អន្តរជាតិ
សិង្ហបុរី ជាប្រទេសទីពីរដែលអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ លើមនុស្សអាយុ១២-១៥ឆ្នាំ
19, May 2021 , 1:59 pm        
រូបភាព
និយ័តករឱសថសិង្ហបុរី នៅថ្ងៃទី១៨ ខែឧសភា បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech លើក្រុមមនុស្សអាយុពី១២ឆ្នាំទៅ១៥ឆ្នាំ។ ការអនុញ្ញាតនេះធ្វើឡើង ខណៈសិង្ហបុរីកំពុងរងការវាយប្រហារដោយជំងឺកូវីដ-១៩ ដែលក្នុងនោះអ្នកឆ្លងកាន់តែច្រើនជាមនុស្សអាយុក្រោម១៦ឆ្នាំ។ ក្រសួងសុខាភិបាលសិង្ហបុរីអះអាងថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងលើក្រុមមនុស្សវ័យជំទង់នេះ មានដូចគ្នានឹងក្រុមមនុស្សពេញវ័យដែរ។
 
សិង្ហបុរី ក្លាយជាប្រទេសទីពីរបន្ទាប់អាមេរិកដែលអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើមនុស្សអាយុពី១២ឆ្នាំទៅ១៥ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Pfizer-BioNTech ។ ដូចប្រទេសជាច្រើនទៀត កន្លងមក សិង្ហបុរីអនុញ្ញាតឱ្យចាក់វ៉ាក់សាំងលើមនុស្សអាយុ១៦ឆ្នាំឡើងប៉ុណ្ណោះ តែករណីរាលដាលជំងឺកូវីដ-១៩ បច្ចុប្បន្នដែលមានអ្នកឆ្លងជាមនុស្សក្មេងៗ តម្រូវឱ្យសិង្ហបុរីពង្រីកក្រុមមនុស្សដែលអាចទទួលវ៉ាក់សាំង។
 
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី អ្នកជំនាញផ្នែកវ៉ាក់សាំងវាយតម្លៃប្រសិទ្ធភាពដោយផ្ដោតលើសុវត្ថិភាព ប្រសិទ្ធភាព និងភាពអត់ធន់របស់វ៉ាក់សាំង ក៏ដូចជាការសាកល្បងវ៉ាក់សាំងលើក្រុមមនុស្សអាយុ១២-១៥ឆ្នាំ។ ក្រសួងសុខាភិបាលបន្តថា ទិន្នន័យដែលផ្ដល់ដោយក្រុមហ៊ុនផលិតវ៉ាក់សាំងខាងលើ បង្ហាញពីប្រសិទ្ធភាពខ្ពស់ស្របគ្នានឹងប្រសិទ្ធភាពលើក្រុមប្រជាជនពេញវ័យដែរ។ 
 
ដោយឡែក អាជ្ញាធរវិទ្យសាស្ត្រសុខាភិបាលដែលជានិយ័តករឱសថសិង្ហបុរី បញ្ជាក់ថា ការត្រួតពិនិត្យរបស់ខ្លួនលើការធ្វើតេស្តវ៉ាក់សាំងក៏បង្ហាញពីការឆ្លើយតបខ្ពស់របស់ប្រព័ន្ធភាពស៊ាំផងដែរ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNA ។
 
សូមបញ្ជាក់ថា សិង្ហបុរីដែលត្រូវមើលឃើញថា អាចគ្រប់គ្រងជំងឺកូវីដ-១៩ បាននោះ កំពុងប្រឹងប្រែងទប់ស្កាត់ករណីឆ្លងថ្មី ដែលមានវត្តមានវីរុសបំប្លែងខ្លួនពីឥណ្ឌាផង។ សិស្សសាលាជាច្រើននាក់ ស្ថិតក្នុងចំណោមករណីឆ្លងថ្មីរហូតបង្ខំឱ្យរដ្ឋាភិបាលសិង្ហបុរីលុបចោលការរៀនក្នុងថ្នាក់ ហើយប្ដូរទៅជាការរៀនតាមផ្ទះវិញ។ មន្រ្តីសិង្ហបុរីធ្លាប់អះអាងថា វីរុសទម្រង់ថ្មី ហាក់ដាក់គោលដៅលើក្មេងៗជាជាងមនុស្សចាស់។
 
ដើម្បីទប់ស្កាត់ការរាលដាល សិង្ហបុរី ក៏សម្រេចពន្យារពេលចាក់ដូសទីពីរផងដែរ។ រដ្ឋមន្រ្តីសុខាភិបាលសិង្ហបុរី លោក Ong Ye Kung ប្រកាសក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៨ ខែឧសភា ថា ការចាក់ដូសទីពីរ នឹងធ្វើនៅចន្លោះ៦ទៅ៨សប្ដាហ៍ក្រោយការចាក់ដូសទីមួយ ជំនួសឱ្យរយៈពេលបច្ចុប្បន្នដែលមានពី៣ទៅ៤សប្ដាហ៍៕  
 
 
 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com