COVID-19
ជាតិ
COVID-19៖ ព្រះសីហនុ មានអ្នកឆ្លង២៦៧នាក់ និងបន្ទាយមានជ័យ មាន១២៥នាក់
22, May 2021 , 6:45 pm        
រូបភាព
មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ក្នុងទីតាំងមួយកន្លែងខេត្តព្រះសីហនុ។ រូបថត៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ
មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ក្នុងទីតាំងមួយកន្លែងខេត្តព្រះសីហនុ។ រូបថត៖ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ និងបន្ទាយមានជ័យ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២១ឧសភា ឆ្នាំ២០២១ សរុប៣៩២នាក់។ ក្នុងនោះ ខេត្តព្រះសីហនុ មាន២៦៧នាក់ និង១២៥នាក់ទៀត ជាអ្នកជំងឺកូវីដ-១៩ របស់ខេត្តបន្ទាយមានជ័យ។
 
របាយការណ៍ពីខាងរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ដែលរកឃើញថ្មីចំនួន២៦៧នាក់នេះ គឺមាន២៤៧នាក់ជាកម្មកររោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលស្ថិតនៅស្រុកព្រៃនប់ និង២០នាក់ទៀត ជាអាជីករ និងពលរដ្ឋ រស់នៅស្រុកព្រៃនប់  និងក្រុងព្រះសីហនុ។
 
សម្រាប់អ្នកជំងឺកូវីដ-១៩ ចំនួន១២៥នាក់ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យរកឃើញនៅថ្ងៃទី២១ឧសភា ផងដែរនោះ មាន១១៦នាក់ មានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត, មាន៤នាក់ ជាអ្នកស្រុកថ្មពួក,  ៣នាក់ អ្នកស្រុកស្វាយចេក, ម្នាក់នៅស្រុកម៉ាឡៃ និងម្នាក់ទៀត គឺជាអ្នកស្រុកព្រះនេត្រព្រះ។
 
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្តទាំងពីរខាងលើ បានអំពាវនាវយ៉ាងទទូចដល់ កម្មកររោងចក្រ អាជីវករ និងពលរដ្ឋដែលធ្លាប់មានប្រាស្រ័យទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ-១៩ សូមរួសរាន់ ទៅផ្តល់សំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ 
 
គិតមកដល់នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា កើនដល់២៤,៦៤៥ ដោយក្នុងនោះ មាន១៧,១៦៤នាក់ បានជាសះស្បើយ និង មាន១៦៧នាក់ទៀត បានបាត់បង់ជីវីតដោយសារជំងឺនេះ ខណៈមនុស្ស៧,៤៨១ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរនានា នៅរាជធានីនិងខេត្ត៕ 
 

Tag:
 COVID-19
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com