អន្តរជាតិ
ចិនថា វត្តមាននាវាចម្បាំងអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់ គំរាមសន្តិភាពតំបន់
19, May 2021 , 4:29 pm        
រូបភាព
នាវាចម្បាំងអាមេរិក USS Curtis Wilbur ។ រូបថត AFP
នាវាចម្បាំងអាមេរិក USS Curtis Wilbur ។ រូបថត AFP
ដោយ ជា ពេជ្រដាឡែន
នាវាចម្បាំងអាមេរិកមួយគ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី១៨ ខែឧសភា ក្រោមគោលការណ៍ដែលអាមេរិកតែងប្រើប្រាស់មានសេរីភាពនាវាចរណ៍ និងច្បាប់អន្តរជាតិ។ ចិនឯណោះ ចាត់ទុកវត្តមាននាវាចម្បាំងអាមេរិក ជាការគំរាមសន្តិភាពតំបន់ និងជាការផ្ដល់សង្ឃឹមដល់ក្រុមគាំទ្រឯករាជ្យនៅតៃវ៉ាន់។
 
 
«សកម្មភាពរបស់អាមេរិក បានបញ្ជូនសញ្ញាអវិជ្ជមានទៅកងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ ដោយធ្វើ ឱ្យរំខានដល់ស្ថានការណ៍ក្នុងតំបន់ដោយចេតនា និងបង្កអន្តរាយដល់សន្តិភាព ស្ថិរភាពនៅទូទាំងច្រក សមុទ្រតៃវ៉ាន់។» អ្នកនាំពាក្យទីបញ្ជាការយោធាភូមិភាគភាគខាងកើតនៃកងទ័ពចិន និយាយបែបនេះក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៩ ខែឧសភា ដោយឆ្លើយតបនឹងវត្តមាននាវាចម្បាំង USS Curtis Wilbur នៅច្រកសមុទ្រតៃវ៉ាន់។
 
យោធាចិន ប្រកាសប្រឆាំងដាច់ខាតទង្វើរបស់យោធា និងថ្កោលទោសចំពោះសកម្មភាពនេះ។ 
 
បើតាមការប្រកាសរបស់កងនាវាចរណ៍ទី៧ របស់កងទ័ពជើងទឹកអាមេរិក ការឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ដោយនាវាចម្បាំង USS Curtis Wilbur គឺស្របទៅនឹងច្បាប់អន្តរជាតិ ហើយសកម្មភាព របស់អាមេរិក ធ្វើឡើងក្នុងគោលបំណងបង្ហាញថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់សេរី និងបើកចំហ។ កងនាវាចរណ៍ទី៧ បន្តថា នៅពេលអនាគត អាមេរិកនឹងនៅតែបន្តហោះហើរ បើកនាវា និងធ្វើ ប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត។
 
ចំពោះការបើកកាត់របស់នាវាចម្បាំងអាមេរិកនេះ  ក្រសួងការពារជាតិតៃវ៉ាន់ លើកឡើង នាវាអាមេរិក បានបើកឆ្ពោះទៅទិសខាងត្បូងដោយឆ្លងកាត់ច្រកសមុទ្រដូចពេលធម្មតាប៉ុណ្ណោះ។
 
ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់កើនឡើងខ្លាំង ស្របពេលដែលចិន និងអាមេរិកបង្កើនសកម្មភាពរៀងៗខ្លួន។ ចិន បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងទៅក្បែរកោះតៃវ៉ាន់ជាច្រើនលើកច្រើនសារ ក្នុងន័យផ្ដល់សារព្រមានកោះមួយនេះ។ អាមេរិកក៏បង្កើនសកម្មភាពយោធាតាមរយៈការបញ្ជូននាវាចម្បាំងទៅក្បែរតៃវ៉ាន់ និងបញ្ជូនមន្រ្តីជាលើកទៅដែនកោះមួយនេះផង៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com