អន្តរជាតិ
សភាតំណាងអាមេរិក អនុម័តសេចក្តីស្នើច្បាប់ប្រឆាំងការរើសអើងជនជាតិអាស៊ី
19, May 2021 , 7:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
សភាតំណាងអាមេរិក នៅថ្ងៃទី១៨ ខែឧសភា បានអនុម័តក្នុងសំឡេងភាគច្រើន លើសេចក្តីស្នើច្បាប់ប្រឆាំងការស្អប់ខ្ពើមជនជាតិអាស៊ី។ បន្ទាប់ពីអនុម័តរួច សេចក្តីស្នើច្បាប់មួយនេះ ត្រូវបញ្ជូនទៅតុរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ដើម្បីចុះហត្ថលេខា និងប្រកាសឱ្យប្រើប្រាស់។
 
ក្នុងអំឡុងពេលផ្ទុះកូវីដ-១៩ ជនជាតិអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី រងការស្អប់ខ្ពើម និងការរើសអើងយ៉ាងខ្លាំងនៅក្នុងទឹកដីអាមេរិក ដោយសារមនុស្សមួយចំនួនយល់ថា ជនជាតិអាស៊ី ជាអ្នកបង្កឱ្យមានវិបត្តិកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរើសអើស និងហិង្សាលើជនជាតិអាស៊ីតទៅទៀត ច្បាប់ប្រឆាំងការស្អប់កូវីដ-១៩ (COVID-19 Hate Crimes Act) ត្រូវ តាក់តែងដោយសភាទាំងពីរ។ 
 
បន្ទាប់ពីត្រូវបានព្រឹទ្ធសភាអនុម័តនៅក្នុងខែមេសាកន្លងទៅ ពេលនេះសភាតំណាងអាមេរិក បានអនុម័តក្នុងសំឡេងភាគច្រើនលើសេចក្តីស្នើច្បាប់ឧក្រិដ្ឋកម្មប្រឆាំងការរើសអើងជនជាតិអាស៊ី។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សេចក្តីស្នើច្បាប់ខាងលើ ត្រូវបានសភាតំណាងអនុម័តក្នុងសំឡេងគាំទ្រ ៣៦៤ និងសំឡេងប្រឆាំងចំនួន៦២។ 
 
ក្នុងការអនុម័តនេះ ប្រធានសភាតំណាង លោកស្រី ណាន់ស៊ី ផេឡូស៊ី បញ្ជាក់ថា នេះជាជំហានដ៏សំខាន់មួយ ដើម្បីពង្រឹងប្រព័ន្ធការពារជាតិប្រឆាំងនឹងអំពើហិង្សាលើជនជាតិអាមេរិក-អាស៊ី និងប្រជាជនរស់នៅដែនកោះបាស៊ីហ្វិក (AAPI)។ «ជំហានទាំងនេះ នឹងធ្វើឱ្យមានភាពខុសគ្នាគួរឱ្យកត់សម្គាល់ ក្នុងការដោះស្រាយការស្អប់ខ្ពើមនៅក្នុងអាមេរិក»។ លោកស្រី ផេឡូស៊ី បានលើកឡើងបែបនេះ ដោយបន្ថែមថា វាមិនត្រឹមតែផ្លាស់ប្តូរក្នុងអំឡុងវិបត្តិកូវីដ-១៩ ឡើយ ប៉ុន្តែវានឹងប្រែប្រួល ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ 
 
ជានីតិវិធីបន្ទាប់ សេចក្តីស្នើច្បាប់ខាងលើនឹងដាក់ទៅតុប្រធានាធិបតីអាមេរិក។ អ្នកនាំពាក្យសេតវិមាន លោកស្រីJen Psaki សរសេរបណ្តាញសង្គម Twitter  ថា លោក ចូ បៃឌិន កំពុងត្រៀមខ្លួនចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ខាងលើនៅក្នុងសប្តាហ៍នេះ។ 
 
តាមការបញ្ជាក់របស់ប្រធានសភាតំណាង ករណីហិង្សា និងការរើសអើងលើជនជាតិអាស៊ី បានកើតឡើងច្រើនជាង ៦៦០០ករណី នៅចន្លោះខែមីនា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១ ៕
 

Tag:
 អាមេរិក
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com