COVID-19
ជាតិ
ពលរដ្ឋអាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២នៅតាមខណ្ឌរបស់ខ្លួននៅថ្ងៃទី២០
19, Apr 2021 , 7:10 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋដែលបានចាក់វ៉ាក់សំាងកូវីដ-១៩ដូសទី១ នៅតាមក្រសួង និងស្ថាប័ននានា អាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី២នៅតាមខណ្ឌរបស់ខ្លួនដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១៩ ខែមេសា។
 
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ដំណើរការការចាក់វ៉ាក់សាំងកូវីដ-១៩នេះ នឹងមិនអនុញ្ញាតឲ្យពលរដ្ឋឆ្លងខណ្ឌមួយទៅខណ្ឌមួយទៀតឡើយ ដោយតម្រូវឲ្យពលរដ្ឋចាក់នៅតាមខណ្ឌដែលខ្លួនកំពុងរស់នៅវិញ។
 
ប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩លើកទី១ នៅតាមខណ្ឌទាំង១៤ ពួកគេនឹងអាចទៅចាក់នៅតាមខណ្ឌរបស់ខ្លួនដែលចាក់លើកទី១ដដែល។ 
 
ចំពោះកម្មករកម្មការិនី ដែលបន្តចាក់វ៉ាក់សាំងកូវីដ-១៩លើកទី២ ត្រូវទៅចាក់ទៅតាមការកំណត់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់កងទ័ព អាចទៅចាក់នៅតាមទីតាំងដែលក្រសួងការពារជាតិរៀបចំឲ្យ។ 
 
ដោយឡែកពលរដ្ឋនៅក្នុងក្រុងតាខ្មៅ អាចទៅចាក់វ៉ាក់សំាងកូវីដ-១៩ ដូសទី២នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឬមណ្ឌលសុខភាពស្វាយរលំ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។ 
 
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ពលរដ្ឋដែលត្រូវដល់ពេលចាក់វ៉ាក់សំាងកូវីដ-១៩នៅដូសទី២ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ អាចទាក់ទងទៅអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីខេត្ត ឬអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ 
 
លោកស្រី ឱ វណ្ណឌីនបានអំពាវនាវដល់ពលរដ្ឋកុំខកខាននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ និងកុំឲ្យលើស២៨ថ្ងៃ ក្រោយពីចាក់លើកទី១រួច។ 
 
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះស្នើឲ្យអាជ្ញាធរ មន្ទីរសុខាភិបាលរាជធានីខេត្ត ជួយសម្រួលដើម្បីឲ្យពលរដ្ឋអាចចាក់វ៉ាក់សំាងកូវីដ-១៩លើកទី២។ 
 
បច្ចុប្បន្នមានពលរដ្ឋជាង១,២លាននាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩។ ទន្ទឹមគ្នានេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤៥នាក់ ហើយអ្នកឆ្លងនៅទូទាំងប្រទេស មាន៧០១៣នាក់៕  
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com