អន្តរជាតិ
ជាលើកដំបូង ប្រធានាធិបតីអាមេរិកថ្លែងសុន្ទរកថាក្នុងសភាដោយមានស្ត្រីពីរនាក់នៅពីក្រោយ
29, Apr 2021 , 11:17 am        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២៨ ខែមេសា (ម៉ោងអាមេរិក) បានថ្លែងសុន្ទរកថាទៅកាន់សភាជាលើកដំបូងក្នុងនាមជាប្រធានាធិបតី។ អ្វីគួរឱ្យចាប់អារម្មណ៍នោះ នៅពីក្រោយរូបលោក មានស្ត្រីដល់ទៅពីរនាក់ គឺអនុប្រធានាធិបតី កាម៉ាឡា ហារីស និងប្រធានសភាតំណាង ណាន់ស៊ី ផេឡូស៊ី ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តអាមេរិក។ លោក បៃឌិន ថ្លែងគោលនយោបាយយ៉ាងច្រើនរាប់ពីបញ្ហាក្នុងស្រុកដល់បរទេស។
 
ជាប្រពៃណីនៅរាល់ការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិកទៅកាន់កិច្ចប្រជុំរួមសភា ប្រធានព្រឹទ្ធសភា និងប្រធានសភាតំណាងតែងអង្គុយពីក្រោយ។ ជាលើកដំបូងប្រវត្តិសាស្រ្តអាមេរិក តំណែងទាំងពីរនេះ កំពុងកាន់កាប់ដោយស្រ្តី។ នោះគឺលោកស្រី កាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតីស្រ្តីទីមួយ ជាប្រធានព្រឹទ្ធសភា និងលោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងមកពីបក្សប្រជាធិបតេយ្យ។
 
លោក ចូ បៃឌិន ប្រើប្រាស់សុន្ទរកថាលើកដំបូងរបស់លោកដើម្បីអបអរព្រឹត្តិការណ៍ពិសេសនេះ។ 
 
«អរគុណលោកស្រីប្រធាន និងលោកស្រីអនុប្រធានាធិបតី។ គ្មានប្រធានាធិបតីណានិយាយពាក្យនេះពីវេទិកានេះឡើយ។ វាដល់ពេលហើយ។» លោក បៃឌិន និយាយបែបនេះក្នុងកិច្ចស្វាគមន៍ទៅកាន់ស្រ្តីកំពូលទាំងពីរដែលនៅលំដាប់ទីមួយ និងទីពីរដើម្បីបន្តតំណែងពីលោកក្នុងករណីមានបញ្ហាកើតឡើង។ 
 
លោកស្រី ហារីស ជាប់ឆ្នោតជាមួយលោក បៃឌិន កាលពីការបោះឆ្នោតឆ្នាំ២០២០ កន្លងទៅ។ លោកស្រីជាស្រ្តីដំបូង និងមិនមែនបុគ្គលស្បែកសដំបូងដែលកាន់តំណែងអនុប្រធានាធិបតី។ ចំណែកលោកស្រី ផេឡូស៊ី ជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលកាន់តំណែងប្រធានសភាតំណាងតាំងពីឆ្នាំ២០១៩ មក។ លោកស្រីជាអ្នកដឹកនាំការបោះឆ្នោតចោទប្រកាន់ពីរដងលើលោក ដូណាល់ ត្រាំ ៕
 
 

Tag:
 អាមេរិក
  ចូ បៃឌិន
  កាម៉ាឡា ហារីស
  ណាន់ស៊ី ផេឡូស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com