កីឡាអន្តរជាតិ
អន្តរជាតិ
Drogba បានសញ្ញាបត្រកិត្តិយស ក្នុងនាមអ្នកស្តារស្ថិរភាពជាតិ និងជួយវិស័យបាល់ទាត់កូតឌីវ័រ
04, Jun 2021 , 2:37 pm        
រូបភាព
លោក Didier Drogba វីរបុរស Chelsea ទទួលបានសញ្ញាបត្រកិត្តិយស ក្នុងនាមជាអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកូតឌីវ័រ និងជាអ្នកជ្រោមជ្រែងស្តារស្ថិរភាពនៅក្នុងប្រទេសកំណើតរបស់ខ្លួន។

 
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមតោខៀវ និងប្រធានក្រុមជម្រើសជាតិកូតឌីវ័ររូបនេះ ជាអ្នកជួយនាំសន្តិភាពដល់ប្រទេសកំណើតខ្លួន តាមរយៈការជួយបង្កើតបទឈប់បាញ់មួយនៅឆ្នាំ ២០០៥ បន្ទាប់ពីនាំក្រុមអាហ្វ្រិកខាងលិចមួយនេះបានកៅអីទៅលេង World Cup ឆ្នាំ២០០៦។
 
Drogba វ័យ៤៣ឆ្នាំ បានអង្វរដល់អ្នកប្រយុទ្ធដែលចូលរួមក្នុងសង្គ្រាមស៊ីវិលដ៏អាក្រក់នៅអាហ្វ្រិកខាងលិច។ កាលនោះរូបគេបានអញ្ជើញអ្នកកាន់កាមេរ៉ាឱ្យចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមរហស្សនាមដំរី បន្ទាប់ពីឈ្នះស៊ូដង់ក្នុការប្រកួតដ៏សំខាន់ ហើយនិយាយពាក្យគួរឱ្យរំភើបដែលនាំឱ្យមានបទឈប់បាញ់ក្រោយសង្គ្រាម៥ឆ្នាំ។


 
អតីតខ្សែប្រយុទ្ធ Galatasaray, Shanghai Shenhua និង Marseille រូបនេះក៏បានលះបង់ខ្លួនសម្រាប់ការងារសប្បុរសធម៌ក្នុងអាជីពជាកីឡាករបាល់ទាត់ ដោយក្នុងនោះបានបរិច្ចាគប្រាក់ដ៏ច្រើនដើម្បីសង់មន្ទីរពេទ្យនៅស្រុកកំណើត។ មិនតែប៉ុណ្ណោះ Drogba ជាបុគ្គលដ៏សំខាន់ក្នុងការព្យាយាមផ្លាស់ប្តូររបៀបធ្វើការក្នុងវិស័យបាល់ទាត់កូតឌីវ័រថែមទៀតផង។ 
 
Drogba ទទួលបានការកោតសរសើរពីសំណាក់មន្ត្រីធំៗក្នុងវិស័យកីឡាបាល់ទាត់។ លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានហៅ Drogba ថាជាអ្នកត្រួសត្រាយ ជាវីរបុរសចំពោះអ្នកគាំទ្របាល់ទាត់រាប់លាននាក់សម្រាប់សមិទ្ធផលក្នុងអាជីពដ៏អស្ចារ្យ។ Drogba លើសពីកីឡាករបាល់ទាត់។
 
សមិទ្ធផលដ៏ត្រចះត្រចង់ទាំងអស់នេះហើយ បាននាំឱ្យ Drogba ទទួលសញ្ញាបត្រកិត្តិយស ដែលមានការទទួលស្គាល់ដោយមហាវិទ្យាល័យល្បីល្បាញ Réseau des Universités des Sciences et Technologies (RUSTA) នៅក្នុងប្រទេសកូតឌីវ័រ៕


 

Tag:
 Didier Drogba
© រក្សាសិទ្ធិដោយ thmeythmey.com