អន្តរជាតិ
ក្រុមប្រដាប់អាវុធជនភាគតិចកាឈិន វាយប្រហាររថយន្តដឹកសាំងរបស់យោធាមីយ៉ាន់ម៉ា
19, May 2021 , 6:29 pm        
រូបភាព
ក្រុមប្រដាប់អាវុធជនជាតិភាគតិចកាឈិន វាយប្រហារលើរថយន្តដឹកសាំង ដែលសង្ស័យថាជារបស់យោធាមីយ៉ាន់ម៉ា។ រូបភាព៖ The Irrawaddy
ក្រុមប្រដាប់អាវុធជនជាតិភាគតិចកាឈិន វាយប្រហារលើរថយន្តដឹកសាំង ដែលសង្ស័យថាជារបស់យោធាមីយ៉ាន់ម៉ា។ រូបភាព៖ The Irrawaddy
កងទ័ពឯករាជ្យកាឈិន (KIA) បានវាយប្រហាររថយន្តចំនួន៧គ្រឿងដែលដឹកសាំងសម្រាប់ចាក់យន្តហោះ។ ការវាយប្រហារនេះ ធ្វើឡើងដោយសារតែក្រុមប្រដាប់អាវុធជនជាតិភាគតិចកាឈិនសង្ស័យថា សាំងទាំងនោះ ផ្គត់ផ្គង់ឱ្យយោធាមីយ៉ាន់ម៉ា។ នេះបើតាមការអះអាងរបស់មន្រ្តីព័ត៌មានកងទ័ពឯករាជ្យកាឈិន នៅថ្ងៃទី១៨ ខែឧសភា។

 
ការប៉ះទង្គិចរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចកាឈិន កើតមានជាញឹកញាប់នៅក្នុងក្រុង Momauk ក្នុងរដ្ឋ Kachin។ យោធាមីយ៉ាន់ម៉ា តែងបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារក្រុមកាឈិនជាញឹកញយ។ 
 
កងទ័ពឯករាជ្យកាឈិន បានវាយប្រហារលើរថយន្ត៧គ្រឿងដែលដឹកសាំងសម្រាប់ចាក់យន្តហោះដែលនាំចូលពីចិន។ ការវាយប្រហារនេះ ធ្វើឡើងដោយសារសង្ស័យថា សាំងទាំងនោះ យកទៅចាក់យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាតែម្ដង។ 
 
«ប្រជាជនប្រាប់យើងថាសាំងនោះ មិនមែនសម្រាប់ប្រើប្រាស់ជាសាធារណៈឡើយ ប៉ុន្តែសម្រាប់ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា ដូច្នេះយើងបានបើកការវាយប្រហារទៅ»។ វរសេនីយឯក លោក Naw Bu មន្រ្តីព័ត៌មាន KIA បានលើកឡើងបែបនេះ ដោយបន្ថែមថា រថយន្តចំនួន ៥គ្រឿង ត្រូវបានវាយប្រហារលើមហាវិថីសហព័ន្ធ និងពីរគ្រឿងទៀត ត្រូវបានបាញ់កម្ទេចក្នុងរដ្ឋ Shan នៅថ្ងៃទី១៧ និង១៨ ខែឧសភា។ 
 
បើតាមការបញ្ជាក់របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយនេះ គ្មានការប្រយុទ្ធគ្នាណាមួយកើតឡើងឡើយ បន្ទាប់ពីបាញ់កម្ទេចរថយន្តដឹកសាំងនោះមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។ 
 
គួររំលឹកថា នៅមុនរដ្ឋប្រហារយោធាដើមខែកុម្ភៈ ក្រុមប្រដាប់អាវុធកាឈិន បានចរចាស្វែងរកបទឈប់បាញ់ជាមួយយោធាមីយ៉ាន់ម៉ាជាច្រើនលើកហើយ ប៉ុន្តែចាប់តាំងពីមានការបាញ់សម្លាប់លើអ្នកតវ៉ាមីយ៉ាន់ម៉ាមក ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយនេះ បានបើកការវាយប្រហារលើយោធាឡើងវិញ៕  
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
  ក្រុមប្រដាប់អាវុធជនជាតិភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com