អន្តរជាតិ
អាមេរិក ដាក់បញ្ចូលឈ្មោះមន្រ្តីជាន់ខ្ពស់របបមីយ៉ាន់ម៉ា១៦រូបក្នុងបញ្ជីខ្មៅ
18, May 2021 , 5:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី១៧ ខែឧសភា បានសម្រេចដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាចំនួន ១៦រូបបន្ថែមទៀត ដោយក្នុងនោះរួមទាំងសមាជិកគ្រួសាររបស់ក្រុមយោធាផងដែរ។ អាមេរិកអះអាងថា មន្រ្តីជាន់ខ្ពស់ទាំងនោះ មានពាក់ព័ន្ធ និងគាំទ្ររបបយោធាក្នុងការបង្រ្កាបលើក្រុមអ្នកតវ៉ានៅមីយ៉ាន់ម៉ា។
 
អាមេរិក នៅតែបន្តដាក់ទណ្ឌកម្មជាហូរហែ ខណៈពេលក្រុមយោធាមីយ៉ាន់ម៉ា ហាក់មិនបានរងផលវិបាកអ្វីឡើយ។  ដោយសារការបង្រ្កាប និងការបាញ់សម្លាប់លើក្រុមអ្នកតវ៉ានៅតែបន្តកើតមាន អាមេរិក បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀត លើមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម់ា រួមទាំងសមាជិកគ្រួសារផង។ 
 
បុគ្គល ដែលត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិក ដាក់ទៅក្នុងបញ្ជីខ្មៅចុងក្រោយនេះ មានដូចជាសមាជិកក្រុមប្រឹក្សាយោធាគ្រប់គ្រងប្រទេសចំនួន ៤រូប, រដ្ឋមន្រ្តី ៧រូប, ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត, ទេសាភិបាលធនាគារកណ្តាលមីយ៉ាន់ម៉ា និង កូនៗមន្រ្តីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៧ ខែឧសភា ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា បានបង្រ្កាបដោយហិង្សាលើក្រុមចលនាលទ្ធិប្រជាធិបតេយ្យ និងត្រូវទទួលខុសត្រូវលើហិង្សា និងការវាយប្រហារលើប្រជាជនមីយ៉ាន់ម៉ា ដោយក្នុងនោះរួមបញ្ចូលទាំងការសម្លាប់កុមារផងដែរ។ 
 
ទណ្ឌកម្មដែលអាមេរិក ដាក់លើបុគ្គលទាំង ១៦នាក់ខាងលើ ជាការហាមឃាត់មិនឱ្យរកស៊ីជាមួយក្រុមហ៊ុនអាមេរិក រឹតត្បិតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងពាណិជ្ជកម្មសកល និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលមាននៅទឹកដីអាមេរិកជាដើម។ 
 
ចាប់តាំងពីរដ្ឋប្រហារយោធា នៅក្នុងខែកុម្ភៈកន្លងមក មនុស្សជិត ៨០០នាក់ ត្រូវបានបាញ់សម្លាប់ ខណៈបុគ្គលជិត ៤០០០នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំខ្លួន។ ដ្បិតរដ្ឋប្រហារមានរយៈពេលជាង ៣ខែមកហើយក្តី ក្រុមបាតុករមីយ៉ាន់ម៉ា នៅតែបន្តទាមទារឱ្យរដ្ឋាភិបាលយោធាចុះចេញពីតំណែង និងឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី៕
 

Tag:
 មីយ៉ាន់ម៉ា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com