ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​ចិត្ត និងគំនិត មួយណា​មាន​ឥទ្ធិពល​ជាង​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​?​
04, Jun 2021 , 6:59 am        
រូបភាព
​ភ្នំពេញ​៖ ការរស់នៅ​ក្នុងសង្គម​ចាំបាច់​ត្រូវតែមាន​ការទំនាក់ទំនង​គ្នា រាប់អាន​គ្នា ចង​មិ​ត្តិ​ភាព​ជាមួយគ្នា​ទៅវិញទៅមក​។ យ៉ាងណាមិញ ការ​ប្រទាក់​ពាក្យសម្ដី​ជាមួយគ្នា ការឈ្លោះគ្នា ក៏​តែង​កើតមាន និង​ធ្វើឱ្យ​កើតមាន​កំហឹង​ទៅលើ​បុគ្គល​ដោយ​មិនបាន​ព្រៀងទុក​។ ចុះ​តើ​អ្នក​គួរតែ​ដោះស្រាយ​ដោយ​វិធី​ណា​?
 
​នៅ​ខណៈពេលដែល​បុគ្គល​ម្នាក់​មាន​កំហឹង ក្បាល​របស់​បុគ្គល​នោះ នឹងត្រូវ​បិទបាំង​មិនឱ្យ​គិត​អ្វី​ចេញ​ទាំងអស់ គឺ​មានតែ​កំហឹង​ស្ទើរតែ​បែកធ្លាយ​ជា​ហិង្សា​ជាមួយ​គូរ​បក្ស​ដិ​បក្ស ដោយសារតែ​ពាក្យសម្ដី កាយវិការ ទឹកមុខ និង​ប្រតិកម្ម​នានា​។ ពេលខ្លះ​រូបភាព​នោះ​អាច​កើត​មាននៅ​កន្លែងធ្វើការ នៅ​សាលា នៅក្នុង​គ្រួសារ និង​ទី​សារ​ធារ​ណៈ​ផ្សេងៗ​។ កំហឹង​ទាំងនេះ​អាច​កើតមាន​រវាង ប្ដី​ជាមួយ​ប្រពន្ធ កូន​ជាមួយ​ឪពុកម្ដាយ បង​ជាមួយ​ប្អូន ថៅកែ​ជាមួយ​កូនចៅ មិត្តភក្តិ​ជាមួយ​មិត្តភក្តិ និង​បុគ្គលិក​ធ្វើការ​ជាមួយគ្នា​ជាដើម​។​
 
​គេ​ពិតជា​ពិបាក​ក្នុងការ​សន្ម​ត់​ពី​ហេតុដែល​នាំឱ្យមាន​ការឈឺ​ចាប់ ខឹង​ក្រោធ រំជើបរំជួល ឈានទៅដល់​ស្អប់​ចំពោះ​អ្នក​ដ៏​ទៃ​។ ប៉ុន្តែ​មូលហេតុ​ធំ​បំផុត​នៃ​បញ្ហា​នេះ​គឺ​បណ្ដាលមកពី​ការ​ផ្ដេកផ្ដួល​ទៅលើ​អារម្មណ៍​ខ្លាំងពេក ការប្រើប្រាស់​បេះដូង​ខ្លាំងពេក ការយកចិត្ត​មក​គ្រប់​ដណ្ដប់​លើ​ខួរក្បាល លើ​គំនិត​មិនឱ្យ​គិត​អ្វីៗ​ដែលជា​ដើមហេតុ​នៃ​បញ្ហា និង​ការចូល​ចិត្ត​យក​ភាសា​បេះដូង​មក​ប្រើ​ច្រើនជាង​ការយក​សមត្ថភាព​នៃ​គំនិត​មក​ពិចារណា​។​
 
​ហេតុនេះ ពេល​មាន​កំហឹង គំនិត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ខឹង​ក្រោធ​។ ព្រោះ​អត្ថិភាព​នៃ​គំនិត​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​មនុស្ស​ក្នុងការ​ដោះស្រាយ​បញ្ហា​។ ជាពិសេស​តួនាទី​ពិចារណា នៅពេល​ទទួលរង​នូវ​ការប៉ះទង្គិច​និង​បាតុភូត​ណាមួយ ដែល​ជះឥទ្ធិពល​ទៅដល់​ចិត្ត និង​ខ្លួនប្រាណ​។ ពាក្យ​មួយ​ឃ្លា​បាន​លើកឡើងថា « ធ្វើ​អ្វី​ត្រូវ​ធ្វើតាម​ការគិត កុំ​ធ្វើ​តាមចិត្ត​! ។​» ហេតុនេះ គ្រប់​បុគ្គល​ទាំងអស់​ត្រូ​ចេះ​ញែក​តម្លៃ​នៃ​ការប្រើប្រាស់​គំនិត និង​ចិត្ត​ឱ្យបាន​ច្បាស់​ពី​តួនាទី និង​អំណាច​របស់​វា​ឱ្យបាន​ដាច់ស្រលាស់​ចេញពី​គ្នា​។ ព្រោះ​អ្នក​ត្រូវ​ដឹងថា ការឈឺចាប់ ការខឹង​ក្រោធ វា​មិនមែន​កើតមាន​ដោយសារតែ​ការ​ទទួលរង​នូវ​ប្រតិកម្ម​ណាមួយ​ពី​ខាងក្រៅ​បានទេ​ជាពិសេស​ពាក្យសម្ដី​។ ប្រការ​ទាំងនោះ​អាច​កើត​មានបាន​លុះត្រាតែ​ជន​នោះ មាន​ភាព​ខ្សោយ​ផ្នែក​ការគិត​ពិចារណា ដែល​ធ្វើឱ្យ​អំណាច​នៃ​ការគិត​បែប​អវិជ្ជមាន​មក​គ្រ​បស​ង្គ​ត​លើ​អារម្មណ៍​របស់ខ្លួន​។ ម្យ៉ាងវិញទៀត​អ្នក​ត្រូវ​ដឹងថា ចិត្ត​ងាយ​និង​ធ្វើឱ្យ​មនុស្ស​ងាយ​នឹងធ្វើ​អំពើរ​ប្រកបដោយ​កំហុស ព្រោះ​ចិត្ត​មិនមាន​លទ្ធភាព​បែងចែក​ល្អ​អាក្រក់ ត្រូវ​ឬ​ខុស​បានទេ មានតែ​គំនិត​ទេ​ដែល​អាចបែងចែក​បាន​ដោយ​ការគិត​ពិចារណា​។
 
​ទោះជា​យ៉ាងណា ទាំង​ចិត្ត និង​គំនិត ពីរ​នេះ​មិនអាច​បាត់បង់​មួយណា​បានទេ វា​ត្រូវតែមាន​អន្តរ​ទំនាក់ទំនង​ជាមួយគ្នា​ជានិច្ច​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com