អន្តរជាតិ
សហភាពអឺរ៉ុប អំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន
19, May 2021 , 11:59 am        
រូបភាព
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសអឺរ៉ុប។ រូបភាព៖ Xinhua
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសអឺរ៉ុប។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃទី១៨ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងពន្លឿនជំនួយមនុស្សធម៌ទៅតំបន់ កាហ្សា ស្រ្ទីប ស្របពេលប្រជាជនប៉ាឡេស្ទីននៅតំបន់នោះ កំពុងជួបប្រទះបញ្ហាជាច្រើនដូចជា ស្បៀងអាហារ និងថ្នាំពេទ្យជាដើម។ ហុងគ្រី ជារដ្ឋសមាជិកមួយគត់ ជំទាស់សេចក្ដីថ្លែងការណ៍រួមនេះ។
 
រយៈពេល ៩ថ្ងៃហើយ ដែលក្រុមហាម៉ាស់ និងអ៊ីស្រាអែលមានជម្លោះប្រដាប់អាវុធជាមួយគ្នា និងបង្កឱ្យអ្នកស្លាប់នៅក្នុងដែនដីទាំងពីរយ៉ាងហោចណាស់ ២៣០នាក់ និងអ្នករបួសជាង ១ពាន់នាក់។ ស្របគ្នា នឹងជម្លោះរវាងក្រុមអាម៉ាស់ និងអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីន ដែលមានវត្តមាននៅតំបន់ត្រើយខាងលិច (West Bank) ក៏បានផ្ទុះការតវ៉ា និងត្រូវបានអ៊ីស្រាអែលបង្រ្កាប តាមរយៈការបាញ់គ្រាប់ពិតផងដែរ។ វិបត្តិកាន់តែផុងជ្រៅ ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ 
 
ទាក់ទិននឹងបញ្ហាបែបនេះ រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៨ ខែឧសភា ដោយអំពាវនាវហាម៉ាស់ និងអ៊ីស្រាអែលឱ្យមានបទឈប់បាញ់ជាមួយគ្នា និងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅតំបន់កាហ្សា ដែលកំពុងរងគ្រោះខ្លាំងដោយសារការវាយប្រហារពីសំណាក់អ៊ីស្រាអែល។ 
 
«អាទិភាពរវាងដែនដីទាំងពីរ គឺត្រូវបញ្ឈប់រាល់ហិង្សាទាំងអស់ភ្លាមៗ និងអនុវត្តបទឈប់បាញ់»។ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសអឺរ៉ុប បានបញ្ជាក់ពីការឯកភាពរបស់រដ្ឋមន្រ្តីការបរទេសអឺរ៉ុបបែបនេះ  នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ។ បើតាមប្រធានគោលនយោបាយការបរទេសអឺរ៉ុប រដ្ឋមន្រ្តីការបរទេសអឺរ៉ុបទាំងអស់ សុទ្ធតែបានយល់ព្រមលើបញ្ហាខាងលើ លើកលែងតែហុងគ្រីដែលបដិសេធ។ 
 
ការជំទាស់របស់ហុងគ្រី ធ្វើឡើងដោយសារ វាមិនអាចជួយដោះស្រាយអ៊ីស្រាអែល និងប៉ាឡេស្ទីនបានច្រើន។ «សេចក្តីថ្លែងការណ៍នេះ មិនអាចជួយបាន ជាពិសេសនៅក្នុងស្ថានការណ៍ដែលមានពេលភាពតានតឹងឡើងខ្ពស់»។ លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រី ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ស្របគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian បានព្រមានយ៉ាងច្បាស់ៗថា ជម្លោះអាចនឹងរីកសាយនៅក្នុងតំបន់ ប្រសិនបើគ្មានបទឈប់បាញ់។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីបារាំងរូបនេះ បានបន្តទៀតថា លោកសង្ឃឹមថា អ៊ីស្រាអែល នឹងមិនបើកប្រតិបត្តិការទ័ពថ្មើរជើងវាយប្រហារលើតំបន់កាហ្សា ឡើយ៕ 
 

Tag:
 ហុងគ្រី
  អ៊ីស្រាអែល
  សហភាពអឺរ៉ុប
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com