អន្តរជាតិ
លោក បៃឌិន បញ្ចេញផែនការចែកវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន៨០លានដូសដល់ប្រទេសនានា
04, Jun 2021 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ ៖ ឈួ ស៊ាវយីងជាវ
ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃទី៣ ខែមិថុនា បានបង្ហាញពីផែនការផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៨០លានដូសទៅកាន់បណ្តាប្រទេសលើពិភពលោក។ ៧៥ភាគរយនៃជំនួយនេះ នឹងត្រូវផ្តល់តាមយន្តការ COVAX ។
 
វ៉ាក់សាំងដែលអាមេរិកចែកចាយតាមរយៈយន្តការ COVAX នឹងត្រូវដឹកជញ្ជូនទៅបណ្តាតំបន់អាទិភាព  នៅអាមេរិកឡាទីន ការ៉ាអ៊ីប អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអាហ្វ្រិក ដើម្បីជួយទប់ស្កាត់ការឆ្លងរីករាលដាលថ្មីរបស់ជំងឺកូវីដ-១៩។ នេះបើតាមឯកសាររបស់សេតវិមាន។ 
 
«គម្រោងចែកវ៉ាក់សាំងនេះ គឺមិនមែនចង់បានការគាំទ្រផ្នែកនយោបាយពីបណ្តាប្រទេសទាំងនោះត្រឡប់មកវិញទេ។ យើងចែករំលែកវ៉ាក់សាំងនេះដើម្បីជួយជីវិតមនុស្ស និងនាំពិភពលោកឈានទៅរកការបញ្ចប់ជំងឺរាលដាល»។ ប្រធានាធិបតី ចូ បៃដិន អះអាងបែបនេះក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៣ ខែមិថុនា។
 
លោក Jeff Zients អ្នកសម្របសម្រួលនឹងការឆ្លើយតបជំងឺកូវីដ-១៩ និយាយថា ការបញ្ចេញវ៉ាក់សាំង២៥លានដូសដំបូងកំពុងដំណើរការហើយ។ លោករំពឹងថា វ៉ាក់សាំងទាំង៨០លានដូស នឹងត្រូវចែកចាយអស់នៅត្រឹមខែមិថុនា។ លោក Jeff បន្តថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលត្រូវនាំចេញរួមមាន Johnson & Johnson, Moderna និង Pfizer-BioNtech  ។
 
ក្នុងចំណោមវ៉ាក់សាំង២៥លានដូសខាងលើ ៧លានដូសដែលនឹងដឹកទៅតំបន់អាស៊ី នឹងផ្ដោតលើគោលដៅជាពិសេសមានឥណ្ឌា ណេប៉ាល់ បង់ក្លាដែស ប៉ាគីស្ថាន ស្រីលង្កា អាហ្វហ្កានីស្ថាន វៀតណាម ប៉ាពួអាស៊ីនូវែលហ្គីណេ និងតៃវ៉ាន់។ ចំណែកវ៉ាក់សាំង៥លានដូសទៀតសម្រាប់តំបន់អាហ្រិ្វក អាមេរិកនឹងចាត់ចែងជាមួយសហភាពអាហ្វ្រិក ឯវ៉ាក់សាំង៦លានដូសនៅប្រទេសតំបន់អាមេរិកខាងត្បូង អាមេរិកកណ្ដាលនិងការ៉ាអ៊ីប
 
ដោយឡែក វ៉ាក់សាំងដែលនៅសល់ចំនួន៦លានដូសនឹងត្រូវផ្តល់ជូនទៅប្រទេសដែលកំពុងកើនឡើងករណីឆ្លង និងប្រទេសជាដៃគូរួមមានកាណាដា ម៉ិកស៊ិក និងកូរ៉េខាងត្បូង។ 
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី បានអរគុណដល់អាមេរិកចំពោះការធានាផ្តល់វ៉ាក់សាំងដល់ឥណ្ឌានៅក្នុងផែនការចែកចាយវ៉ាក់សាំងជាសកលរបស់អាមេរិក។ ឯលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានកោតសរសើរលោក បៃដិន យ៉ាងខ្លាំងលើគម្រោងចែកចាយវ៉ាក់សាំង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com