ជាតិ
សេដ្ឋកិច្ច
កម្ពុជា ប្រមូលពន្ធគយបានជាង៦០០លានដុល្លារ ធា្លក់ជាង១៥ភាគរយក្នុងត្រីមាសទីមួយ
24, Apr 2021 , 9:39 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលចូលជាតិ បាន៦១៤.៨លានដុល្លារ នៅក្នុងត្រីមាសទីមួយ។ ចំណូលដែលបានពីពន្ធគយក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ  គឺបានធា្លក់ចុះ ចំនួន១៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ បើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ 
 
លទ្ធផលនៃការប្រមូលចំណូលក្នុងត្រីមាសទី១នេះ គឺសម្រេចបាន ២៦ភាគរយ នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ចំពោះចំណូលប្រចាំត្រីមាសទី១ ឆ្នាំ ២០២១ នេះ បើគិតតាមក្រុមប្រភេទទំនិញ គឺបានចំណូលពីយានយន្ត និងគ្រឿងចក្រមាន ៤៣,៥ ភាគរយនៃចំណូលសរុប, ទំនិញចម្រុះមាន ២៧,៤ភាគរយ, ផលិតផលតេលសិលា (ប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែរ ប្រេងម៉ាស៊ូត និងប្រេងរំអិល) មាន២២,៨ភាគរយ និងសម្ភារសំណង់ និងកម្រៃផ្សេងៗ មាន ៦,៣ ភាគរយ។
 
ដោយឡែក ការប្រមូលចំណូលគយប្រចាំខែមីនា គឺបានចំនួន២១១.៣លានដុល្លារ ថយចុះ៤,៧ភាគរយ ធៀបនឹងឆ្នាំ២០២០។
 
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា ដើម្បីធ្វើឱ្យការប្រមូលចំណូលពន្ធគយបានគ្រប់ និងលើសផែនការកំណត់ បានស្នើឱ្យមន្រ្តីគយរបស់ខ្លួនទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការពង្រឹងការកៀរគរចំណូលប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃឆ្លាត ព្រមទាំងប្រើប្រាស់ឱ្យអស់សក្តានុពល បញ្ញាស្មារតី។
 
លោកបញ្ជាក់ថា  វិធានការទាំងនោះមាន៖ ការអនុវត្តតាមគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព, និងការបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាដើម។
 
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន ដែលបានថ្លែងចេញពីគេហដ្ឋាននៅទីក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០មេសា  ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១ ក្រៅចំណូលបានពីពន្ធគយជាង៦០០លានដុល្លារនេះ កម្ពុជាក៏ប្រមូលចំណូលពីពន្ធដារ បានជាង១០០០លានដុល្លារ ចូលថវិកាជាតិផងដែរ៕ 
 

Tag:
 ពន្ធគយ
  លោក គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com