អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ស្នើក្រុមរ៉ូហ៊ីងយ៉ារួមដៃជាមួយខ្លួន ប្រឆាំងរបបយោធា
04, Jun 2021 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមិថុនា បានអំពាវនាវឱ្យជនភាគតិចរ៉ូហ៊ីងយ៉ា រួមដៃជាមួយខ្លួន ដើម្បីទម្លាក់រដ្ឋាភិបាលយោធា។ ជាថ្នូរនឹងការអំពាវនាវនេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានសន្យាផ្តល់សញ្ជាតិដល់ជនជាតិភាគតិចមួយនេះ តាមរយៈការលុបចោលច្បាប់សញ្ជាតិឆ្នាំ ១៩៨២។
 
បន្ទាប់ពីបង្កើតបានជាងពីរខែ រដ្ឋាភិបាលបង្រួមបង្រួមជាតិមីយ៉ាន់ម៉ា(NUG) បានចាប់ផ្តើមចលនាថ្មី ដោយអំពាវនាវឱ្យក្រុមជនជាតិភាគតិចចូលរួមជាមួយខ្លួន ដើម្បីប្រឆាំងជាមួយរបបសឹក ស្របពេលកម្លាំងរបស់ខ្លួន កំពុងនៅទន់ខ្សោយនៅឡើយ។ 
 
ទាក់ទិននឹងបញ្ហាខាងលើ រដ្ឋាភិបាលដែលត្រូវបានបង្កើតដោយអតីតសមាជិកសភានៅក្នុងខែមេសាកន្លងមក បានអំពាវនាវឱ្យក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងចូលដៃជាមួយខ្លួន ដើម្បីទម្លាក់យោធា។ 
 
«យើងអញ្ជើញជនជាតិរ៉ូហ៊ីងយ៉ាឱ្យចូលដៃជាមួយយើង និងជាមួយក្រុមដទៃទៀត ដើម្បីធ្វើបដិវត្តផ្ការីកប្រឆាំងនឹងរបបសឹក»។ រដ្ឋាភិបាលបង្រួបបង្រួមជាតិ បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានបង្ហោះលើបណ្តាញសង្គម Twitter នៅថ្ងៃទី៣ ខែឧសភា។ 
 
ក្នុងន័យនេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានបកស្រាយថា រដ្ឋាភិបាលខ្លួនមានតួនាទីដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយរបបសឹក ហើយកិច្ចការទាំងនោះ នឹងផ្តល់ផលប្រយោជន៍ ក្នុងការជួយកសាងលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ 
 
ក្នុងសេចក្តីថ្លែងការណ៍ចំនួន ៣ទំព័រដដែល រដ្ឋាភិបាលស្រមោល ក៏បានសន្យាលុបចោលច្បាប់សញ្ជាតិឆ្នាំ១៩៨២ ផងដែរ តាមរយៈការបង្កើតរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាថ្មីមួយ។ បើតាម NUG សញ្ជាតិ នឹងត្រូវផ្តល់ឱ្យបុគ្គលដែលបានកើតនៅមីយ៉ាន់ម៉ា និងបុគ្គលដែលមានម្តាយឪពុកជាជនជាតិមីយ៉ាន់ម៉ា។ 
 
យ៉ាងណាមិញ ក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋាភិបាលស្រមោល មិនសូវប្រើពាក្យជនជាតិរ៉ូហ៊ីងយ៉ាប៉ុន្មានឡើយ ដោយដាក់ជំនួសដោយពាក្យជនជាតិមូស្លីមនៅក្នុងរដ្ឋរ៉ាឃីនច្រើនជាង។ 
 
គួររំលឹកថា ចាប់តាំងពីមានយុទ្ធនាការយោធានៅក្នុងឆ្នាំ២០១៧ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង ៧៤ម៉ឺននាក់បានភៀសខ្លួនទៅបង់ក្លាដែស ខណៈប្រជាជនជាច្រើនផ្សេងទៀតភៀសខ្លួនទៅម៉ាឡេស៊ី និងថៃជាដើម។ មីយ៉ាន់ម៉ា និងបង់ក្លាដែស បានឯកភាពលើកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការធ្វើមាតុភូមិនិវត្តន៍ណាមួយកើតឡើងឡើយ។ 
 
កន្លងមក លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល  បានឡើងទៅតតាំងក្តីនៅតុលាការអន្តរជាតិ ដើម្បីការពារប្រតិបត្តិការយោធា។ កាលនោះ ប្រទេសហ្កំប៊ី បានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (IJC) ដោយចោទថាមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា៕
 

Tag:
 មីយ៉ាន់ម៉ា
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com