កីឡាអន្តរជាតិ
អន្តរជាតិ
Inzaghi ក្លាយជាគ្រូ Inter Milan ជំនួស Conte ដែលទំនងទៅដឹកនាំ Spurs
04, Jun 2021 , 4:39 pm        
រូបភាព
ក្លិប Inter Milan បានតែងតាំងអតីតគ្រូ Lazio លោក Simone Inzaghi ធ្វើជាអ្នកចាត់ការទូទៅថ្មីជំនួសលោក Antonio Conte ដែលបានចាកចេញកាលពីពីសប្តាហ៍មុន។ លោក Conte បានក្លាយជាបេក្ខភាពនាំមុខគេសម្រាប់តំណែងអ្នកចាត់ការ Tottenham Hotspur ដែលនៅទំនេរ។

Inzaghi បានសម្រេចទៅដឹកនាំម្ចាស់ជើងឯក Serie A ដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ ក្រោយចំណាយពេល៥ឆ្នាំក្នុងអាជីពជាអ្នកចាត់ការ Lazio និងលេងជាកីឡាករអស់រយៈពេល ១១ រដូវកាល។ 
 
៥រដូវកាលកន្លងមកនេះ អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ៤៥ឆ្នាំ បានជួយ Lazio ឈ្នះ Coppa Italia មួយលើក និង Supercoppa Italiana ពីរដងក្នុងឆ្នាំ ២០១៧ និង ២០១៩ រួមទាំងទទួលបានកៅអីវគ្គជម្រុះ Champions League ជាលើកដំបូងក្រោយរយៈពេល១៣ឆ្នាំ កាលពីរដូវកាល ២០២០-២១។ ប៉ុន្តែសម្រាប់រដូវកន្លងទៅនេះ Lazio បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគកំពូលអ៊ីតាលី។ 
 
ដោយឡែកលោក Conte ដែលបានលាលែងពីតួនាទីអ្នកចាត់ការទូទៅក្រុម Inter Milan នៅថ្ងៃទី២៦ ខែឧសភា ក្រោយជួយក្រុមក្លាយជាជើងឯកលីគកំពូលអ៊ីតាលីជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ ទំនងជានឹងទៅដឹកនាំក្រុមនៅអង់គ្លេស Spurs នៅរដូវកាលថ្មីខាងមុខនេះ។
 
បើតាមការចុះផ្សាយរបស់កាសែត BBC កិច្ចចរចារវាងអតីតអ្នកចាត់ការ Chelsea និងជម្រើសជាតិអ៊ីតាលីវ័យ ៥១ ឆ្នាំរូបនេះ ជាមួយក្លិបមាន់ខ្នាយមាសកំពុងខិតជិតជោគជ័យហើយ សម្រាប់កៅអីទំនេរក្រោយ Jose Mourinho ចាកចេញ។
 
Spurs ក៏ត្រូវបានគេជឿជាក់ថាបានទាក់ទងជាមួយអតីតគ្រូចាស់លោក Mauricio Pochettino កាលពីសប្តាហ៍មុនដែរ ប៉ុន្តែក្រុមបច្ចុប្ប្នរបស់លោក PSG នៅតែរក្សាជំហរមិនព្រមអនុញ្ញាតឱ្យអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនចាកចេញ។
 
Spurs បានបញ្ចប់រដូវកាលនៅលីគកំពូលអង់គ្លេសក្នុងចំណាត់ថ្នាក់លេខ៧ ដែលមិនអាចលេងនៅ Euopa League រដូវកាលក្រោយបានឡើយ។ ប៉ុន្តែយ៉ាងណាក្រុមមានមូលដ្ឋាននៅក្រុងឡុងដ៏ បានសិទ្ធិទៅចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ថ្មី Europa Conference League វិញ៕
 

Tag:
 Antonio Conte
  Simone Inzaghi
© រក្សាសិទ្ធិដោយ thmeythmey.com