អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិសហុងកុង រឹបអូសបានសារធាតុកូកាអ៊ីន បាន ៧០០គីឡូក្រាម
04, Apr 2021 , 7:59 pm        
រូបភាព
រូបភាព៖ Getty Images
រូបភាព៖ Getty Images
 
ប៉ូលិសហុងកុង បានប្រកាសថា សារធាតុកូកាអ៊ីន ចំនួន ៧០០គីឡូក្រាមត្រូវបានរឹបអូស នៅថ្ងៃទី៤ ខែមេសា។ នេះគឺជាចំនួនច្រើនបំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។


ក្នុងវិបត្តិកូវីដ-១៩ ក្រុមឈ្មួញរកស៊ីផ្លូវងងឹតមួយចំនួន បាននាំចូលគ្រឿងញៀន និងសារធាតុញៀនផ្សេងទៀតចូលមកហុងកុងដោយខុសច្បាប់ តាមរយៈការដឹកជញ្ជូនផ្លូវទឹក ជាជាងតាមផ្លូវអាកាស។ បើប៉ូលិសហុងកុង សារធាតុកូកាអ៊ីន ដែលចាប់បានចំនួន ៧០០គីឡូក្រាមនេះ មានតម្លៃប្រមាណជិត ១២០លានដុល្លារឯណោះ។
ដំបូងឡើយអាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ នៅក្នុងសង្កាត់Fo Tan និងរកឃើញសារធាតុកូកាអ៊ីនចំនួន ១៥០កញ្ចប់នៅក្នុងកេសក្រដាសជាច្រើន។

ប៉ុន្តែក្រោយមកប៉ូលិសបានរកឃើញសារធាតុប្រភេទនេះ ចំនួន ៤៩២កញ្ចប់បន្ថែមទៀត នៅក្នុងអាគារឧស្សាហកម្មមួយកន្លែង និងនៅក្នុងកន្លែងស្នាក់នៅមួយក្នុងសង្កាត់ដដែលនេះ ដែលនាំឱ្យប៉ូលិសចាប់ខ្លួនបុរសចំនួនពីរនាក់ ដែលមានវ័យ ១៩ឆ្នាំ និង២៥ឆ្នាំ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្នងការប៉ូលិសហុងកុង លោកNg Kwok-cheung អះអាងថា សារធាតុកូកាអ៊ីននេះ ត្រូវបានដឹកជញ្ជូនពីតំបន់អាមេរិកខាងត្បូង និងនាំចូលខុសច្បាប់មកក្នុងហុងកុងតាមរយៈទូកល្បឿនលឿន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
សូមបញ្ជាក់ថា ប៉ូលិសហុងកុង នៅក្នុងឆ្នាំ២០១២ កន្លងទៅ បានរឹបអូសបានសារធាតុកូកាអ៊ីន បានចំនួន ៦៤៩ គីឡូក្រាម៕  


Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com