ្លួនត្រលប់ទៅវិញ ក្នុងករណីស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា មានភាពធូរស្បើយ។ បើគិតចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ មកទល់ពេលបច្ចុប្បន្ន ថៃបានទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាប្រមាណ ១០ម៉ឺននាក់ នៅជំរំជនភៀសខ្លួននៅតំបន់ព្រំដែន។ 
 
ដោយឡែក រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai នៅក្នុងថ្ងៃដដែលនេះ បានលើកឡើងថា រដ្ឋាភិបាលក្រុងបាងកក នឹងលើកយកបញ្ហាជនភៀសខ្លួននេះ ទៅក្នុងកិច្ចប្រជុំអាស៊ាននៅខែក្រោយ។ បើតាមលោកប្រមុខការទូតថៃ ការជួយជនភៀសខ្លួនមីយ៉ាន់ម៉ានេះ គឺធ្វើឡើងក្រោមជំនួយមនុស្សធម៌ ហើយនៅពេលស្ថានការណ៍មីយ៉ាន់ម៉ាស្ងប់ស្ងាត់ ថៃនឹងបញ្ជូនពួកគេទាំងនោះត្រលប់ទៅវិញ។ 
 
ប្រមុខការទូតថៃ  ក៏បានជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាបង្ការការរីកសាយនៃអំពើហិង្សានៅក្នុងប្រទេស និងគ្រប់គ្រងស្ថានភាពក្នុងប្រទេសឱ្យបានឆាប់បំផុត។ 
ដោយផ្អែកតាមប្រភពមួយចំនួន នៅថ្ងៃទី២៩ ខែមីនាកន្លងទៅ យោធាថៃ បានបញ្ជូនជនជាតិភាគតិច Karen ៥០០នាក់ត្រលប់ទៅមីយ៉ាន់ម៉ាវិញ ដោយសំអាងថា ការប៉ះទង្គិចរវាងក្រុមប្រដាប់អាវុធ Karen និងក្រុមយោធាមីយ៉ាន់ម៉ា មានភាពធូរស្បើយ។ ទន្ទឹមនេះ ជនជាតិ Karen មួយចំនួនទៀត នៅតែបន្តស្នាក់នៅក្នុងទឹកដីមីយ៉ាន់ម៉ា តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយបារម្ភថា អាចមានការវាយប្រហារពីក្រោយយោធាមីយ៉ាន់ម៉ាជាថ្មី។ ក្រៅពីថៃ ប្រជាជនមីយ៉ាន់ម៉ា ក៏បានភៀសខ្លួនទៅប្រទេសឥណ្ឌាវិញផងដែរ៕
 

Tag:
 ថៃ
  មីយ៉ាន់ម៉ា
  ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com