អន្តរជាតិ
ប្រមុខការទូតអាមេរិក៖ ចិន ជាប្រទេសតែមួយគត់ ដែលអាចបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ
03, May 2021 , 12:29 pm        
រូបភាព
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន បានលើកឡើងថា មហាយក្សចិន កំពុងធ្វើឱ្យប៉ះពាល់ ឬអាចបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ស្របពេលប្រទេសអាស៊ីមួយនេះ បានធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងនៅក្នុងតំបន់។ បើតាមលោក ប្ល៊ីងខិន គោលបំណងរបស់អាមេរិក មិនមែនចង់រាំងខ្ទប់ចិន មិនឱ្យកើនឡើងឥទ្ធិពលរបស់ខ្លួនឡើយ ប៉ុន្តែជាការការពារសណ្តាប់ធ្នាប់អន្តរជាតិ និងនីតិរដ្ឋ។


 
ទំនាក់ទំនងអាមេរិក-ចិន ក្រោមការដឹកនាំរបស់លោក ចូ បៃឌិន  ហាក់មិនខុសគ្នាពីរដ្ឋការក្រុងវ៉ាស៊ីនតោនមុនប៉ុន្មានឡើយ ដោយប្រទេសទាំងពីរតែងតែប៉ះសម្តីគ្នាលើបញ្ហាជាច្រើន ដោយចាប់គិតពីបញ្ហាហុងកុង ស៊ីនជាំង តៃវ៉ាន់ និងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាដើម។ 
 
នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS ដែលចាក់ផ្សាយនៅថ្ងៃទី២ ខែឧសភា រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន អះអាងថា អ្វីដែលអាមេរិកបានឃើញក្នុងរយៈពេល៣ឬ៤ឆ្នាំចុងក្រោយនេះ គឺចិន បានបង្ហាញកាយវិការបែបគាបសង្កត់នៅក្នុងទឹកដីខ្លួន និងធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងនៅបរទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
មិនត្រឹមតែប៉ុណ្ណោះ ប្រមុខការទូតអាមេរិក បានបន្តទៀតថា៖ «ចិន គឺជាប្រទេសតែមួយគត់ ក្នុងពិភពលោក ដែលមានកម្លាំងសេដ្ឋកិច្ច យោធា ការទូត ក្នុងការបំផ្លាញ ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក»។ ក្នុងន័យនេះ លោក ប្ល៊ីងខិន បានសង្កត់ធ្ងន់ថា គោលបំណងរបស់អាមេរិក មិនមែនជាការរាំងខ្ទប់ចិន មិនឱ្យកើនឡើងឥទ្ធិពល ឬរីកចម្រើនឡើយ ប៉ុន្តែវាគឺជាការការពារសណ្តាប់ធ្នាប់ពិភពលោក ដែលកំពុងត្រូវបានចិន បង្កការគំរាមកំហែងប៉ុណ្ណោះ។ 
 
ការលើកឡើងរបស់លោក ប្ល៊ីងខិន បែបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការលើកឡើងរបស់លោកបៃឌិន នៅចំពោះមុខសមាជិកសភាអាមេរិក។ កាលនោះ លោក បៃឌិន បានលើកឡើងពីការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ការដាក់មូលដ្ឋានទ័ពអាមេរិក និងមនោគមវិជ្ជា ដែលត្រូវបានក្រសួងការបរទេសចិន វាយបក និងការពារខ្លួនយ៉ាងខ្លាំង៕
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com