អន្តរជាតិ
អាមេរិក-រុស្ស៊ីទទួលស្គាល់ការខ្វែងគំនិតគ្នាក្នុងទំនាក់ទំនង តែកិច្ចសន្ទនា ជារឿងចាំបាច់
20, May 2021 , 1:36 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន ស្វាគមន៍សមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន ស្វាគមន៍សមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ រូបថត AFP
ប្រមុខការទូតអាមេរិក និងរុស្ស៊ី បានជួបតទល់គ្នាជាលើកទីមួយនៅថ្ងៃទី១៩ ខែឧសភានៅទឹកដីអ៊ីស្លង់ ជាមួយនឹងការទទួលស្គាល់ថា ទំនាក់ទំនងប្រទេសទាំងពីរ មិនចំណុចខុសគ្នាជាច្រើន។ ប៉ុន្តែប្រមុខការទូតទាំងពីរ ក៏សង្កត់ធ្ងន់ពីការជជែកគ្នាដើម្បីដោះស្រាយបញ្ហាពិភពលោកផងដែរ។
 
ជំនួបរវាងលោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក បានជួបជាមួយសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ជាជំនួបថ្នាក់ខ្ពស់កម្រិតដំបូងរវាងអាមេរិក និងរុស្ស៊ី ចាប់តាំងពីលោក ចូ បៃឌិន ចូលកាន់តំណែងនៅដើមឆ្នាំ២០២១ ។ ប្រមុខការទូតទាំងពីរ និយាយដោយមិនលាក់លៀមឡើយពីទំនាក់ទំនងទ្វេភាគីដ៏រប៉ាក់រប៉ើក។
 
នាជំនួបនៅទីក្រុងរីក្យាវិក លោក ប្លីងខិន និយាយត្រង់ៗថា វាមិនមែនជារឿងអាថ៌កំបាំងឡើយដែលរុស្ស៊ី និងអាមេរិកខ្វែងគំនិតគ្នា ប៉ុន្តែពិភពលោកនឹងកាន់តែមានសុវត្ថិភាព បើមេដឹកនាំប្រទេសទាំងពីរធ្វើការជាមួយគ្នា។ ចំណែលោក ឡាវរ៉ូវ វិញ លើកឡើងថា ប្រទេសទាំងពីរមានរឿងជាច្រើនដែលមិនទាន់ដោះស្រាយ ហើយការដោះស្រាយនោះ ក៏មិនងាយស្រួលដែរ។
 
នាជំនួបប្រមាណពីរម៉ោង ប្រមុខការទូតអាមេរិក ក៏បញ្ជាក់ជាថ្មីអ្វីដែលលោក បៃឌិន ធ្លាប់ប្រកាសកន្លងមក គឺអាមេរិកចង់បានទំនាក់ទំនងដែលអាចប៉ាន់ស្មានបាន និងមានស្ថិរភាព។ ប្រទេសទាំងពីរ ក៏ត្រូវធ្វើការជាមួយគ្នាលើបញ្ហាប្រឈមដូចជា វិបត្តិជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង អ៊ីរ៉ង់ និងសង្រ្គាមនៅអាហ្វហ្កានីស្ថានជាដើម។ បញ្ហាអ៊ុយក្រែន និងការបំពុលអ្នកនយោបាយប្រឆាំង Alexei Navalny ក៏ត្រូវបានលោក ប្លីងខិន លើកឡើងដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ឡាវរ៉ូវ ចាត់ទុកជំនួបនេះ ជាកិច្ចសន្ទនាប្រកបដោយការស្ថាបនា។ ប្រមុខការទូតរុស្ស៊ី ក៏សង្កត់ធ្ងន់ពីភាពចាំបាច់ដែលរុស្ស៊ី និងអាមេរិកត្រូវជម្នះស្ថានភាពមិនសូវល្អនាពេលបច្ចុប្បន្ន។ 
 
អ្វីគួរឱ្យចាប់អារម្មណ៍នោះ កន្លះក្រោយប្រមុខការទូតទាំងពីរបើកកិច្ចប្រជុំ អាមេរិក ក៏ដាក់ទណ្ឌកម្មមួយថ្មីទៀតលើរុស្ស៊ី។ អាមេរិក ដាក់ទណ្ឌកម្មលើកប៉ាល់ និងក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីមកអឺរ៉ុប ដែលរដ្ឋបាលលោក បៃឌិន ជំទាស់ដាច់ណាត់។ លោក ឡាវរ៉ូវ មិននិយាយអ្វីឡើយពីរឿងនេះក្នុងសន្និសីទសារព័ត៌មានក្រោយជំនួប តែមន្ត្រីមូស្គូប្រកាសហើយថា ការផ្អឹបទណ្ឌកម្ម នឹងជួយស្ដារទំនាក់ទំនងទ្វេភាគី៕  
 
 
 

Tag:
 អាមេរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com