កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Man City ត្រៀមកញ្ចប់លុយរួចហើយ ដើម្បីរកអ្នកជំនួស Aguero
03, Jun 2021 , 10:29 pm        
រូបភាព
លោក Khaldoon Al Mubarak ប្រធានក្លិប Manchester City បានត្រៀមប្រាក់ដ៏ច្រើនរួចហើយសម្រាប់ចំណាយលើខ្សែប្រយុទ្ធឆ្នើមម្នាក់ ដើម្បីជំនួស Sergio Aguero ដែលផ្លាស់ទៅ Barcelona។


Aguero ដែលជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេជាប្រវត្តិសាស្ត្រ Man City ចំនួន ២៥៧គ្រាប់ បានទៅចូលរួមជាមួយក្លិបរហស្សនាមអ្នកមានបុណ្យដោយគ្មានតម្លៃផ្ទេរ និងយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំ។ លោក Al Mubarak ប្រធានក្លិបមេឃខៀវ ទទួលស្គាល់ថាការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ជាការបាត់បង់វីរបុរសដ៏សំខាន់ម្នាក់។ 
«យើងបាត់បង់កីឡាករឆ្នើមម្នាក់ដូចជា Aguero។ យើងពិបាកណាស់ក្នុងការរកអ្នកថ្មីមកបំពេញចន្លោះ ប៉ុន្តែខ្ញុំមានទំនុកចិត្តខ្ពស់ថានឹងស្វែងរកកីឡាករដ៏ស័ក្តិសមដើម្បីបំពេញតំណែងនេះ។ អ្នកជំនួញសញ្ជាតិអេមីរ៉ាតអារ៉ាប់រួមប្រាប់វេបសាររបស់ក្លិប Man City ដូច្នេះ។
 
Man City បានឈ្នះជើងឯក Premier League ជាលើកទី៣ ក្នុងរយៈពេល៤ឆ្នាំនៅរដូវកាលនេះ ដោយមាន១២ពិន្ទុពីលើគូប្រជែង Manchester United ប៉ុន្តែបានចាញ់ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Champions League។
 
លោក Al Mubarak ដែលមានមហិច្ឆតាចង់ឈ្នះពានក្របខណ្ឌកំពូលអឺរ៉ុប បានត្រៀមខ្ទង់ចំណាយដ៏ច្រើនរួចរាល់ហើយសម្រាប់លោក Pep Guardiola ដើម្បីនាំយកខ្សែប្រយុទ្ធដែលមានគុណភាពម្នាក់ទៅកាន់ទឹកដី Etihad នៅរដូវកាលក្រោយ។
 
ប្រធានក្លិបរូបនេះអះអាងថា ការឈ្នះតែពានលីគក្នុងស្រុក មិនមែនជាពេលវេលាសមស្របដើម្បីអង្គុយដោយស្កប់ចិត្តនោះទេ ហើយនេះជាកំហុសដ៏ធំបំផុតរបស់ក្រុម៕
 

Tag:
 Manchester City
  Sergio Aguero
© រក្សាសិទ្ធិដោយ thmeythmey.com