អន្តរជាតិ
ធ្វើការច្រើនម៉ោងពេកបង្កើនការស្លាប់ដោយជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
19, May 2021 , 10:04 am        
រូបភាព
រូបថត AFP
រូបថត AFP
ការធ្វើការលើសពី ៥៥ម៉ោងក្នុងមួយសប្តាហ៍ អាចបង្កើនអត្រាការស្លាប់ ដោយសារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ នេះបើតាមរបាយការណ៍រួមរវាងអង្គការសុខភាពពិភពលោក (WHO) និង អង្គការពលកម្មអន្តរជាតិ (ILO) ចុះផ្សយថ្ងៃទី១៧ ខែឧសភា។

 
ចំណាយពេលវេលាធ្វើការងារច្រើនម៉ោងពេកនឹងក្លាយជាគ្រោះថ្នាក់សម្រាប់សុខភាព ហើយអ្វីដែលសំខាន់ការស្រាវជ្រាវបង្ហាញថា សកម្មភាពនេះអាចបង្កើនអត្រានៃការស្លាប់ថែមទៀត។
ជាក់ស្តែង ការសិក្សារួមមួយក្នុងរយៈ១៦ឆ្នាំ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ របស់អង្គការ WHO និង ILO  បានសន្និដ្ឋានថាការធ្វើការលើពី ៥៥ម៉ោង ក្នុងមួយសប្តាហ៍ បណ្តាលឱ្យកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ប្រមាណ៣៥ភាគរយ និងហានិភ័យនៃជំងឺបេះដូងកើនឡើង ១៧ភាគរយ បើធៀបនឹងការធ្វើការងារត្រឹម ៣៥ ទៅ៤០ ម៉ោងក្នុងមួយសប្តាហ៍។ 
 
របាយការណ៍សិក្សានោះបានបង្ហាញថា អ្នកដែលធ្វើការលើសពី ៥៥ម៉ោងក្នុងមួយសប្តាហ៍ចំនួនរហូតដល់ ៣៩៨០០០នាក់ បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និង ៣៤៧០០០ នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺបេះដូង។ 
 
«ការធ្វើការរយៈពេល៥៥ ម៉ោងឬលើសនេះក្នុងមួយសប្តាហ៍ បង្កគ្រោះថ្នាក់ ដល់សុខភាពធ្ងន់ធ្ងរ។ វាដល់ពេលហើយដែលយើងទាំងអស់គ្នា រដ្ឋាភិបាល និងនិយោជក ព្រមទាំងនិយោជិត ភ្ញាក់ខ្លួនចំពោះបញ្ហាធ្វើការច្រើនម៉ោងហួស ដ្បិតវាអាចនាំឱ្យមានការស្លាប់មុនអាយុ»។ លោកស្រី Maria Neira ប្រធាននាយកដ្ឋានបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងសុខភាពនៃអង្គការ WHO បានលើកឡើងបែបនេះ។ 
 
 របាយការណ៍ដដែលនោះកត់សម្គាល់ថា អំឡុងពេលសិក្សា ចំនួនអ្នកស្លាប់ដោយសារជំងឺបេះដូងបានកើនឡើង ៤២ភាគរយខណៈ អ្នកស្លាប់ដោយ ជំងឺដាច់សរសៃឈាមខួរក្បាលកើនឡើង ១៩ភាគរយឯណោះ។ លើសពីនេះ ករណីស្លាប់រហូតដល់ ៧២ ភាគរយ កើតឡើងក្នុងចំណោមនៃបុរស ហើយពួកគេរស់នៅតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក និងនៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកស្លាប់ភាគច្រើនមានអាយុចន្លោះពី ៦០ ទៅ៧៩ឆ្នាំ ហើយក៏ជាមនុស្សដែលធ្លាប់បានធ្វើការរយៈពេលលើសពី ៥៥ម៉ោងក្នុងមួយសប្តាហ៍ នៅពេលអ្នកទាំងអស់នោះមានអាយុចន្លោះពី ៤៥ទៅ ៧៤ឆ្នាំ។
 
កូវីដ ១៩ បង្ខំឲ្យមនុស្សធ្វើការច្រើនម៉ោងថែមទៀត លើសពី នៅក្នុងបរិបទនៃការរីករាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ការធ្វើការរបស់មនុស្សភាគច្រើនក៏ត្រូវបានកែប្រែថែមទៀត។ ដោយសារតែកត្តាសេដ្ឋកិច្ច មនុស្សមួយចំនួន ត្រូវតែបង្ខំចិត្តធ្វើការច្រើនម៉ោងដើម្បីរកប្រាក់ចំណូលបន្ថែម។ 
 
ជុំវិញបញ្ហានេះអគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានលើកជំរុញឲ្យមានការគិតគូរឡើងវិញពីប្រយោជន៍សេដ្ឋកិច្ចនិងគ្រោះថ្នាក់សុខភាពផងដែរ។
 
«គ្មានការងារណា ដែលស័ក្តសមនឹងឱ្យមនុស្សប្រឈមនឹងហានិភ័យនៃជំងឺបេះដូងនឹងជំងឺដាច់សរសៃឈាមខួរក្បាលឡើយ។ ដូច្នេះ រដ្ឋាភិបាល និងនិយោជក ព្រមទាំងកម្មករ ត្រូវតែធ្វើការរួមគ្នាដើម្បីព្រមព្រៀងលើលក្ខខណ្ឌកម្រិតនានាដើម្បីការពារសុខភាពរបស់កម្មករ»។ លោក Tedros បានសង្កត់ធ្ងន់ដូច្នេះ។ 
 
ទាក់ទិននឹងដំណោះស្រាយដែលអាចធ្វើទៅបាន អង្គការ WHO បានផ្តល់អនុសាសន៍ថា  វាជារឿងចាំបាច់ដែលរដ្ឋាភិបាល និយោជក និងកម្មករ អាចពិចារណាលើការអនុវត្តច្បាប់ និងដាក់គោលការណ៍ហាមឃាត់ការធ្វើការថែមម៉ោង។ 
 
ជាងនេះទៅទៀត ស្ថាប័ននេះក៏ស្នើឲ្យភាគីពាក់ព័ន្ធគួរកំណត់ពេលធ្វើការងារអតិបរមាមិនឱ្យលើសពី ៥៥ម៉ោងក្នុងមួយសប្តាហ៍ ដោយចែកវេនគ្នារវាងកម្មករ និងរៀបចំម៉ោងធ្វើការឱ្យមានភាពងាយស្រួលអាចផ្លាស់ប្តូរតាម កាលៈទេសៈបាន។៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com