អន្តរជាតិ
ជប៉ុនបន្តហាមឃាត់ជនបរទេសចូលប្រទេសខ្លួនដោយបញ្ចូលទាំងអ្នកទៅពីកម្ពុជា និងថៃ ផងដែរ
20, May 2021 , 3:59 pm        
រូបភាព
រូបភាព៖ Kyodo
រូបភាព៖ Kyodo
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៩ ខែឧសភា បានប្រកាសថា ខ្លួននឹងហាមឃាត់ជនបរទេស ដែលធ្លាប់ធ្វើដំណើរមកកម្ពុជា ថៃ និងបណ្តាប្រទេសចំនួន ៥ផ្សេងទៀត ចូលមកក្នុងប្រទេសខ្លួន ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩។ គិតមកទល់ពេលនេះ ជប៉ុនរឹតបន្តឹងលើជនបរទេស ដែលមកពីប្រទេស និងដែនដីចំនួន ១៥៩ ហើយ។
 
ការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យរដ្ឋាភិបាលជប៉ុន ដាក់ចេញវិធានការជាច្រើន ដើម្បីបង្ការ។ ម្យ៉ាងដើម្បីទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មី និងករណីឆ្លងមកមកពីក្រៅប្រទេស ជប៉ុន បានហាមឃាត់ជនបរទេសមកប្រទេស និងតំបន់ជាច្រើន។ 
 
ក្រោមការរឹតត្បិតជនបរទេសមកពីបរទេសនេះ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៩ ខែឧសភា បានប្រកាស ហាមឃាត់ជនបរទេសមកពី កម្ពុជា ថៃ ស្រីលង្កា សីស្ហែល ទីម័រខាងកើត ម៉ុងហ្គោលី និងសាំងលូស៊ី ។ ការរឹតបន្តឹងនេះ ធ្វើឡើងក្រោមហេតុផល ទប់ស្កាត់ការរីកសាយកូវីដ-១៩ នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times។
 
ការហាមឃាត់ខាងលើ នឹងអនុវត្តចំពោះជនបរទេស ដែលធ្លាប់ស្នាក់នៅក្នុងបណ្តាប្រទេសទាំង៧ រយៈពេល ១៤ថ្ងៃ បន្ទាប់ពីទៅដល់ប្រទេសទាំងនោះ លើកលែងតែកាលៈទេសៈពិសេស។ ប៉ុន្តែវិធានការនេះ  មិនរួមបញ្ចូលជនជាតិជប៉ុនឡើយ។ 
 
នៅថ្ងៃទី១៩ ខែឧសភា ករណីឆ្លងកូវីដ-១៩ នៅជប៉ុន បានហក់ឡើងរហូតដល់ជាង ៥ពាន់ករណី និងអ្នកស្លាប់មានចំនួន ២២៧នាក់។ គិតមកទល់ពេលនេះ ជប៉ុនមានករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៧០ម៉ឺនករណី និងអ្នកស្លាប់ជាង ១ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៦០ម៉ឺននាក់។ 
 
ស្របពេលករណីឆ្លងកំពុងតែហក់ឡើង ក្រុមអ្នកជំនាញជប៉ុន ត្រៀមអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចំនួន ពីរប្រភេទទៀតក្នុងថ្ងៃទី២០ ខែឧសភា។ វ៉ាក់សាំងទាំងពីរនោះ មានដូចជា វ៉ាក់សាំងក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំង Moderna។ កន្លងមក ជប៉ុន បានប្រើវ៉ាក់សាំងក្រុមហ៊ុន Pfizer តែមួយប៉ុណ្ណោះ។ 
 
គួររំលឹកថា នៅចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ជប៉ុន បានសម្រេចមិនអនុញ្ញាតឲ្យជនបរទេស ដែលមិនរស់នៅ ឬស្នាក់ជប៉ុន ចូលមកក្នុងប្រទេសម្តងហើយ ដោយកាលនោះ ជប៉ុនបារម្ភពីការរីកសាយកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីរបស់អង់គ្លេស៕ 
 

Tag:
 ជប៉ុន
  ថៃ
  កម្ពុជា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com