អន្តរជាតិ
អ៊ីស្រាអែលនិងហាម៉ាស់ ប្តេជ្ញាបន្តប្រយុទ្ធ ខណៈអាមេរិកជំរុញឱ្យបន្ធូរបន្ថយស្ថានការណ៍
20, May 2021 , 10:29 am        
រូបភាព
លោកបេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបភាព៖ AFP
លោកបេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបភាព៖ AFP
អ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់កាហ្សា នៅថ្ងៃទី១៩ ខែឧសភាបានប្តេជាបន្តប្រយុទ្ធជាមួយគ្នាតទៅទៀត បើទោះមានការអំពាវនាវពីប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ឱ្យបន្ធូរបន្ថយការបាញ់គ្នាទៅវិញទៅមក ដើម្បីឈានទៅរកបទឈប់បាញ់។ ការវាយប្រហារទៅមកជម្លោះឈានចូលដល់ថ្ងៃទី១១។
 
 
ជម្លោះរវាងអ៊ីស្រាអែល និងយុទ្ធជនហាម៉ាស់ នៅតំបន់កាហ្សា នៅតែបន្ត ខណៈអ្នកស្លាប់បានកើនដល់ ២២៧នាក់ និងរបួសជាច្រើនពាន់នាក់។ អាគារនៅក្នុងតំបន់កាហ្សាជិត ៤៥០ខ្នង ត្រូវបំផ្លាញ ខណៈប្រជាជនប៉ាឡេស្ទីនប្រមាណ ៥២,០០០នាក់ បានចំណាកស្រុកទៅរកកន្លែងសុវត្ថិភាព។ 
 
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ទទូចឱ្យភាគីទាំងសងខាង បន្ធូរបន្ថយការប្រយុទ្ធគ្នា ដើម្បីឈានទៅរកបទឈប់បាញ់ក្នុងការសន្ទនាតាមទូរសព្ទជាមួយលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន ប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំអាមេរិក និងអ៊ីស្រាអែល បានពិភាក្សាពីព្រឹត្តិការណ៍នៅតំបន់កាហ្សា និងការបន្ថយកម្លាំងប្រយុទ្ធរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។
 
«ប្រធានាធិបតីអាមេរិក បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា លោករំពឹងថា ការបន្ធូរបន្ថយនៅក្នុងថ្ងៃនេះ គឺជាជំហានទៅរកបទឈប់បាញ់»។ លោកស្រី Jean-Pierre បានលើកឡើងបែបនេះ នៅថ្ងៃទី១៩ ខែឧសភា។ 
 
បន្ទាប់ពីការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានអាមេរិក លោក ណេតាន់យ៉ាហ៊ូ បានសាទរចំពោះការគាំទ្ររបស់អាមេរិកមកលើខ្លួន ប៉ុន្តែអ៊ីស្រាអែល នឹងបន្តវាយប្រហារលើយុទ្ធជនហាម៉ាស់ រហូតដល់មានភាពស្ងប់ស្ងាត់ និងសន្តិសុខសម្រាប់ប្រជាជនអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al-Jazeera។ 
 
«អ៊ីស្រាអែល នឹងប្តេជ្ញាបន្តប្រតិបត្តិការមួយនេះ រហូតដល់គោលបំណងខ្លួនបានសម្រេច»។ មេដឹកនាំអ៊ីស្រាអែលបន្ថែមបែបនេះ។ 
 
មិនខុសពីអ៊ីស្រាអែលឡើយ ក្រុមហាម៉ាស់ នៅតែប្តេជ្ញាប្រយុទ្ធជាមួយអ៊ីស្រាអែលបន្តទៀត រហូតទាល់តែអ៊ីស្រាអែលបញ្ឈប់ការឈ្លានពាន នៅក្នុងទីក្រុងហ៊េ្សរុយសាឡិម និងការបាញ់ប្រហារមកលើតំបន់កាហ្សា។ ប្រសិនបើអ៊ីស្រាអែល មិនអាចបញ្ចប់សកម្មភាពបែបនោះ ក្រុមហាម៉ាស់ នឹងចូលតុចរចា ស្តារសន្តិភាពឡើងវិញ។ 
 
ស្របគ្នានេះ មេដឹកនាំឥស្លាមជីហាត ដែលជាក្រុមប្រដាប់អាវុធមួយទៀត នៅក្នុងតំបន់កាហ្សា ក៏បានលើកឡើងដូចក្រុមហាម៉ាស់ដែរថា ដំណោះស្រាយស្វែងរកសន្តិភាព គឺការពារទីក្រុងហ៊េ្សរុយសាឡិម និងប្រជាជន។ 
 
គិតត្រឹមថ្ងៃទី២០ ខែឧសភា ការបាញ់ប្រហាររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានឈានដល់ថ្ងៃទី១១ហើយ ខណៈប្រទេសជាច្រើន បានអំពាវនាវឱ្យដែនដីទាំងពីរ មានបទឈប់បាញ់ជាមួយគ្នា ដើម្បីបញ្ឈប់ការបង្ហូរឈាម៕
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស់
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com