កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយជួយ Inter លើកពានលីគកំពូលអ៊ីតាលី Lukaku ថារូបគេគ្មានបំណងចាកចេញឡើយ
04, Jun 2021 , 10:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku បានជួយឲ្យក្រុម Inter Milan ឈ្នះពានរង្វាន់ Serie A រដូវកាល ២០២០-២០២១ ក្រោយខកខានរយៈពេល១១ ឆ្នាំ។ Lukaku និយាយថា រូបគេនឹងនៅជាមួយ Inter Milan ដោយគ្មានបំណងចាកចេញទៅក្លិបផ្សេងឡើយ។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United ព្រមទាំងក្រុមតោខៀវ Chelsea រូបនេះបានចូលរួមជាមួយក្លិប Inter Milan ក្នុងតម្លៃខ្លួន ៧៩លានអឺរ៉ូកាលពីឆ្នាំ ២០១៩ និងបានជួយក្លិប Inter Milan មួយនេះលើកពានក្នុងលីគក្រោយរងចាំរយៈពេលជាច្រើនឆ្នាំ។ ខ្សែប្រយុទ្ធដែលមានវ័យ២៨ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ៦៤គ្រាប់ក្នុងចំណោម ៩៥ប្រកួតដែលបានបង្ហាញខ្លួន ហើយរូបគេបានក្លាយជាកីឡាករដ៏សំខាន់បំផុតសម្រាប់ជ័យជម្នះរបស់ក្លិប Inter Milan នារដូវកាលចុងក្រោយនេះ។
 
«ខ្ញុំនឹងនៅជាមួយ Inter Milan ។ Lukaku បាននិយាយប្រាប់ទូរទស្សន៍ Belgium TV មុនបន្តថា មានអារម្មណ៍ល្អខ្លាំងណាស់ជាមួយក្លិប Inter Milan។» 
ជុំវិញការចូលមកដឹកនាំរបស់គ្រូបង្វឹកថ្មីគឺលោក Simeon Inzaghi ខ្សែប្រយុទ្ធរបស់បែលហ្ស៊ិករូបនេះ ក៏បានលើកឡើងដែរថា រូបគេបានទាក់ទងអ្នកដឹកនាំថ្មីរួចហើយ និងបាននិយាយជាមួយគ្នាល្អណាស់សម្រាប់គោលបំណងរបស់ក្លិបនាពេលអនាគត។ 
 
ពេលបច្ចុប្បន្ន Lukaku កំពុងស្ថិតនៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបែលហ្សិកសម្រាប់ត្រៀមប្រកួតពានរង្វាន់ Euro ២០២០។ បែលហ្សិកស្ថិតនៅក្នុងពូល B ជាមួយរុស្ស៊ី ដាណឺម៉ាក និង ហ្វាំងឡង់។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com