COVID-19
អន្តរជាតិ
ករណីឆ្លងកូវីដ-១៩ នៅឥណ្ឌា ហក់ឡើងដល់ ៤០ម៉ឺនករណីក្នុងមួយថ្ងៃ
01, May 2021 , 3:07 pm        
រូបភាព
អ្នកជំងឺកូវីដ-១៩ របស់ឥណ្ឌា កំពុងពាក់អុកស៊ីសែន។ រូបភាព៖ Reuters
អ្នកជំងឺកូវីដ-១៩ របស់ឥណ្ឌា កំពុងពាក់អុកស៊ីសែន។ រូបភាព៖ Reuters
 
ឥណ្ឌា នៅថ្ងៃទី១ ខែឧសភា បានរាយការណ៍ ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ៤០ម៉ឺនករណី។ នេះ គឺជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតរបស់ឥណ្ឌា ស្របពេលស្ថានការណ៍ក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ។


ករណីឆ្លងកូវីដ-១៩ របស់ឥណ្ឌា នៅតែបន្តហក់ឡើង ខណៈប្រទេសជាច្រើន បានបណ្តាក់គ្នាបរិចោគសម្ភារវេជ្ជសាស្រ្ត និងអុកស៊ីសែនសម្រាប់ឥណ្ឌា។ នៅថ្ងៃទី១ ខែឧសភា តួលេខឆ្លងកូវីដ-១៩ ឥណ្ឌាមានចំនួន ៤០១៩៩៣ ករណី ស្របពេលឥណ្ឌា បើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចាក់វ៉ាក់សាំងឱ្យយុវជនឥណ្ឌាទាំងអស់ បើទោះវ៉ាក់សាំងនៅរដ្ឋខ្លះមានការខ្វះខាតក៏ដោយ។ ទន្ទឹមនេះ ក្នុងថ្ងៃដដែលនេះ អ្នកស្លាប់នៅឥណ្ឌា មានចំនួន ​៣៥២៣នាក់ផងដែរ។

នេះជាលើកដំបូងហើយសម្រាប់ឥណ្ឌា ដែលមានករណីឆ្លងហក់ឡើងដល់ ៤០ម៉ឺនករណី បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ លើសពី៣០ម៉ឺនករណី ក្នុងរយៈពេល ១០ថ្ងៃជាប់ៗគ្នា។

ករណីឆ្លងហក់ឡើងគំហុកបែបនេះ បានធ្វើឱ្យឥណ្ឌា កាន់តែរងគ្រោះបន្ថែមទៀត ព្រោះខ្វះកន្លែងព្យាបាលអ្នកជំងឺ អុកស៊ីសែន និងសម្ភារវិជ្ជសាស្រ្តផ្សេងទៀត។

ករណីឆ្លងកាន់តែហក់ឡើង បូករួមទាំងករណីកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីផង ប្រទេសជាច្រើន បានហាមឃាត់ប្រជាជន ឬអ្នកដំណើរចេញពីឥណ្ឌា ចូលមកក្នុងប្រទេសខ្លួន ក្នុងនោះមានដូចជាអាមេរិក អូស្ត្រាលី អង់គ្លេស អ៊ីតាលី អាល្លឺម៉ង និងបណ្តាប្រទេសជាច្រើនទៀត។

គិតត្រឹមតួលេខចុងក្រោយនេះ ឥណ្ឌាមានករណីសរុបចំនួនជាង ១៩លានករណី និងអ្នកស្លាប់មានចំនួនជាង ២០ម៉ឺននាក់។ អ្នកជាសះស្បើយមានចំនួនជាង ១៥លាននាក់៕


Tag:
 ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com