អន្តរជាតិ
ទូតឥណ្ឌា ប្រាប់ថា ទោះកាលៈទេសៈកូវីដ-១៩ លំបាកក្តី ក៏ឥណ្ឌានៅតែរក្សាសន្យាជាមួយកម្ពុជា
04, Jun 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ ទោះកាលៈទេសៈកូវីដ-១៩ ផ្ដល់ការលំបាកក្តី ក៏ឥណ្ឌានៅតែរក្សាសន្យាជាមួយកម្ពុជា។ លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានថ្លែងបែបនេះ ប្រាប់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចពិភាក្សាពីបញ្ហាប្រឈម និងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ នឹងលើគ្រប់វិស័យអាទិភាព កាលពីថ្ងៃទី៣ មិថុនា។

 
លោកស្រី Devyani បានបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ នៅឥណ្ឌាបច្ចុប្បន្ននេះ មានលក្ខណៈប្រសើរជាងមុនបណ្ដើរៗហើយ។ ដ្បិតប្រឈមមុខនឹងជំងឺកូវីដ-១៩ បែបនេះក្តី ក៏រដ្ឋាភិបាលឥណ្ឌា មិនភ្លេចសន្យាជាមួយកម្ពុជាឡើយ។
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្រង់សម្តីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលបានជួបពិភាក្សាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន តាមប្រព័ន្ធអនឡាញ យ៉ាងដូច្នេះថា៖«ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកបែបនេះ រដ្ឋាភិបាលឥណ្ឌានៅតែបន្តរក្សាសន្យារបស់ខ្លួន ចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការលើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩…»។
 
បើតាមលោកស្រី Devyani រដ្ឋាភិបាលឥណ្ឌានឹងបន្តពង្រឹង និងជំរុញលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ការសម្រួលពាណិជ្ជកម្មក្រៅប្រទេស ,ការជំរុញវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងវិស័យឌីជីថល តាមរយៈយន្តការនានា រួមមានយន្តការទ្វេភាគី យន្តការតំបន់ និងយន្តការឥណ្ឌា-អាស៊ានជាដើម។
 
ការបង្ហាញជំហរក្សាសន្យារបស់រដ្ឋាភិបាលឥណ្ឌា ចំពោះកម្ពុជា ក្នុងកិច្ចសហការលើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ វាពិតមានសារៈសំខាន់សម្រាប់កម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកពីតម្រូវការវ៉ាក់សាំងចាក់ជូនពលរដ្ឋ ប្រាប់ទៅឯកអគ្គរដ្ឋទូតឥណ្ឌា ។ «កម្ពុជានៅតែមានតម្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយសង្ឃឹមថា ឥណ្ឌានឹងបន្តផ្ដល់វ៉ាក់សាំងបន្ថែមកកម្ពុជា នាពេលដ៏ខ្លីខាងមុខ»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។
 
ចំពោះវិធានការគ្រប់គ្រងស្ថានភាពកូវីដ-១៩វិញ លោក អូន ព័ន្ធមុនីរ័ត្ន បានប្រាប់រដ្ឋាភិបាលឥណ្ឌាថា កម្ពុជា បានអនុវត្តវិធានការរក្សាស្ថេរភាពសង្គម និងរក្សារស់រានមានជីវិតផ្នែកសេដ្ឋកិច្ច របស់ប្រជាជន តាមរយៈកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីបលរដ្ឋដែលមានកម្រិតជីវភាពទាប និងប្រឈមមុខការលំបាក។ «រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរអំពីការដាក់ឱ្យអនុវត្តនូវកម្មវិធីប្រហាក់ប្រហែលគ្នានេះ នៅក្នុងអន្តរកាលក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដើម្បីជួយប្រជាជនងាយរងគ្រោះ អាចសម្របខ្លួនឡើងវិញ ក្នុងវិបត្តិនៃប្រក្រតីភាពថ្មី»។ នេះបើតាលោក អូន ព័ន្ធមុនីរ័ត្ន។
 
កន្លងមកឥណ្ឌា បានផ្ដល់វ៉ាក់សាំង AstraZeneca ប្រមាណ ៣២៤,០០០ដូស មកកម្ពុជា តាមរយៈយន្តការCOVAX។ ការផ្ដល់វ៉ាក់សាំងមកកម្ពុជា ក្រោមកិច្ចសម្របសម្រួលពីសំណាក់លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។
 
ទន្ទឹមនឹងការទទួលបានវ៉ាក់សាំងពីឥណ្ឌានេះ កម្ពុជាក៏បានស្នើទិញវ៉ាក់សាំង៥លានដូសទៀត ពីរដ្ឋាភិបាលឥណ្ឌាផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា វ៉ាក់សាំង៥លានដូស ដែលកម្ពុជាស្នើសុំទិញពីឥណ្ឌានេះ គឺត្រូវការប្រកួតប្រជែងជាមួយប្រទេសជាច្រើនទៀត ដែលស្នើសុំទិញវ៉ាក់សាំង AstraZineca ពីឥណ្ឌាដូចគ្នាដែរ។
 
 «៥លានដូសនេះ គឺយើងស្នើសុំទិញបន្ថែមលើ១សែនដូស ដែលឥណ្ឌាផ្ដល់ឱ្យកម្ពុជា។ ដោយដំណាក់កាលដំបូងយើង(សុំទិញវ៉ាក់សាំងពីឥណ្ឌា) យ៉ាងហោចណាស់សុំឱ្យបាន១លានដូសមកសិនក៏បានដែរ ក្នុងចំណោម៥លានដូសហ្នឹង…។ ណាមួយខាងឥណ្ឌានោះ គេថាស្នើច្រើនពេក ក៏គេមិនទាន់ឱ្យបានភ្លាមដែរ ព្រោះមានប្រទេសច្រើនណាស់ ដែលកម្ម៉ង់វ៉ាក់សាំងពីឥណ្ឌាដែរ»។ នេះជាការបញ្ជាក់របស់លោក កុយ គួង ។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងជាង៦លានដូស ដោយក្នុងនោះ Sinopharm ១,៧លានដូស , Sinovac ៤លានដូស និងAstraZeneca ជាង៣០ម៉ឺនដូសនេះ។ មកដល់ពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងឱ្យពលរដ្ឋជាង២,៦លាននាក់ហើយ ដែលស្មើជាង២៦ភាគរយ នៃចំនួនប្រជាបលរដ្ឋ១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។
 
គិតត្រឹមថ្ងៃទី៤ មិថុនានេះ កម្ពុជាមានអ្នកឆ្លងសរុប៣៣ ០៧៥ នាក់ ក្នុងនោះករណីនាំចូលសរុបមាន ១ ០២៤នាក់។ អ្នកជាសះស្បើយ ២៥ ៥៤៤នាក់ ខណៈអ្នកស្លាប់ កើនដល់ ១៤២នាក់។ ចំណែកឥណ្ឌា មានអ្នកឆ្លងជាង២៨លាននាក់ ខណៈអ្នកជាសះស្បើយជាង២៦លាននាក់ ស្លាបជាង៣៤ម៉ឺននាក់៕

Tag:
 កម្ពុជា
  ឥណ្ឌា
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com