អន្តរជាតិ
ជប៉ុន ឱ្យវ៉ាក់សាំងកូវីដ-១៩ ចំនួន១,២៤លានដូសទៅតៃវ៉ាន់ដោយមិនគិតថ្លៃ
04, Jun 2021 , 10:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ចាន់ ស៊ីណា
 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន១,២៤លានដូស ត្រូវបានដឹកទៅដល់តៃវ៉ាន់នៅថ្ងៃទី៤ ខែមិថុនា។ វ៉ាក់សាំងនេះ ជាការបរិច្ចាគរបស់ជប៉ុនសម្រាប់ដែនកោះមួយនេះក្នុងន័យបង្ហាញឱ្យឃើញពីចំណងមិត្តភាព និងការតបស្នងទៅកាន់តៃវ៉ាន់ដែលធ្លាប់បានផ្តល់ជំនួយដល់ជប៉ុននាពេលកន្លងមក។
 
តៃវ៉ាន់កំពុងប្រឈមមុខនឹងការឆ្លងរាលដាលក្នុងតំបន់យ៉ាងគំហុក។ ស្របគ្នានេះ ប្រជាជនតៃវ៉ាន់ប្រហែល៣ភាគរយនៃចំនួនប្រជាជនសរុបប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ តៃវ៉ាន់ ត្រូវការវ៉ាក់សាំងរាប់លានដូសដើម្បីចាក់ឱ្យប្រជាជនរបស់ខ្លួន ដើម្បីទប់ស្កាត់ការរាលដាល។
 
ជាកាយវិការមិត្តភាព ជប៉ុន បានបញ្ជូនវ៉ាក់សាំងរបស់ AstraZeneca ចំនួន១,២៤លានដូសឱ្យតៃវ៉ាន់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP យន្តហោះដឹកវ៉ាក់សាំង បានទៅដល់អាកាសយានដ្ឋានអន្តរជាតិតៃប៉ិនាពេលរសៀលថ្ងៃទី៤ ខែមថិនា។ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់លោក Chen Shih-chung បានអរគុណជប៉ុនចំពោះការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អំឡុងពេលដ៏តានតឹងមួយនេះ។ លោកបានបន្ថែមថា វាពិតជាមានសារៈប្រយោជន៍សម្រាប់តៃវ៉ាន់ នៅពេលទទួលបានវ៉ាក់សាំងទាំងអស់នេះ។ 
 
លើសពីនោះ តៃវ៉ាន់ ក៏សង្ឃឹមទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមផែនការសេតវិមានដែលគ្រោងចែកវ៉ាក់សាំងទៅឱ្យពិភពលោកដោយផ្ទាល់ចំនួន២៥លានដូស។ 
 
រហូតមកដល់ពេលនេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំងសរុបប្រមាណ២,១លានដូស ដែលភាគច្រើនជាវ៉ាក់សាំងរបស់ AstraZeneca និងមានមួយចំនួនតូចជាវ៉ាក់សាំងរបស់ Moderna។ តៃវ៉ាន់ក៏បានបញ្ជាទិញវ៉ាក់សាំងច្រើនជាង២០លានដូសទៀតពីក្រុមហ៊ុន AstraZeneca និង Moderna ផងដែរ។ ដែនកោះនេះ ក៏កំពុងបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនផងដែរ។
 
តៃវ៉ាន់ មានករណីឆ្លងសរុបចំនួនជាងមួយម៉ឺននាក់ និងមានអ្នកស្លាប់ ១៨៨៕
 

Tag:
 ជប៉ុន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com