អន្តរជាតិ
ថៃ ទទួលវ៉ាក់សាំងរបស់ AstraZeneca ផលិតក្នុងស្រុកជិតពីរលានដូសជាលើកដំបូង
04, Jun 2021 , 9:29 pm        
រូបភាព
ថៃទទួលវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុកលើកដំបូង។ រូបភាព៖ Thai Visa Forum
ថៃទទួលវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុកលើកដំបូង។ រូបភាព៖ Thai Visa Forum
ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី៤ ខែមិថុនា បានទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដែលត្រូវបានផលិតនៅក្នុងស្រុកជាលើកដំបូង។ ក្នុងជំហានទីមួយនេះ ថៃទទួលបាន ១,៨លានដូស ក្នុងចំណោម ៦លានដូស ដែលថៃត្រូវទទួលបានក្នុងខែនេះ។
 
ក្រោមអធិបតីរបស់រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ថៃបានទទួលវ៉ាក់សាំង ១,៨លានដូស ពីក្រុមហ៊ុន AstraZeneca។ លោករដ្ឋមន្រ្តីសុខាភិបាល បានលើកឡើងថា ពេលនេះ វ៉ាក់សាំងនឹងត្រូវបានចែកចាយទៅគ្រប់ខេត្តទាំងអស់របស់ថៃ មុនកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនាខាងមុខ។ 
 
ទន្ទឹមនេះ លោករដ្ឋមន្រ្តី Anutin ក៏បានតបទៅអ្នករិះគន់លើកម្មវិធីចាក់វ៉ាក់សាំងថៃផងដែរ ដោយលោកបានលើកឡើងថា រដ្ឋាភិបាលថៃ មិនបានផ្អែកតែលើវ៉ាក់សាំង AstraZeneca តែមួយប្រភេទឡើយ ប៉ុន្តែថៃ ក៏បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងផ្សេងទៀតជាបន្ទាន់ផងដែរ ដូចជា វ៉ាក់សាំង Sinovac, វ៉ាក់សាំង Johnson & Johnson, វ៉ាក់សាំង Moderna  និងវ៉ាក់សាំង Sinopharm ជាដើម។
 
ចំណែកប្រធានក្រុមហ៊ុន AstraZeneca ប្រចាំនៅប្រទេសថៃវិញ ចាត់ទុក ការផ្តល់វ៉ាក់សាំងលើកដំបូងនេះ គឺជារឿងសំខាន់ណាស់ ព្រោះវាជាការចាប់ផ្តើមការផ្គត់ផ្គង់វ៉ាក់សាំងប្រកបដោយចីរភាពដល់ថៃ។ 
 
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដែលត្រូវបានផលិតដោយក្រុមហ៊ុន Siam Bioscience មានគុណភាពល្អត្រឹមត្រូវ ព្រោះវាត្រូវបានធ្វើតេស្តសាកល្បងដោយមន្ទីរពិសោធន៍នៅអាមេរិក អង់គ្លេស និងថៃ។ 
 
ក្រៅពីផ្គត់ផ្គង់នៅថៃ វ៉ាក់សាំង AstraZeneca មួយនេះ ក៏ផ្គត់ផ្គង់ឱ្យប្រទេសអាស៊ានមួយចំនួនផងដែរ។ ក្នុងថ្ងៃដដែលនេះ ម៉ាឡេស៊ី ក៏បានផ្តល់ការអនុញ្ញាតដោយភ្ជាប់ជាមួយលក្ខខណ្ឌលើវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន Siam Bioscience ផងដែរ ស្របពេលកូវីដ-១៩ កំពុងរីកសាយនៅក្នុងប្រទេស។ 
 
តាមទិន្នន័យរបស់ Reuter COVID-19 Tracker ថៃចាក់វ៉ាក់សាំង បានជាង ៣លានដូសឱ្យប្រជាជនខ្លួន។ ចំណែកអ្នកទទួលបានវ៉ាក់សាំងពេញលេញ មានប្រមាណជាង ២ភាគរយ នៃប្រជាជនសរុប៕
 

Tag:
 ថៃ
  វ៉ាក់សាំង
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com