អន្តរជាតិ
ឥណ្ឌា ចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង៣០០លានដូស ទោះមិនទាន់អនុញ្ញាតឱ្យប្រើ
04, Jun 2021 , 9:24 am        
រូបភាព
រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី៣ មិថុនា បានប្រកាសចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមហ៊ុនក្នុងស្រុក Biological-E ចំនួន៣០០ លានដូសក្នុងតម្លៃ២០៥,៦២ លានដុល្លារ។ ប៉ុន្តែវ៉ាក់សាំងនេះ មិនទាន់មានការអនុញ្ញាតឱ្យប្រើប្រាស់នៅឡើយ ដែលនេះក្លាយជាលើកដំបូងឥណ្ឌាបញ្ជាទិញវ៉ាក់សាំងដែលគ្មានការយល់ព្រមឱ្យប្រើបែបនេះ។
 
 
តាមសេចក្ដីថ្លែងការណ៍ក្រសួងសុខាភិបាលឥណ្ឌា វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Biological-E កំពុងស្ថិតក្នុងការសាកល្បងនៅដំណាក់កាលទី ៣ បន្ទាប់ពីបញ្ចប់ការសាកល្បងលើកទី១ និងទី២ រួចមក។ វ៉ាក់សាំងនេះ ទំនងមានឱ្យប្រើប្រាស់នៅក្នុងប្រទេសនាប៉ុន្មានខែខាងមុខនេះ។  
 
ទាក់ទងរឿងប្រភេទវ៉ាក់សាំងវិញ ក្រុមហ៊ុន Biological-E ទើបឈានដល់ការចុះកិច្ចព្រមព្រៀងទទួលសិទ្ធិផលិតពីក្រុមហ៊ុន Providence Therapeutics Holdings របស់កាណាដា។  ក្រុមហ៊ុនឥណ្ឌា មួយនេះ ក៍មានកិច្ចព្រមព្រៀងផ្សេងទៀតក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ចំនួន៦០០លានដូសក្នុងមួយឆ្នាំផងដែរ។
 
គួរបញ្ជាក់ថា ឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក កំពុងទទួលរងការវាយប្រហាររលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩។ បច្ចុប្បន្ន ឥណ្ឌា កំពុងបន្តស្វែងរកវ៉ាក់សាំងបន្ថែមទៀត និងពន្លឿនការចាក់ឱ្យប្រជាជនរបស់ខ្លួន ដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់ក្នុងប្រទេស។
 
បច្ចុប្បន្ន គិតត្រឹមថ្ងៃទី៣ ខែមិថុនា ប្រជាជនឥណ្ឌាបានទទួលការចាក់វ៉ាក់សាំងជាលើកទី១ សរុបចំនួន ២១៥លាននាក់ និងបានចាក់ពេញលេញចំនួន ៤៣,៦ លាននាក់៕
  
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com