អន្តរជាតិ
Iron Dome ខែលការពារមីស៊ីលអ៊ីស្រាអែល ប្រឆាំងការវាយប្រហារផ្លូវអាកាសរបស់សត្រូវ
18, May 2021 , 7:59 pm        
រូបភាព
ឧបករណ៍បាញ់គ្រាប់មីស៊ីលនៃប្រព័ន្ធការពារមីស៊ីល Iron Dome។ រូបភាព៖ AP
ឧបករណ៍បាញ់គ្រាប់មីស៊ីលនៃប្រព័ន្ធការពារមីស៊ីល Iron Dome។ រូបភាព៖ AP
Iron Dome ជាប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែល ដែលបានបង្អាក់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស និងសត្រូវផ្សេងទៀតជាច្រើនពាន់គ្រាប់ បើគិតចាប់តាំងពីឆ្នាំ២០១១ មក។ ប្រព័ន្ធការពារមីស៊ីលមួយនេះ អាចការកម្ទេចប្រភេទអាវុធ C-RAM, មីស៊ីលនាំផ្លូវ, មីស៊ីលប្រដេញ, គ្រាប់រ៉ុក្កែត, ដ្រូនជាដើម។ 
 
ក្នុងសង្រ្គាមលីបង់លើកទី២ ក្រុមហេប៊ូឡា (Hezbollah) បានបាញ់គ្រាប់រ៉ុក្កែតជិត ៤ពាន់ មកលើទីក្រុងហៃហ្វា (Haifa) និងតំបន់ភាគខាងជើងអ៊ីស្រាអែល។ ពេលនោះ ប្រជាជនអ៊ីស្រាអែលចំនួន ៤៤នាក់ បានបាត់បង់ជីវិត និងប្រជាជនចំនួន ២៥ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀស។ ផ្តើមចេញពីសង្រ្គាមលីបង់លើកទី២ អ៊ីស្រាអែលបានសម្រេចអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលក្នុងឆ្នាំ២០០៧ ដើម្បីប្រឆាំងនឹងគ្រាប់រ៉ុក្កែតរបស់សត្រូវ។
 
រហូតដល់ឆ្នាំ២០០៩ អ៊ីស្រាអែល បានទទួលជោគជ័យលើការសាកល្បង Iron Dome ដោយបង្អាក់គ្រាប់រ៉ុក្កែតបានជាច្រើនគ្រាប់។ ប៉ុន្មានខែបន្ទាប់ កងកម្លាំងប្រតិបត្តិប្រព័ន្ធខែលការពារមីស៊ីលមួយនេះ ត្រូវបានក្រសួងការពារជាតិអ៊ីស្រាអែលបង្កើតឡើង។ 
 
នៅដើមឆ្នាំ២០១០ អ៊ីស្រាអែល បានធ្វើតេស្តដោយជោគជ័យម្តងទៀត លើការបង្អាក់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ដែលជាប្រភេទ Qassam និង Katyusha។ រហូតដល់ខែកក្កដា ឆ្នាំដដែល អ៊ីស្រាអែល បានសាកល្បងចុងក្រោយលើប្រព័ន្ធការពារមីស៊ីល Iron Dome ទាក់ទិននឹងទីតាំងដែលត្រូវបង្អាក់គ្រាប់រ៉ុក្កែត ឬមីស៊ីល។ ការធ្វើតេស្តនោះ បានប្រពឹត្តទៅដោយជោគជ័យ ដោយប្រព័ន្ធការពារមីស៊ីលប្រភេទនេះ អាចបង្អាក់គ្រាប់រ៉ុក្កែត ដែលវាយប្រហារមកលើទីក្រុង ប៉ុន្តែវានឹងមិនបាញ់កម្ទេចលើគ្រាប់រ៉ុក្កែត ដែលវាយប្រហារលើតំបន់វាលលំហ និងគ្មានមនុស្សរស់នៅឡើយ។
 
