អន្តរជាតិ
បុគ្គលិក​សុខាភិបាល​អេស្ប៉ាញ ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ជនបទ​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​បាន
13, May 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ គិលានុបដ្ឋាយិកា​អ្នកស្រី Pilar Rodríguez ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ១៩ ជូន​អ្នកស្រី Antonia Crespi Gomila អាយុ​៩៣​ឆ្នាំ នៅ​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្រុង Sa Pobla នៃ​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ គិលានុបដ្ឋាយិកា​អ្នកស្រី Pilar Rodríguez ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ១៩ ជូន​អ្នកស្រី Antonia Crespi Gomila អាយុ​៩៣​ឆ្នាំ នៅ​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្រុង Sa Pobla នៃ​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
ដោយ: VOA
ខណៈ​មនុស្ស​រាប់ពាន់​នាក់​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង​នៅ​តាម​គ្លីនិក​សុខភាព និង​នៅ​តាម​កន្លែង​ចាក់​វ៉ាក់សាំង​នានា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទូទាំង​ប្រទេសអេស៉្បាញ​ បុគ្គលិក​សុខាភិបាល​ ក៏​បាន​ចេញ​ទៅ​ចាក់​វ៉ាក់សាំ​ង​ដល់​មនុស្ស​មួយ​ចំនួន​ ដែល​ជា​ក្រុម​ជនងាយ​រងគ្រោះ​បំផុត​ដោយសារ​វីរុស​កូរ៉ូណា​ផងដែរ។
 
ទីភ្នាក់ងារ​សេវា​សង្គម​ បាន​ចាត់​ទុក​ជនជាតិ​អេស្ប៉ាញ​ជាង​មួយលាន​នាក់​ថា ជា​ក្រុម​មនុស្ស​ត្រូវការ​ជំនួយ​ម្ហូបអាហារ​ និង​សេវា​ថែទាំ​សុខភាព​ នៅ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីបអឺរ៉ុប​មួយ​នេះ។ មនុស្ស​ខ្លះ​ ក្នុង​បណ្តា​ក្រុម​ជនទាំង​នេះ​ ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​មិន​អាច​ចេញ​ទៅ​ចាក់​វ៉ាក់សាំង​បាន ​តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ។
 
ដូច្នេះ​នៅ​លើ​កោះ Mallorca បុគ្គលិក​សុ​ខាភិបាល ​បាន​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​ពួកគេ​នៅ​តាម​ផ្ទះ​តែ​ម្តង។
 
អ្នក​ស្រី Pilar Rodriguez ជា​គិលានុបដ្ឋាយិកា​ម្នាក់​ក្នុង​ចំណោម​គិលានុបដ្ឋាក​បី​នាក់​ក្នុង​ក្រុង Sa Pobla ស្ថិត​នៅ​លើ​ដែន​កោះ​នេះ​ ជា​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​នៅ​ក្នុង​ភូមិ​ជិត​ក្រុង​នេះ។
 
ពេល​ដើរ​ចូល​ទៅ​ក្នុង​ភូមិ​ អ្នកស្រី Rodriguez និង​សហសេវិក​របស់​អ្នកស្រី ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​នុស្ស​វ័យ​ចំណាស់ ​ដែល​ពួកគេ​ភាគច្រើន​មិន​អាច​ងើប​ពី​កៅអី ​ឬ​គ្រែ​របស់​ពួកគេ។ អ្នកស្រី Rodriguez បាន​និយាយ​ថា អ្នក​ស្រី​និង​សហសេវិក​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​៧០​នាក់​នៅ​ក្នុង​ផ្ទះ​ពួក​គេ​ក្នុង​តំបន់​ជនបទ​នោះ។ ពួកគេ​បាន​ទទួល​វ៉ាក់សាំង Pfizer-BioNTech ដែល​ជា​វ៉ាក់សាំង​នាំមុខ​គេ​ក្នុងយុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​នៅក្នុង​ប្រទេស​អេស្ប៉ាញ។
 
អ្នក​ស្រី Rodriguez និង​សហសេវិក​អ្នក​ស្រី​កាន់​ធុង​ទឹកកក​ដាក់​វ៉ាក់សាំង ​ដើរ​ទៅ​កាន់​ផ្ទះ​ទី​មួយ​ ដែល​នៅ​ទី​នោះ​ពួក​គេ​រៀបចំ​ចាក់​វ៉ាក់សាំ​ងកូវីដ។ ចេញ​ពី​ផ្ទះ​ទី​មួយ​ ពួកគេ​ដើរ​ទៅ​កាន់​ផ្ទះ​ឯទៀតៗ​ដោយ​មិន​ជិះ​ក្នុង​រថយន្ត​ដែល​រលាក់​អាច​ធ្វើ​ឲ្យ​វ៉ាក់សាំង​ខូច​គុណភាព។ អ្នក​ស្រី Rodriguez បាន​និយាយ​ថា «មិន​ថា​មាន​ភ្លៀង​ឬ​ខ្យល់​ព្យុះ​អ្វី​ក៏ដោយ ​ក៏​ក្រុម​ការងារ​អ្នកស្រី​នៅ​តែ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​មនុស្ស​ចាស់ៗ​នៅ​តាម​ផ្ទះ»។
 
អាជ្ញាធរ​អេស្ប៉ាញ​ បាន​កំណត់​ទី​ដៅ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​ដល់​៧០%​នៃ​ប្រជារាស្ត្រ​ពេញវ័យ​របស់​ផង​ខ្លួន ​គឺ​មនុស្ស​ប្រមាណ​៣៣លាននាក់​មិន​ឱ្យ​ហួស​ពី​ដំណាច់​ខែ​សីហា។ បន្ទាប់​ពី​ការ​យឺតយ៉ាវ​ដោយសារ​មាន​ការ​ពន្យាពេល​ដឹក​ជញ្ជូន​វ៉ាក់សាំង​ដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ​ ប្រទេសអេស្ប៉ាញ​ បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង ​ហើយ​នៅ​ពេល​នេះ​ មាន​មនុស្ស​ជិត១៣លាននាក់ ​បាន​ចាក់​វ៉ាក់សាំង​នេះយ៉ាង​ហោច​ណាស់មួយ​ដូស​ដែរ។
 
អាទិភាព​របស់​រដ្ឋាភិបាល​ គឺ​ចាក់​វ៉ាក់សាំង​ឲ្យ​ក្រុម​មនុស្ស​វ័យ​ចំណាស់​ និង​ក្រុមជន​ងាយ​រង​គ្រោះ​បំផុត។ រដ្ឋាភិបាល​អេស្ប៉ាញ​ បាន​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជារាស្ត្រ៩៥%​ដែល​មាន​អាយុ​ច្រើន​ជាង​៨០​ឆ្នាំ​រួច​រាល់​ហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com