អន្តរជាតិ
សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មលើកទី៣ លើមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ
04, Jun 2021 , 11:59 am        
រូបភាព
លោក Josep Borrell ប្រធានកិច្ចការការបរទេសអឺរ៉ុប។ រូបភាព៖ AFP
លោក Josep Borrell ប្រធានកិច្ចការការបរទេសអឺរ៉ុប។ រូបភាព៖ AFP
សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបសឹកមីយ៉ាន់ម៉ា និងអាជីវកម្មពាក់ព័ន្ធយោធា ក្នុងពេលឆាប់ៗខាងមុន ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើអ្នកតវ៉ា។ លោក Josep Borrell ប្រធានកិច្ចការការបរទេសអឺរ៉ុប បានលើកឡើងបែបនេះ នៅថ្ងៃទី៣ ខែមិថុនា។
 
 
បើទោះរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកន្លងផុតជាច្រើនខែមកក្តី ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា ហាក់មិនបានធូរស្បើយឡើយ។ ការធ្វើទុក្ខបុកម្នេញពីសំណាក់យោធា លើអ្នកប្រឆាំង និងអ្នកសារព័ត៌មាននៅតែបន្តកើតមាន។ 
 
ដោយមើលឃើញថារដ្ឋាភិបាលយោធានៅតែបង្រ្កាបលើអ្នកតវ៉ា និងអ្នកសារព័ត៌មានបែបនេះ សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មជាលើកទី៣ លើរបបសឹក។ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក Josep Borrell ប្រធានកិច្ចការការបរទេសអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មមួយជាន់ទៀតលើមីយ៉ាន់ម៉ា។
 
«វានឹងមានទណ្ឌកម្មជាលើកទី៣ បន្ថែមទៀត ដែលត្រូវអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ»។ លោក Borrell បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ទណ្ឌកម្មទាំងនោះនឹងផ្តោតលើរដ្ឋាភិបាលយោធា រួមទាំងក្រុមហ៊ុន ដែលផ្តល់ផលប្រយោជន៍ដល់យោធាមីយ៉ាន់ម៉ា។ 
 
ការព្រមានរបស់ប្រធានកិច្ចការការបរទេសអឺរ៉ុបខាងលើ ធ្វើឡើងបន្ទាប់ពីលោកមានជំនួបជាមួយមន្រ្តីទូតរបស់អាស៊ាន និងតំណាងមីយ៉ាន់ម៉ាប្រចាំនៅអាស៊ាន។ ។ ក្នុងជំនួបជាមួយប្រេសិតមីយ៉ាន់ម៉ា លោក Borrell បានទទូចឱ្យមីយ៉ាន់ម៉ា បញ្ចប់ការបង្រ្កាបលើប្រជាជន និងស្តារស្ថានការណ៍នយោបាយឱ្យត្រលប់ទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌វិញ។ 
 
ស្របគ្នានោះ មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះ ក៏បានជំរុញឱ្យអាស៊ាន ដើរតួនាទីផ្នែកការទូត ដើម្បីពង្រឹងស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បើទោះបីជាអង្គការតំបន់មួយនេះ បានរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញ ជុំវិញការឆ្លើយតបយឺតលើបញ្ហាមីយ៉ាន់ម៉ាក៏ដោយ។ មន្រ្តីជាន់ខ្ពស់អាស៊ាន ក្នុងសប្តាហ៍នេះ នឹងធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ាជាលើកដំបូង។
 
គួររំលឹកថា កន្លងមកសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាច្រើនលើមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា រួមទាំងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងយោធាផង។ ទណ្ឌកម្មទាំងនោះមានដូចជា បង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរទៅទឹកដីអឺរ៉ុបជាដើម។ លើសពីនេះ សហភាពអឺរ៉ុប ក៏បានហាមឃាត់អ្នកវិនិយោគអឺរ៉ុបរកស៊ីជាមួយមីយ៉ាន់ម៉ាវិញផងដែរ៕ 
 

Tag:
 សហភាពអឺរ៉ុប
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com