អន្តរជាតិ
EU នឹងអនុញ្ញាតជនបរទេសដែលបានចាក់វ៉ាក់សាំងរួចអាចធ្វើដំណើរចូលប្លុកអឺរ៉ុបបាន
20, May 2021 , 6:29 pm        
រូបភាព
ដោយ ជា ពេជ្រដាឡែន
ប្រទេសទាំង២៧នៃសហភាពអឺរ៉ុប បានឯកភាពគ្នាបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរដែលនឹងបើកទ្វារប្លុកតំបន់មួយនេះទទួលអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់សម្រាប់វិស្សមកាល រដូវក្ដៅខាងមុខ។
 
តាំងពីឆ្នាំ២០២០ មក ប្លុកអឺរ៉ុប បានបិទព្រំដែនរបស់ខ្លួនមិនទទួលអ្នកដំណើរមិនចាំបាច់ឡើយ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ ប៉ុន្តែដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់នោះ ប្រទេសអឺរ៉ុប នឹងបន្ធូរវិធានការរឹតត្បិតរបស់ខ្លួនលើអ្នកដំណើរមកពីក្រៅប្លុក។
 
ក្រោមការរឹតត្បិតនាពេលបច្ចុប្បន្ន អ្នកដំណើរមកពីប្រទេសដែលស្ថិតក្នុងបញ្ជីប្រទេសមានសុវត្ថិភាព ចំនួនតែប្រាំពីរអាចចូលសហភាពអឺរ៉ុបនៅថ្ងៃវិស្សមកាលបានដូចជាអូស្រ្តាលី អ៊ីស្រាអែល និងសិង្ហបុរី ជាដើម ទោះបីជាមិនទាន់បានចាក់វ៉ាក់សាំងក៏ដោយ។ ពួកគេ ត្រូវមានលទ្ធផលតេស្ដកូវីដអវិជ្ជមាន ឬតម្រូវឲ្យធ្វើចត្តាឡីស័កអាស្រ័យទៅលើគោលការណ៍ប្រទេសអឺរ៉ុបនីមួយៗ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
 
ក្នុងលក្ខខណ្ឌថ្មីវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សំាងរួចរាល់ អាចធ្វើដំណើរចូលប្លុកអឺរ៉ុបបានបាន លុះត្រាតែពួកគេបានចាក់វ៉ាក់សំាងអនុម័តដោយសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) ។ វ៉ាក់សាំងត្រូវបានអនុម័តមានវ៉ាក់សាំងរបស់ AstraZeneca, Johnson & Johnson, Moderna, Pfizer-BioNTech និង Sinopharm ។ ជាមួយគ្នានេះ លក្ខខណ្ឌប្រទេសដែលស្ថិតក្នុងបញ្ជីសុវត្ថិភាព ក៏ត្រូវផ្លាស់ប្ដូរ ដោយកំណត់ជាប្រទេសមានចំនួនករណីកូវីដ-១៩ ចំនួនតិចជាង៧៥ ករណីក្នុងចំណោមមនុស្ស១០ម៉ឺននាក់អំឡុងពេល១៤ថ្ងៃចុងក្រោយ។  
 
បញ្ជីថ្មីនៃប្រទេសដែលមានសុវត្ថិភាព នឹងរំពឹងថា ចូលជាធរមាននៅសប្ដាហ៍នេះ ឬនៅដើមសប្ដាហ៍ ក្រោយ។ ដោយឡែក កុមារក៏អាចធ្វើដំណើរជាមួយឪពុកម្តាយដែលបានចាក់វ៉ាក់សាំងផងដែរ ប៉ុន្តែ តម្រូវឱ្យបង្ហាញការធ្វើតេស្ត PCR អវិជ្ជមានដែលធ្វើឡើងមិនលើសពី ៧២ ម៉ោងមុនពេល មកដល់៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com