ជាតិ
សង្គមជាតិ
ទណ្ឌិត២៧នាក់នៅបន្ទាយមានជ័យ ទទួលបានការបន្ធូរបន្ថយទោស ពី៣ខែ ទៅ៦ខែ
20, May 2021 , 6:59 pm        
រូបភាព
ទណ្ឌិត (រូបពីនគរបាលជាតិ)
ទណ្ឌិត (រូបពីនគរបាលជាតិ)
ភ្នំពេញ៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា អ្នកទោស២៧នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានលើកលែងទោសពី៣ខែ ទៅ៦ខែ។ ការលើកលែងនេះ គឺធ្វើឡើតាមសំណើស្នើសុំលើកលែងនិងបន្ធូរបន្ថយទោសនាឱកាសបុណ្យចូលឆ្នាំនិងវិសាខបូជា។

កាលពីថ្ងៃទី១៩ឧសភានេះ លោក គឹង វណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសលើកលែងទោសដល់ទណ្ឌិតទាំង២៧នាក់នោះ។ 
 
លោក នុត សវនា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «ទណ្ឌិត២៧នាក់នេះ គឺទទួលបានការលើកលែងទោស ពីព្រះមហាក្រត្ស នាពេលបុណ្យចូលឆ្នាំខ្មែរ និងវិសាខបូជាហើយ ទើបខេត្តធ្វើពិធីប្រកាសលើកលែងទោសឲ្យពួកគេ»។ 
 
ពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកជាប់ឃុំជាង១ ៥០០នាក់ ក្នុងនោះស្រីមាន៩៩នាក់ ដែលជាជនត្រូវចោទ ជាប់ចោទ ពិរុទ្ធជន ទណ្ឌិត និងអនីតិជន។ នេះបើតាមលោក អ៊ុង ស៊ីផាន ដោយបញ្ជាក់ទៀតថា ក្នុងអ្នកជាប់ឃុំទាំងនោះមាន អ្នកចូលថ្មី៧៤នាក់ សុទ្ធតែមេខ្យល់ដែលនាំពលរដ្ឋឆ្លងដែន។ លោកថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារកសិកម្មការ សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារបានយ៉ាងល្អ។ ក្រៅពីនេះ អង្គភាពនៃពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏មានប៉ុស្តិ៍សុខភាពមួយខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ ហើយមានផ្នែកសុខាភិបាល ជាអ្នកទទួលខុសត្រូវផងដែរ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ៕ 
 

Tag:
 ទណ្ឌិត
 បន្ទាយមានជ័យ
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com