កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើង ដកខ្លួនពីការប្រកួតជម្រុះ World Cup ព្រោះបារម្ភកីឡាករឆ្លងកូវីដ-១៩
17, May 2021 , 11:29 pm        
រូបភាព
 
កូរ៉េខាងជើង សម្រេចដកខ្លួនចេញពីការប្រកួតវគ្គជម្រុះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២២ ជាផ្លូវការ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី១៦ ខែឧសភា។
 
ក្រុងព្យុងយ៉ាង មិនទាន់មានហេតុផលផ្លូវការណាមួយច្បាស់លាស់ជុំវិញការដកខ្លួនចេញពីវគ្គជម្រុះតំបន់អាស៊ីនៅខែក្រោយនេះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា ព្រោះពួកគេព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩។

អត្ថបទទាក់ទង
 
 
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ AFC បានប្រកាសនៅថ្ងៃទី១២ ខែមេសាថា ដើម្បីមានភាពងាយស្រួលសម្រាប់វគ្គជម្រុះជុំទី២ ជាជាងការប្រកួតនៅឆ្ងាយ ក្រុមនីមួយៗនៃប្រទេសទាំង ៥ នឹងលេងនៅក្នុងប្រទេសម្ចាស់ផ្ទះតែមួយ។ កូរ៉េខាងត្បូងត្រូវបាន AFC ដាក់ឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល H ដែលរួមមានកូរ៉េទាំងពីរ តួកម៉េនីស្ថាន លីបង់ និងស្រីលង្កា ដែលការប្រកួតនឹងចាប់ពីថ្ងៃទី៣ ដល់ ១៥ ខែមិថុនា នៅទីក្រុង Goyang ភាគខាងជើងរដ្ឋធានីសេអ៊ូល។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់តំបន់អាស៊ី អះអាងថាខ្លួននឹងបញ្ជូនលិខិតពីរបៀបនៃការដកខ្លួនរបស់កូរ៉េខាងជើងដែលនឹងជះឥទ្ធិពលដល់ការប្រកួតពូល H ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ពិនិត្យ និងវាយតម្លៃ។
 
ការសម្រេចចិត្តរបស់កូរ៉េខាងជើងនេះកើតឡើងត្រឹមរយៈពេលជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើង ប្រកាសដកខ្លួនពីការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដើម្បីការពារអត្តពលិករបស់ខ្លួនពីការឆ្លងកូវីដ-១៩។
 
នេះក៏មានន័យថា កូរ៉េខាងជើងនឹងខកខានការប្រកួត Asian Cup ឆ្នាំ ២០២៣ ដែលចិនធ្វើម្ចាស់ផ្ទះផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com