ជាតិ
គន្លឹះ៣ចំណុចសំខាន់ៗ ក្នុងការចិញ្ចឹមបង្កងក្នុងស្រះ
10, May 2021 , 8:59 am        
រូបភាព
ដោយ:
បង្កង ជាប្រភេទទំនិញមានតម្លៃខ្ពស់ និងទីផ្សារមានតម្រូវការខ្លាំង។ សម្រាប់កម្ពុជា បង្កងសម្បូរនៅតាមដងទន្លេមេគង្គ ក្នុងខេត្តព្រៃវែង កណ្ដាល និងតាកែវ។ ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន ក្រសួងកសិកម្មបានជំរុញឲ្យកសិករបង្កើនការចិញ្ចឹម។
 
ថ្ងៃនេះសារព័ត៌មានThmeyThmey25 សូមលើកយកបច្ចេកទេសចិញ្ចឹមបង្កងក្នុងស្រះ ដល់បងប្អូនដែលមានបំណងចិញ្ចឹមបង្កង។ បច្ចេកទេសនេះដកស្រង់ពីឯកសារបច្ចេកទេសកសិកម្ម របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម។ ដើម្បីចិញ្ចឹមបង្កងដោយជោគជ័យ ចាំបាច់ត្រូវយកចិត្តទុកដាក់ លើកត្តាសំខាន់៣ចំណុច គឺការរៀបចំស្រះ គុណភាពទឹក និងផ្ដល់ចំណី។
 
ការរៀបចំស្រះចិញ្ចឹម៖ គួររៀបចំស្រះនៅតំបន់មានប្រភពទឹកពេញមួយឆ្នាំ។ ប្រភេទទឹកសាបស្អាតល្អ វាគ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និងគ្មានកាកសំណល់ពីរោងចក្រ។ ប្រភេទដីល្បាប់ ឬលាយខ្សាច់តិចៗ និងគ្មានជាតិជូរ ល្អសម្រាប់ការជីកស្រះចិញ្ចឹមបង្កង។ 
 
ការរៀបចំជីកស្រះ ត្រូវទៅតាមទំហំនៃការចិញ្ចឹម។ សម្រាប់ការចិញ្ចឹមលក្ខណៈគ្រួសារ អាចមានផ្ទៃក្រឡាចាប់ពី ១ ០០០ម៉ែត្រការ៉េឡើង និងមានជម្រៅទឹកពី ១.២ម៉ែត្រ ទៅ ១.៥ម៉ែត្រ។ បាតស្រះត្រូវមានភក់ និងរៀបចំឲ្យមានកម្រិតជម្រាល ដើម្បីងាយស្រួលបញ្ចេញទឹកចោល។
 
ទឹកសម្រាប់យកមកចិញ្ចឹមបង្កង ត្រូវមានសីតុណ្ហភាព សមស្របពី ២២ ទៅ ៣២អង្សាសេ។ បង្កង មិនអាចរស់នៅក្នុងមជ្ឈដ្ឋានទឹកដែលមានកម្រិត pH ឬកម្រិតជាតិជូរក្រោម៥ បានឡើយ។ ដូច្នេះកម្រិត pH ឬកម្រិតជាតិជូរ សមស្របពី ៧ ទៅ ៨។ ហើយកំហាប់អំបិល ដែលសមស្របសម្រាប់ការលូតលាស់បង្កង មិនលើសពី ៥ភាគពាន់។
 
ការជ្រើសរើសកូនបង្កងពូជ៖ គួរជ្រើសរើសកូនបង្កងពូជឈ្មោលសុទ្ធសម្រាប់ដាក់ចិញ្ចឹម ព្រោះមានការលូតលាស់លឿន។ កូនបង្កងល្អ មានប្រវែងចាប់ពី ៣សង់ទីម៉ែត្រ មានសុខភាពល្អ មានពុកមាត់ ជើង និងដង្កៀបគ្រប់គ្រាន់។
 
របៀបផ្ដល់ចំណី និងការមើលថែ៖ ត្រូវផ្ដល់ចំណីឲ្យបានគ្រប់គ្រាន់ និងចៀសវាងផ្ដល់ចំណីលើស ព្រោះអាចបង្កជាធាតុពុល។ ចំណីបង្កង អាចប្រើជាចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់។ ចំពោះចំណីគ្រាប់ និងចំណីកែច្នៃ អាចផ្ដល់ឲ្យបង្កងនៅខែដំបូង និងខែបន្ទាប់។ ចំណែកចំណីស្រស់ ដូចជា ត្រីល្អិត កំពឹស ក្ដាម ខ្យង អាចផ្ដល់ឲ្យបង្កងនៅរដូវវស្សា។ 
 
ត្រូវផ្លាស់ប្ដូរទឹក ឲ្យបានញឹកញាប់ ដើម្បីកាត់បន្ថយភាពកង្វក់នៃទឹក បង្កើនបរិមាណខ្យល់អុកស៊ីសែនក្នុងស្រះ និងបានបញ្ចេញចោលឧស្ម័នពុលផ្សេងៗ។ ប៉ុន្តែជាធម្មតានៅខែដំបូង មិនចាំបាច់ផ្លាស់ប្ដូរទឹកនោះទេ ព្រោះភាពកង្វក់នៅតិចតួចនៅឡើយ។
 
ការប្រមូលផល៖ ជាទូទៅរយៈពេល ៤ ទៅ ៥ខែ បង្កងមានទម្ងន់មធ្យម ៣០ ទៅ ៥០ក្រាម ក្នុង១ក្បាល។ ពេលនោះកសិករអាចប្រមូលផលបង្កងបាន ហើយកសិករអាចប្រមូលផលរំលោះ និងប្រមូលផលទាំងស្រុង៕
 

Tag:
 បង្កង
© រក្សាសិទ្ធិដោយ thmeythmey.com