អន្តរជាតិ
តៃវ៉ាន់ ទទួលវ៉ាក់សាំង៤១ម៉ឺនដូសពី COVAX ខណៈអត្រាឆ្លងកូវីដ-១៩ កើនឡើង
19, May 2021 , 9:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ ឈួ ស៊ាវយីងជាវ 

នៅថ្ងៃទី១៩ ខែឧសភា រដ្ឋាភិបាលតៃវ៉ាន់ បានបងើ្កនកម្រិតប្រកាសអាសន្នទូទាំងកោះ ក្រោយករណីឆ្លងក្នុងស្រុកបន្តកើនឡើងខ្លាំងជាបន្តបន្ទាប់។ ជាមួយគ្នានេះ តៃវ៉ាន់ ក៏ទទួលបានវ៉ាក់សាំងប្រមាណ៤១ម៉ឺនដូសតាមរយៈយន្តការ COVAX ផងដែរ។

ក្រោយស្ងប់ស្ងាត់ជាយូរ និងត្រូវមើលឃើញថា ជាដែនដីសុខសាន្តនោះ កោះតៃវ៉ាន់ កំពុងប្រឈមុខរលកឆ្លងក្នុងស្រុកមិនធ្លាប់។ មួយសប្ដាហ៍កន្លងមក តៃវ៉ាន់ រកឃើញករណីឆ្លងក្នុងសហគមន៍ជាងមួយពាន់ករណីឯណោះ។ អាជ្ញាធរដែនកោះនេះ ក៏ប្រកាសបង្កើនកម្រិតអាសន្នទូទាំងកោះ ដើម្បីទប់ស្កាត់ការរាលដាល។ 
 
លោក Chen Shih Chung រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់បញ្ជាក់ថា ឥឡូវនេះតៃវ៉ាន់មិនទាន់ចាំបាច់អនុវត្តវិធានការបិទខ្ទប់ទាំងស្រុងនោះទេ ហើយប្រាប់ប្រជាជនក៏មិនគួរមានការព្រួយបារម្ភខ្លាំងពេកដែរ។ លោក Chen បន្តថា បច្ចុប្បន្ននេះសមត្ថភាពនៃប្រព័ន្ធសុខាភិបាលតៃវ៉ាន់ មានគុណភាពល្អគ្រប់គ្រាន់សម្រាប់ព្យាបាលដូច្នោះមិនគួរព្រួយបារម្ភឡើយ។
 
ទោះបីជាយ៉ាងណា តៃវ៉ាន់ បានដាក់ចេញវិធានការមួយចំនួនដោយរួមមាន ការឹតត្បិតការជួបជុំ និងបានបិទទីកន្លែងកំសាន្តនានា ចាប់តាំងពីមានការផ្ទុះករណីឆ្លងនៅទីក្រុងតៃប៉ិថ្មីដែលនៅព័ទ្ធជុំវិញរដ្ឋធានីតៃប៉ិកាលពីចុងសប្តាហ៍មុន។
 
ទន្ទឹមនឹងនេះ នៅថ្ងៃទី១៩ ខែឧសភានេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ប្រមាណ៤១០,០០០ដូស នឹងមកដល់តៃវ៉ាន់ផងដែរ តាមរយៈយន្តការ COVAX ។ «ការមកដល់នៅវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នេះពិតជាមានតម្លៃណាស់ ហើយវានឹងត្រូវផ្ដល់អាទិភាពដល់ក្រុមគ្រូពេទ្យជួរមុខ»។ នេះជាការបញ្ជាក់របស់លោក Chen ។
 
ខណៈកំពុងប្រឈមនៃការកើនឡើងករណីឆ្លងនិងកង្វះវ៉ាក់សាំង រដ្ឋាភិបាលតៃវ៉ាន់ កំពុងព្យាយាមខ្លាំងដើម្បីទទួលបានវ៉ាក់សាំងថែមទៀត។ មន្រ្តីការទូតរបស់តៃវ៉ាន់នៅបរទេស បានចរចាជាមួយប្រទេសនានាពាក់ព័ន្ធវ៉ាក់សាំងនេះ។ នៅអាមេរិក តំណាងតៃវ៉ាន់ ក៏មានការចរចារជាមួយអាមេរិកលើការចែកចាយវ៉ាក់សាំងដែលប្រធានាធិបតី ចូ បៃដិន គ្រោងឱ្យបរទេសផងដែរ។ ចិន ក៏ត្រៀមជួយតៃវ៉ាន់ដែរ តែតៃវ៉ាន់មិនទាន់យល់ព្រម៕
 
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com