កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Real Madrid ចង់ឱ្យ Raul ជំនួស Zidane នៅរដូវកាលក្រោយ
18, May 2021 , 4:29 pm        
រូបភាព
ដោយ៖ជា យូគៀង
អតីតគ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri គឺជាទីចាប់អារម្មណ៍របស់ក្លិបាល់ទាត់ Real Madrid ។ប៉ុន្តែអ្នកគាំទ្ររបស់ក្លិប Real Madrid ជ្រើសរើសចង់ឲ្យ Raul Gonzalez ដែលជាអតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Real Madrid មកធ្វើគ្រូបង្វឹកដឹកនាំក្រុមជំនួសលោក  Zinedine Zidane នារដូវកាលក្រោយ។

ការប្រកាសចាកចេញរបស់ Zidane កើតឡើងក្រោយពេល Real Madrid ឈ្នះ Athletic BilBao ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសប្ដាហ៍មុន។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានប្រាប់ទៅកាន់កីឡាករថា លោកនឹងចាកចេញពីក្រុម Real Madrid នាចប់រដូវកាលនេះ។
 
បើយោងតាមសារព័ត៌មាន Marca របស់ប្រទេសអេស្ប៉ាញបានរៀបចំការស្ទង់មតិតាម Vote របស់អ្នកគាំទ្រ Real Madrid គឺដើម្បីជ្រើសរើសរកគ្រូបង្វឹកមកជំនួសលោក Zinedine Zidane ដែលបានប្រកាសចាកចេញពីក្លិប នាចប់រដូវកាល។ អ្នកគាំទ្រក្លិបយក្សមួយនេះគឺចង់បាន Raul Gonazlez ជាគ្រូបង្វឹកជាងលោក Massimiliano Allegri។ ក្នុងចំណោមការ Vote ចំនួន ១៥០,០០០ សំឡេងនោះ គឺ Raul អតីតខ្សែប្រយុទ្ធក្លិប Real Madrid ទទួលបានសំលេងច្រើនជាងគេគឺរហូតដល់ទៅ ៥៧ភាគរយ ក្នុងតារាងការស្ទង់មតិ ដែលជាចំនួនច្រើន។ លោក Massimiliano Allegri ទទួលបានសំឡេង ១០ភាគរយ និងលោក Joachim Low ក៏ជាបេក្ខភាពមួយរូបដែរ នោះដោយទទួលបានសំឡេង១៧ភាគរយ។
 
Raul Gonzalez អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះ បានបង្ហាញពីចំណាប់អារម្មណ៍ផងដែរ ជុំវិញការដឹកនាំរបស់លោកនៅក្នុងឈុតយុវជនរបស់ Real Madrid ហើយលោកក៏ចង់ទៅជំនួសតំណែងរបស់លោក Zinedine Zidane ក្នុងរដូវក្តៅខាងមុខ បើសិនជាក្លិបផ្តល់ឱកាសដល់រូបលោក។ 
 
អតីតខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយប្រាប់ក្នុងសន្និសិទ្ធសារព័ត៌មានថា៖«ទីនេះគឺជាផ្ទះរបស់ខ្ញុំ ហើយក៏ជាកន្លែងដែលខ្ញុំចងរស់នៅ។ វាមិនមែនជាពេលវេលាសម្រាប់និយាយពីអនាគតរបស់នរណាម្នាក់ឡើយ។ ខ្ញុំជាអ្នកធ្វើការនៅក្លិបនេះ ចាប់តាំងពីខ្ញុំបានក្លាយជាគ្រូបង្វឹកអស់រយៈពេល ៣ ទៅ ៤ ឆ្នាំមុន។ ទីនេះហើយជាផ្ទះរបស់ខ្ញុំ ហើយក៏ជាក្លិបរបស់ខ្ញុំដែលបានបង្ហាត់បង្រៀនខ្ញុំក្នុងផ្លូវដល់ល្អ។ ខ្ញុំជាបុរសម្នាក់សម្រាប់ក្លិបមួយនេះ ខ្ញុំសប្បាយចិត្តព្រោះជាផ្ទះរបស់ខ្ញុំហើយខ្ញុំនឹងបន្តធ្វើវា។»
 
មកដល់ពេលនេះក្លិប Real Madrid មិនទាន់បញ្ចេញឈ្មោះអ្នកមកជំនួសលោក Zidane នាចប់រដូវកាល ក៏ពិតមែន ប៉ុន្តែសម្រាប់ Real Madrid លោក Allegri ព្រមទាំង Raul គឺសុទ្ធសឹងតែជាបេក្ខភាពនាំមុខក្នុងការមកជំនួសតំណែងរបស់លោក Zidane៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com