អន្តរជាតិ
៤ខែដើមឆ្នាំ២០២១ វៀតណាមនាំចេញអង្ករ១,៩លានតោន ដោយហ្វីលីពីនជាម៉ូយធំ
18, May 2021 , 9:40 am        
រូបភាព
រូបថត VNA
រូបថត VNA
ភ្នំពេញ៖ រយៈពេល៤ខែដំបូងនៃឆ្នាំ២០២១ វៀតណាម នាំចេញអង្ករទៅទីផ្សារអន្តរជាតិបាន១,៩លានតោនដែលស្មើនឹងទំហំទឹកប្រាក់១,០១ពាន់លានដុល្លារ។ បរិមាណនៃការនាំចេញនេះ បានធ្លាក់ចុះរហូត១០,៨ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលឆ្នាំ២០២០ តែតម្លៃមានកំណើន១,២ភាគរយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Viet Nam News នៅថ្ងៃទី១៧ឧសភា ឆ្នាំ២០២១។
 
សម្រាប់ការនាំចេញអង្កររបស់វៀតណាមប្រចាំខែមេសា ឆ្នាំ២០២១ មានជិត៧០ម៉ឺនតោន ដែលមានតម្លៃប្រមាណ៣៦២លានដុល្លារ។  
 
របាយការណ៍របស់អាជ្ញាធរកែច្នៃ និងអភិវឌ្ឍន៍កសិកម្មនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា ហ្វីលីពីន ជាទីផ្សារអង្ករដ៏ធំបំផុតរបស់វៀតណាមប្រចាំត្រីមាសទីមួយឆ្នាំ២០២១ ដែលមានចំណែក៣៦,៣ភាគរយនៃទីផ្សារសរុប។  ប៉ុន្តែទីផ្សារដែលមានកំណើនខ្លាំងនៃការនាំចេញអង្ករក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ជារដ្ឋអាហ្វ្រិកកូតឌីវ័រ មានកំណើន២,៧ដង ខណៈអូស្ត្រាលីដមានកំណើន៦៦ភាគរយធៀបនឹងឆ្នាំ២០២១។
 
វៀតណាម នាំចេញអង្ករច្រើនប្រភេទទៅទីផ្សារអន្តរជាតិ។ សម្រាប់បីខែដើមឆ្នាំ២០២១ ចំណូលដែលវៀតណាមទទួលបានពីការនាំចេញ មានពីប្រភេទអង្ករសចំនួន៣៩,៣ភាគរយនៃចំនួនសរុប។ ចំណែកចំណូលពីអង្ករផ្កាម្លិះ និងអង្ករប្រអូបនានាមាន៣៦ភាគរយ អង្ករដំណើបមាន២២ភាគរយ និងចំណូលពីអង្ករផ្សេងៗ មានប្រហែល៣ភាគរយផងដែរ។
 
ទាក់ទងតម្លៃលើទីផ្សារអន្តរជាតិវិញ អង្ករវៀតណាម អាចលក់បានមួយតោនដល់ទៅ៥០៨ដុល្លារនៅដើមខែមេសា តែធ្លាក់ចុះមកត្រឹម៤៨៨ដុល្លារក្នុងមួយតោនវិញនៅចុងខែ។ ការធ្លាក់ចុះនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយវៀតណាមពន្យល់ថា បណ្ដាលមកពីការប្រមូលផលរបស់ប្រទេសនានា ដែលជាហេតុនាំឱ្យការនាំចេញផលិតផលដើមមានការធ្លាក់ចុះ។ ការនាំចេញ ក៏ត្រូវរំពឹងថា នឹងកើនឡើងវិញ ព្រោះអាកាសធាតុអាក្រក់នៅតាមប្រទេសខ្លះ នឹងជួយបង្កើនទីផ្សារផលិតផលកសិផលវៀតណាមនៅឆ្នាំ២០២១ ផងដែរ។
 
 
 
 
 
 

Tag:
 វៀតណាម
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com