ដោយឃើញថាប្រព័ន្ធខែលការពារមីស៊ីលមួយនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្អាក់រ៉ុក្កែតរបស់សត្រូវ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានដំឡើង Iron Dome នៅក្នុងខែមីនា ឆ្នាំ២០១១។ មកទល់ពេលនេះ អ៊ីស្រាអែល បានពង្រាយប្រព័ន្ធការពារមីស៊ីលប្រភេទនេះ បានចំនួន ១០គ្រឿងហើយ។ 
 
ក្នុងឆ្នាំ២០១៤ ក្រុមហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនពាន់គ្រាប់ ប៉ុន្តែប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែលមួយនេះ អាចបង្អាក់បានស្ទើទាំងអស់។ សមត្ថភាព Iron Dome នៅតែអាចការពារអ៊ីស្រាអែល ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ ក្នុងឆ្នាំ២០២១ ដែលបានបាញ់គ្រាប់រ៉ុក្កែតជាង ២ពាន់គ្រាប់។ 
 
ប្រព័ន្ធការពារមីស៊ីល Iron Dome ចែកចេញជាបីផ្នែកសំខាន់ៗដូចជា ប្រព័ន្ធរ៉ាដាចាប់គ្រាប់រ៉ុក្កែត, ប្រព័ន្ធគ្រប់គ្រង់អាវុធ និងរៀបចំការប្រយុទ្ធ (BMC) និងឧបករណ៍បាញ់មីស៊ីល (MFU)។ លក្ខណៈពិសេសមួយរបស់ប្រព័ន្ធការពារមីស៊ីលនេះ គឺអាចប្រើប្រាស់បានគ្រប់អាកាសធាតុទាំងអស់ និងអាចគ្រប់គ្រងស្ថានការណ៍បាន បើទោះមានគ្រាប់រ៉ុក្កែតបាញ់មកច្រើន ក្នុងពេលតែមួយក៏ដោយ។ 
 
បើតាមកម្លាំងការពារជាតិអ៊ីស្រាអែល Iron Dome មួយគ្រឿង អាចការពារក្រុងមួយ ដែលមានទំហំមធ្យម និងអាចបង្អាក់គ្រាប់រ៉ុក្កែតចម្ងាយ ៧០គឺឡូម៉ែត្រ។ ប៉ុន្តែប្រព័ន្ធការពារមីស៊ីលមួយនេះ ត្រូវបានផលិតឡើង ដើម្បីតែបង្អាក់គ្រាប់រ៉ុក្កែតដែលមានចម្លាយខ្លីប៉ុណ្ណោះ។
 
ចាប់តាំងពីបង្កើត រហូតដល់ឆ្នាំ២០២១ Iron Dome ត្រូវបានអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់។ ប្រព័ន្ធខែលការពារមីស៊ីលអភិវឌ្ឍចុងក្រោយ ត្រូវបានអ៊ីស្រាអែលសាកល្បងនៅខែមីនា ឆ្នាំ២០២១ កន្លងទៅ។ 
 
ដោយសារតែសមត្ថភាពដ៏ខ្លាំងបែបនេះ បក្សសម្ព័ន្ធយោធាណាតូ បានប្រើប្រាស់ Iron Dome នៅក្នុងទឹកដីអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។ អាមេរិក បានទិញចំនួន ពីរគ្រឿង ខណៈអាស៊ៃបៃហ្សង់ និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងទិញ Iron Dome។ ស្របពេលមានការបញ្ជាទិញពីប្រទេសមួយចំនួន រដ្ឋាភិបាលអ៊ីស្រាអែល កំពុងចរចាកិច្ចព្រមព្រៀងទិញលក់ ជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតផងដែរ។ 
 
គួររំលឹកថា នៅក្នុងឆ្នាំ២០១១ ក្រុមហ៊ុន Raytheon បានសហការជាមួយក្រុមហ៊ុន Rafael របស់អ៊ីស្រាអែល ដើម្បីយក Iron Dome មកលក់នៅលើទឹកដីអាមេរិក។ លើសពីនេះ ក្រុមហ៊ុនទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់សម្ភារ Iron Dome និងបង្កើតរោងចក្រ Iron Dome ផលិតនៅអាមេរិកថែមទៀត៕
 

Tag:
 Iron Dome
© រក្សាសិទ្ធិដោយ thmeythmey.com